ក្រុមហ៊ុន Facebook បិទគណនីយទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា និងការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនដែលយោធាគ្រប់គ្រង
មីយ៉ាន់ម៉ា៖ ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook នៅថ្ងៃព្រហស្បតិ៍នេះប្រកាសថា ខ្លួនបាននិងកំពុងហាមឃាត់រាល់គណនីយទាំងអស់ ដែលភ្ជាប់ទៅនឹងរបបយោធាមីយ៉ាន់ម៉ា ព្រមទាំងការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធា បន្ទាប់ពីមានការដណ្តើមអំណាចរបស់កងទ័ពកាលពីថ្ងៃទី០១ ខែកុម្ភៈ ។
ក្រុមហ៊ុន Facebook បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងមួយថា ខ្លួនកំពុងចាត់ទុកស្ថានភាព ក្រោយរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាថា ជា “ភាពអាសន្ន” ដោយពន្យល់ថា ការហាមឃាត់នេះ ត្រូវបានដាក់បញ្ចូលដោយសារព្រឹត្តិការណ៍វិវត្តន៍ចុងក្រោយនេះ ចាប់តាំងពីការធ្វើរដ្ឋប្រហារ រួមទាំងការប្រព្រឹត្តអំពើហិង្សាដ៏ប្រល័យ ។
បើតាមក្រុមហ៊ុន Facebook ខ្លួនក៏បានហាមឃាត់រាល់គណនីយដែលពាក់ព័ន្ធនឹង យោធាមីយ៉ាន់ម៉ាជាច្រើនរួចទៅហើយដែរ ចាប់តាំងពីផ្ទុះរដ្ឋប្រហារ ក្នុងនោះរួមទាំងការចូលគ្រប់គ្រងទូរទស្សន៍ Myawaddy TV និង ស្ថានីយ៍ទូរទស្សន៍រដ្ឋ MRTV ។ មិនតែប៉ុណ្ណោះ ហាមឃាត់ខាងលើនេះក៏បានចាប់ផ្តើមធ្វើឡើងនៅក្នុងបណ្តាញសង្គម Instagram ដែលជាក្រុមហ៊ុនកម្មសិទ្ធិរបស់ Facebook ផងដែរ ៕ ប្រភព៖ AP