អ៊ីរ៉ង់ចាប់ផ្តើមរឹតត្បិតការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ ដើម្បីជាការដាក់សម្ពាធអោយសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសខ្លួន
អ៊ីរ៉ង់៖ អ៊ីរ៉ង់បានចាប់ផ្តើមអនុវត្តការរឹតបន្តឹងថ្មីលើការធ្វើអធិការកិច្ច ដោយទីភ្នាក់ ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារម្សិលមិញ ដែលនេះជាការដាក់សម្ពាធអោយបណ្តាប្រទេសអឺរ៉ុប និងរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ក៏ដូចជាស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ ។
ស្របពេលជាមួយគ្នានេះដែរ ប្រទេសមហាអំណាចពិភពលោកបានធ្វើការរិះគន់ធ្ងន់ៗ ពាក់ព័ន្ធនឹងការរឹតបន្តឹងខាងលើនេះ ដោយបានហៅសកម្មភាពនេះថា ជាទង្វើដ៏គ្រោះថ្នាក់ ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA ថា ការអនុវត្តច្បាប់បានចាប់ផ្តើមនៅព្រឹកនេះ ។ កំណត់ត្រាទិន្នន័យស្តីពីឧបករណ៍ត្រួតពិនិត្យដែលទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) បានដំឡើងនៅទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដើម្បីបញ្ជាក់ពីការអនុលោមរបស់ខ្លួន ឥឡូវនេះនឹងត្រូវបានហាមឃាត់ដោយទីក្រុងតេហេរ៉ង់ រហូតដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន លុបចោលទណ្ឌកម្មដែលដាក់ចេញដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ។
យ៉ាងណាមិញ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញពីការត្រៀមខ្លួនដើម្បីចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ ប៉ុន្តែអំពាវនាវអោយទីក្រុងតេហេរ៉ង់វិលត្រឡប់ទៅរកការប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងរបស់ខ្លួនជាមុនសិន ៕ ប្រភព៖ AP


