រដ្ឋបាលលោក ចូ បៃដិន នឹងចែកចាយម៉ាសការពារប្រមាណជាង២៥លានដល់ប្រជាជនអាមេរិក
អាមេរិក៖ សេតវិមានបានបញ្ជាក់នៅថ្ងៃពុធនេះថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើការផ្តល់ជូនម៉ាសការពារជាង២៥លានម៉ាសទៅអោយមជ្ឈមណ្ឌលសុខាភិបាលសហគមន៍ ហាងលក់ម្ហូបអាហារ និងស៊ុប នៅនិទាឃរដូវខាងមុខ ដែលនេះជាផ្នែកមួយរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃវីរុស Covid-19 ។
អាជ្ញាធរសុខាភិបាលអាមេរិកបានណែនាំអោយពាក់ម៉ាសការពារ ដែលវាជាវិធានការដ៏សំខាន់មួយ ក្នុងការជួយកាត់បន្ថយអត្រាឆ្លងរាលដាលនៃជំងឺ Covid-19 ដោយសេតវិមានបានបញ្ជាក់ថា ជនជាតិអាមេរិកដែលមានប្រាក់ចំណូលទាបនៅតែមិនមានម៉ាសការពារ ។
បើតាមផែនការនោះ រដ្ឋាភិបាលអាមេរិកនឹងផ្តល់ជូនម៉ាសការពារទៅដល់មជ្ឈមណ្ឌលសុខាភិបាលសហគមន៍ប្រមាណជាង១ពាន់៣រយកន្លែង ហាងលក់ម្ហូបអាហារ និង ស៊ុបចំនួន៦ម៉ឺនកន្លែងនៅចន្លោះខែមិនា ដល់ខែឧសភាខាងមុខ នេះបើតាមការបញ្ជាក់របស់សេតវិមាន ខណៈផែនការចែកចាយម៉ាសការពារខាងលើ ត្រូវបានគេរំពឹងថា នឹងទៅដល់ដៃប្រជាជនអាមេរិកចន្លោះពី១២លានទៅ១៥លាននាក់ ៕ ប្រភព៖ Reuters