ហែម រ៉ាវី ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ប្តេជ្ញាហ្វឹកហាត់ពង្រឹងចំនុចខ្វះខាតប្រជែងមេដាយជូនកម្ពុជាពីការប្រកួតបាញ់កាំភ្លើងកម្រិតអន្តរជាតិ
កីឡាការិនីបាញ់កាំភ្លើង ហែម រ៉ាវី ក្លិបនាយកដ្ឋានអង្គរក្ស នៃក្រសួងមហាផ្ទៃ បានគ្រងតំណែងជើងឯក ការប្រកួតបាញ់កាំភ្លើងថ្នាក់ជាតិ ឆ្នាំ២០២០ លើវិញ្ញាសាកាំភ្លើង២២ឡុង បាញ់ចម្ងាយ៥០ម៉ែត្រ ។ ក្រោយជាប់ជាជើងឯកត្រូវទទួលឱកាសជាប់ជាកីឡាការិនីបាញ់កាំភ្លើងជម្រើសជាតិហ្វឹកហាត់ ត្រៀមការប្រកួតផ្សេងៗនៅលើឆាកអន្តរជាតិ ឆ្នាំ២០២១នេះ កីឡាការិនី ហែម រ៉ាវី អះអាងថា និងខិតខំហ្វឹកហាត់ពង្រឹងបន្ថែមនូវចំណុចខ្វះខាតត្រៀមដណ្តើមយកមេដាយជូនកម្ពុជា ឲ្យបានពីការប្រកួតកម្រិតអន្តរជាតិ ។
កីឡាការិនី ដែលមានជំនាញ់បាញ់កាំភ្លើងវែង២២ឡុងរូបនេះ លើកឡើងថា ចំណុចខ្វះខាតមួយចំនួនដែលខ្លួនត្រូវតែពង្រឹងជាចាំបាច់នោះ មានដូចជា កាតាំងអារម្មណ៍ និងការមើលថែសុខភាពឲ្យបានល្អ ពិសេស គឺការយកចិត្តទុកដាក់ត្រងត្រាប់បច្ចេកទេសពីគ្រូអន្តរជាតិ ។
សូមបញ្ជាក់ថា កីឡាការិនី ហែម រ៉ាវី ក្លិបនាយកដ្ឋានអង្គរក្ស បានជាប់ជាជើងឯកឆ្នាំ២០២០លើកាំភ្លើងវែង២២ឡុង បាញ់ចម្ងាយ៥០ម៉ែត្រ ដែលក្នុងវិញ្ញាសាមួយនេះមានកីឡាករ កីឡាការិនីចូលរួមប្រជែងចំនួន១០នាក់។
គួររំលឹកថា កីឡាការិនី ហែម រ៉ាវី ក្លិបនាយកដ្ឋានអង្គរក្ស បានចូលរួមប្រកួតជើងឯកថ្នាក់ជាតិដែលរៀបចំដោយសហព័ន្ធកីឡាកាំភ្លើងកម្ពុជាបានចំនួន២លើក ដោយលើកទី១ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ នាងប្រជែងបានចំណាត់ថ្នាក់លេខ២ និង ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលបញ្ចប់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងទ័ពពិសេស៩១១ នាងប្រជែងបានចំណាត់ថ្នាក់លេខ១ មេដាយមាសជាប់ជាកីឡាការិនីហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ៕