តូបបបរពេលយប់ផ្សារទួលទំពូងនៅតែអាចដំណើរការបានទោះបីជាមានបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ

ភ្នំពេញ ៖ តាំងពីកើតមានជំងឺផ្លូវដង្ហើមកូវីដ-១៩នេះមក អាជីវកម្មតូចៗមួយចំនួនត្រូវបានរលំជាបន្តបន្ទាប់។ យ៉ាងណាមិញ ទីតាំងលក់បបរពេលយប់នៅទួលទំពូងដែលល្បីឈ្មោះតគ្នាថាឆ្ងាញ់ជាច្រើនឆ្នាំមកហើយនោះ នៅតែអាចឈរជើងបានទោះបីការលក់មានការធ្លាក់ចុះក៏ដោយ។

អ្នកស្រី នង សុម៉ាលី ជាម្ចាស់តូបបបរឈ្មោះថា អានី បានរៀបរាប់យ៉ាងដូច្នេះថា ៖ « បងលក់បបរនេះចូល៧ឆ្នាំហើយ បងចាប់ផ្ដើមលក់ដោយសារ បងឃើញម៉ាក់បងលក់បបរតាំងពីបងនៅក្មេងៗ។ តូបបងមានលក់បបរ គុយទាវ ស៊ុប ខរគោ លត បាញ់កាញ់ ជាដើម។ កាលពីមុនបងលក់បានពី ១លាន ទៅ ១លាន ៥សែនក្នុងមួយយប់តែដោយឱ្យតែផ្អើលកូវីដ លក់បានតែ ៥០ទៅ ៦០ម៉ឺនទេ”។

រូបភាព ៖ អ្នកស្រី នង សុម៉ាលី ផ្តល់បទសម្ភាសន៍ជាមួយភ្នាក់ងារ AMS

សម្រាប់តម្លៃបបរមួយចានគាត់លក់បាន៧០០០រៀស តែបើទូទាត់ថ្លៃគ្រឿងអស់ទៅ ១ចានចំណេញប្រមាណ២០០០រៀល។ កាលពីគាត់ចាប់ផ្ដើមដំបូង គាត់ត្រូវចំណាយប្រមាណ ១៥០០០ដុល្លាក្នុងការទិញតូប កន្លែងលក់ ហើយគេមានសម្ភារឱ្យស្រាប់ក្នុងតម្លៃខាងលើ។

អ្នកស្រីក៏បានបង្ហើបទៀតថា ម៉ូយរបស់គាត់ភាគច្រើនសុទ្ធតែជាម៉ូយរាប់ឆ្នាំមកហើយ។ ថ្មីៗនេះទើបតែលក់បានឡើងបន្តិច ស្រាប់តែមានការផ្ទុះកូវីដក្នុងសហគមន៍ម្ដងទៀតធ្វើឱ្យការលក់របស់គាត់ធ្លាក់ចុះវញ ដោយពីមុនគាត់ប្រើអង្ករអស់ពី៦ ទៅ៨គីឡូក្រាម បូករួមទាំងសាច់ចំណាយអស់ប្រមាណ៦០ម៉ឺនរៀល។ តែបច្ចុប្បន្នគាត់បានបន្ថយអង្ករ និងសាច់នៅពាក់កណ្ដាលហើយលក់នៅតែលស់ទៀត។
ការរៀបចំលក់របស់អ្នកស្រីចាប់ផ្ដើមតាំងពីម៉ោង១រសៀល។

គាត់ចាប់ផ្ដើមធ្វើទឹកស៊ុប និងស្ងោររម្ងាស់សាច់យកជាតិ។ លុះដល់ម៉ោង៤កន្លះល្ងាចទើបគាត់រៀបចំលក់នៅមុខផ្សារ ហើយលក់រហូតដល់ម៉ោង១ ទៅ២ទាបភ្លឺទើបរៀបចំវិលត្រឡប់ទៅផ្ទះវិញ។
ដោយសារការធ្លាក់ចុះនៃការលក់ គាត់ត្រូវជួបការលំបាកដោយត្រូវបង់ធនាគារ កូនត្រូវរៀន ហើយត្រូវឱ្យប្រាក់ខែកូនឈ្នួលពីរនាក់ទៀតស្មើនឹង៣០០ដុល្លា។ យ៉ាងណាក៏ដោយ បើជាលក់មិនសូវដាច់ មិនសូវមានមនុស្សច្រើនដូចពេលមុន ហើយគ្រឿងផ្សំឡើងថ្លៃក៏ដោយ ក៏អ្នកស្រីនៅតែរក្សារសជាតិដើមដដែល។

អ្នកស្រីនិយាយ ៖ «ខ្ញុំត្រូវទិញគ្រឿងផ្សំពីគេ ទាំងគ្រឿងបបរ គ្រឿងស៊ុប គ្រឿងខគោ។ គ្រឿងវាឡើងថ្លៃ តែបើយើងបន្ថយគ្រឿង ភ្ញៀវប្លែកមាត់ភ្លាម ម៉ូយៗរអ៊ូ ហូបលែងឆ្ងាញ់ ខ្ញុំក៏ដាក់គ្រឿងគ្រប់ៗធម្មតាទៅ សុខចិត្តឱ្យសល់។ ចំពោះសាច់វិញ គឺទិញថ្មីៗ ស្ងោររៀងរាល់ថ្ងៃ មិនអាចស្ងោរទុកបានឡើយ ព្រោះថា របស់ក្លាសេមិនល្អដូចរបស់ស្រស់ៗនោះទេ»។

សូមជម្រាបផងដែរថា ក្នុងរដូវកាលកូវីដ-១៩នេះ អ្នកស្រីតែងឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ ហើយមានអាល់កុលសម្រាប់លាងដៃជាប់ជានិច្ចដើម្បីរក្សាអនាម័យនៅពេលលក់ដូរ ពិសេសត្រូវជួបភ្ញៀវប្លែកៗច្រើនរាល់ថ្ងៃ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner