ប្រធានាធិបតីចិនប្រកាសពីជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងយុទ្ធនាការលុបបំបាត់ភាពក្រីក្រ
ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ចិន បានទទួលភាពជោគជ័យជាប្រវត្តិសាស្រ្ត ចំពោះកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ភាពក្រីក្រ ខណៈការប្រកាសនេះ ធ្វើឡើងអំឡុងពេលថ្លែងទៅកាន់កិច្ចប្រជុំដ៏ធំមួយក្នុងទីក្រុងប៉េកាំង ដើម្បីកត់សម្គាល់អំពីសមិទ្ធផលរបស់ប្រទេសជាតិ ក្នុងការកាត់បន្ថយភាពក្រីក្រ ។
ប្រទេសចិន ដែលមានលោក ស៊ី ជិនពីង ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានគណៈកម្មាធិការមជ្ឈិមយោធាផងដែរនោះ ក្នុងរយៈពេល០៨ឆ្នាំកន្លងទៅនេះ ប្រជាជនក្រីក្រប្រមាណ៩៨.៩៩លាននាក់ចុងក្រោយ ដែលរស់នៅតាមជនបទ ត្រូវបានគេដកចេញពីបញ្ជីភាពក្រីក្រហើយ គិតត្រឹមដើមឆ្នាំ២០២១នេះ ខណៈស្រុកក្រីក្រចំនួន៨៣២ និងភូមិក្រីក្រចំនួន ១២ម៉ឺន៨ពាន់ក៏ត្រូវបានដកចេញពីបញ្ជីនៃភាពក្រីក្រដែរ ។
ទន្ទឹមគ្នា ប្រទេសចិនក៏បានចូលរួមចំណែកជាង៧០ភាគរយ នៃការកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោកក្នុងរយៈពេលដូចគ្នានេះដែរ ហើយជាមួយនឹងសមិទ្ធផលទាំងនេះ ចិនបានបង្កើតអព្ភូតហេតុមួយដែលនឹងត្រូវចារទុកក្នុងប្រវត្តិសាស្ត្រ ៕ ប្រភព៖ Reuters