ក្រសួងអប់រំ ស៊ុយអែត និងយូនីសេហ្វ រួមគ្នារកដំណោះស្រាយអប់រំដល់សិស្ស ដែលសាសារៀនកំពុងក្លាយមណ្ឌលចត្តាឡីស័ក

អត្ថបទដោយ៖
AMS

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វកំពុងធ្វើការរួមគ្នាដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងតម្រូវការសិក្សារបស់សិស្សានុសិស្សនៅខេត្តជាប់ព្រំដែនដែលសាលារៀនរបស់ពួកគេ កំពុងប្រើប្រាស់ជាមជ្ឈមណ្ឌលការពារជំងឺឆ្លងកូវីដ-19 ឬទីតាំងចត្តាឡីស័ក។ សកម្មភាពធ្វើការរួមគ្នានេះ ក្នុងគោលបំណងជួយឱ្យសិស្សទទួលបានឱកាសសិក្សា មិនបោះបង់ការសិក្សា ទោះបីសាលារៀនកំពុងជាប់រវល់ក្នុងបេសកម្មទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-19។

ចាប់តាំងពីបវេនកាលឆ្នាំសិក្សាថ្មីថ្ងៃទី11 ខែមករា រហូតមកដល់ពេលនេះ មានសាលាបឋមសិក្សាចំនួន13 អនុវិទ្យាល័យចំនួន 18 និងវិទ្យាល័យចំនួន19 នៅភាគពាយ័ព្យនៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ពុំអាចបើកដំណើរបង្រៀនតាមធម្មតាឡើយ។ នេះជាបញ្ហាប្រឈមដែលសិស្សទាំងអស់ត្រូវការជំនួយសិក្សា។

ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ យូនីសេហ្វដោយមានការគាំទ្រថវិកាពីប្រទេសស៊ុយអែត បានផ្តល់សៀវភៅសិក្សាថ្មីសម្រាប់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យចំនួន 50 គ្របដណ្តប់លើថ្នាក់ទី1 ដល់ទី 12 នៅក្នុងមុខវិជ្ជាសំខាន់ៗ។ សរុបសៀវភៅសិក្សាចំនួន 35,055 ក្បាល ត្រូវបាន ចែកចាយទៅតំបន់ភាគពាយព្យខេត្តដែលជួយនិស្សិតចំនួន 32,486 នាក់ដើម្បីបន្តការសិក្សារបស់ពួកគេ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា “យើងស្វាគមន៍ការគាំទ្របន្ថែមពីយូនីសេហ្វ និងស៊ុយអែតសម្រាប់សាលារៀននិងសិស្សនៅតាមខេត្តជាប់ព្រំដែន។ ទោះបីយើងកំពុងជួបប្រទះការលំបាកពីការឆ្លងរីករាលដាលជំងឺកូវីដ-19 ក៏ដោយ ក៏យើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់បីលទ្ធភាព ដើម្បីសិស្សានុសិស្សអាចបន្តការសិក្សាបាន និងធានាថាពួកគេមានសុវត្ថិភាពពីជំងឺនេះ”។

ស្របគ្នានេះដែរ ឯកឧត្តម Björn Häggmark ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា បានលើកឡើងថា ជំងឺកូវីដ-19 នៅតែបន្តរំខានដល់ការសិក្សារបស់កុមាររាប់ពាន់នាក់នៅកម្ពុជា។ ប្រទេសស៊ុយអែត រីករាយជួយកុមារដែលរស់នៅក្នុងខេត្តរងផលប៉ះពាល់ផ្ទាល់ពីជំងឺរាតត្បាតកូវីដ-19 និងធានាថាពួកគេមានធនធានសិក្សាគ្រប់គ្រាន់ ដើម្បីបន្តការសិក្សា។

ចំណែកតំណាងអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា លោកស្រី Foroogh Foyouzat បាននិយាយថា ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-19 ចាំបាច់ត្រូវឆ្លើយតបដល់តម្រូវការកុមារឱ្យសមនឹងកាលៈទេសៈ។ “កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ ហើយភារកិច្ចរបស់អ្នកពាក់ព័ន្ធពេលនេះ ត្រូវរួមគ្នាដើម្បីបំពេញសិទ្ធិកុមារ។

លោកស្រីក៏បានបន្ថែមទៀតថា “ខ្ញុំសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យពិនិត្យនូវជម្រើសដទៃទៀតក្នុងការគាំទ្រដល់ការវិលត្រលប់ប្រកបដោយសុវត្ថិភាពរបស់កម្មករចំណាកស្រុក ដោយចាត់ទុកការប្រើប្រាស់សាលារៀនជាមជ្ឍមណ្ឌលចត្តាឡីស័ក គួរតែជាជម្រើសចុងក្រោយ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ចេញពីការបិទសាលារៀនទាំងនោះ”។

​គួររំលឹកថា កន្លងទៅរាជ​រដ្ឋាភិបាលកម្ពុជា បានកំណត់​យក​សាលា​រៀននៅ​ក្បែរ​ព្រំដែនធ្វើ​ជា​មណ្ឌល​ចត្តាឡីស័ក​ជា​បន្ត​បន្ទាប់ បើ​ទោះបីចំពេលវេលា​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ក៏​ដោយ។ សាលា​រៀនជាច្រើនបាន​ក្លាយ​ជា​មណ្ឌល​ចត្តាឡីស័ក មាននៅក្នុង​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ឧត្ដរ​មានជ័យ ដែល​មាន​ពលករ​​ត្រលប់​ពី​ប្រទេស​ថៃរាប់​រយ​នាក់ក្នុង​មួយ​ថ្ងៃៗ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner