ក្រុមហ៊ុន Huawei ឧបត្ថម្ភម៉ាស១ម៉ឺន៥ពាន់ដល់ក្រសួងអប់រំកម្ពុជា
ម៉ាសចំនួន ១ម៉ឺន៥ ដែលជាអំណោយរបស់ក្រុមហ៊ុន Huawei ត្រូវបានប្រគល់ជូនដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ប្រើប្រាស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងចំណោមសិស្សានុសិស្ស និងបុគ្គលិកអប់រំ ស្របពេលដែលកម្ពុជា កំពុងប្រឈមមុខនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នជាចាំបាច់។ ពិធីនោះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានប្រគល់ជូនតាមរយៈលោក ឆាលស៍ ឆឺ អនុប្រធានក្រុមហ៊ុន Huawei ដែលមានលោក ឃៀង ឃន ប្រធានផ្នែកលក់ជាតំណាង។ ក្នុងឱកាសនោះ ក្រសួងអប់រំ បានថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុន និងកោតសសើរចំពោះទង្វើដ៏គំរូនោះ។ ក្រសួងអប់រំ បានចាត់ទុក ការប្រគល់ជូនម៉ាសនោះ គឺបានបង្ហាញពីទឹកចិត្តដ៏ប្រពៃរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជម្នះស្ថានភាពដ៏លំបាកនេះ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។