មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិកបញ្ជាក់ថា វ៉ាក់សាំងជាង៦៦.៥លានដូសត្រូវបានចាក់ជូនដល់ប្រជាជនរួចរាល់ហើយ
អាមេរិក៖ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ប្រមាណ ៦៦លាន៤៦ម៉ឺន៤ពាន់៩៤៧ដូសជូនដល់ប្រជាជនរបស់ខ្លួន គិតត្រឹមព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) នៅក្នុងចំណោមវ៉ាក់សាំងដែលបានចែកចាយសរុប៨៨លាន៦៦ម៉ឺន៩ពាន់៣៥ដូស ។
វ៉ាក់សាំងទាំងអស់ខាងលើនេះ គឺជាសុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន ម៉ូឌែណា និង ភីហ្វីហ្សឺ-បាយអូអិនធិច ហើយបើតាមអាជ្ញាធរសុខាភិបាលអាមេរិកនោះ ប្រជាជនជាង៤៥លាននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺ COVID-19 សម្រាប់ដូសដំបូង ក្នុងចំណោមនោះ អ្នកខ្លះក៏ទទួលបាន០២ដូសរួចហើយដែរ ខណៈប្រជាជនជាង២០លាន៦០ម៉ឺន៧ពាន់២៦១នាក់ទៀត ក៏បានទទួលការចាក់ ០២ដូចរួចរាល់ហើយដែរ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ។
ទន្ទឹមគ្នា អាជ្ញាធរសុខាភិបាលអាមេរិកក៏បានបញ្ជាក់ដែរថា វ៉ាក់សាំងការពារជំងឺ COVID-19 ប្រមាណ៦លាន៧២ម៉ឺន៤ពាន់៣១០លានដូសទៀត ក៏ត្រូវបានបញ្ជូនទៅកាន់មណ្ឌលថែទាំសុខភាពរយៈពេលវែងផងដែរ ៕ ប្រភព៖ Reuters