លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដោយសារព្យុះព្រិល និងអាកាសធាតុត្រជាក់ដ៏អាក្រក់ក្នុងរដ្ឋតិចសាស់ នៅថ្ងៃសុក្រសប្តាហ៍នេះ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ហូស្តុន រដ្ឋតិចសាស់ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយក្រុមមន្រ្តីមូលដ្ឋាន នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះ បន្ទាប់ពីអាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងានេះ បានធ្វើអោយដាច់ចរន្តអគ្គិសនី និងខ្វះខាតទឹកស្អាតប្រើប្រាស់នៅក្នុងរដ្ឋ ។
អ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សារគី បានថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា លោកប្រធានាធិបតីនឹងជួបជាមួយក្រុមមេដឹកនាំក្នុងតំបន់ ដើម្បីពិភាក្សាបញ្ហាព្យុះព្រិលដ៏អាក្រក់ និង កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះ សំដៅឆ្ពោះទៅរកការងើបឡើងវិញ និងភាពធន់ទ្រាំដែលបង្ហាញឡើងដោយប្រជាជនក្នុងក្រុងហូស្តុន និងរដ្ឋតិចសាស់ ។
លោកស្រីបន្ថែមថា អំឡុងបំពេញទស្សនកិច្ចក្នុងរដ្ឋ តិចសាស់ លោកប្រធានា ធិបតីក៏នឹងធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលសុខាភិបាលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ជាទីដែលវ៉ាក់សាំងចាប់ផ្តើមចែកចាយដល់ប្រជាជនផងដែរ ។ បើតាមរបាយការណ៍របស់សារព័ត៌មាន CNN នោះ ព្យុះព្រិលជាច្រើនបានវាយប្រហារលើរដ្ឋ តិចសាស់ ដោយយ៉ាងហោចណាស់មានមនុស្ស២៩នាក់បានស្លាប់ ៕ ប្រភព៖ ស៊ីនហួរ


