តើនរណាស្គាល់ស្មារតី «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ច្បាស់ ជាង ថ្នាក់ដឹកនាំកម្ពុជា និងប្រជាជនកម្ពុជា!?
តើនរណានៅពីក្រោយរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០? តើនរណានៅពីក្រោយ ការបង្កើតសង្គ្រាមនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧០មក រួមទាំងការបង្កើតឲ្យមានសង្គ្រាមអាកាស និងការទម្លាក់គ្រាប់បែករាប់ម៉ឺនតោន ស្ទើរពេញផ្ទៃប្រទេសកម្ពុជា រហូតដល់ឆ្នាំ១៩៧៣? នរណាជាឈ្នួនដុតកំហឹង ដែលបង្កើនកម្លាំងចលនាតស៊ូខ្មែរក្រហម ហើយក្រោយមក នាំ ឲ្យកើតមានអំពើប្រល័យពូជសាសន៍នៅកម្ពុជាពីឆ្នាំ១៩៧៥-១៩៧៩? តើនរណាបន្តគាំទ្រចលនាតស៊ូឲ្យប្រឆាំងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា នៅក្រោយ ឆ្នាំ១៩៧៩?
បើគ្មានបរទេសអុជអាលនៅពីក្រោយ ក៏ទំនាស់និងសង្គ្រាម នឹងមិនអាចបន្តកើតមាន នៅ កម្ពុជាប្រមាណ២ទសវត្សរ៍នោះទេ។ វាអាក្រក់ណាស់ ដែលមរតកនៃសង្គ្រាម ត្រជាក់ និងទំនាស់មនោគមន៍វិជ្ជា ធ្វើឲ្យខ្មែរឈ្លោះគ្នា ហើយបន្តបង្កើតឲ្យមាន នូវស្ថានភាព ជម្លោះ៤ភាគីនៅក្រោយមរតកនៃអំពើប្រល័យពូជសាសន៍ដែលទើបរលត់ថ្មីៗ។ ប៉ុន្តែជាភ័ព្វសំណាង ដែលកើតចេញពីតួអង្គថ្នាក់ដឹកនាំសំខាន់២រូប គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេច ព្រះនរោត្តម សីហនុ នៅទីបំផុត «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» បានកើតឡើងនៅថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ដោយភាគីជម្លោះ បានស្រុះស្រួលចុះហត្ថលេខា នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃ និងខ្លោចផ្សារនេះ។
បរទេសទាំងឡាយ ក៏គប្បីយល់ឲ្យច្បាស់ថា លើសពីនេះ ស្មារតីនៃកិច្ច ព្រមព្រៀង ទីក្រុងប៉ារីសគឺ «ការពារប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពេញសិទ្ធិមួយតាមរយៈ ការធានា នូវអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពដែនដី និងភាពពុំអាចរំលោភបំពានបានឡើយ នូវទឹកដីអព្យាក្រឹតភាពនិងឯកភាពជាតិនៃប្រទេសកម្ពុជា»។ សូមអ្នកគូសបន្ទាត់ក្រហមនៅក្រោមប្រយោគនេះ ជាការចំណាំទុក និងជាការរំលឹក ចំពោះ អ្នកដែរ។
ប្រជាជនកម្ពុជា មានការឈឺចាប់លើសពីគ្រប់គ្រាន់ ហើយពេលខ្លះយើងត្រូវខាំមាត់សង្កត់ចិត្ត អត់ធ្មត់ មិននិយាយស្តី ឬត្រូវបង្ខំចិត្តកាយកប់បិទផ្នែកខ្លះនៃទំព័រប្រវត្តិសាស្ត្រ សោកសៅ ខ្មៅងងិតនេះ ដើម្បីបើកផ្លូវឲ្យប្រទេសដ៏កម្សត់យើងខ្ញុំ អាចធ្វើដំណើរទៅមុខ មាន ឱកាស ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិដែលខ្ទេចខ្ទាំដោយសារសង្គ្រាម ការទម្លាក់ គ្រាប់ បែក ដើម្បីកម្ពុជាមានឱកាសសមាហរណកម្មខ្លួនចូលក្នុងតំបន់និងអន្តរជាតិ។
យើងពិតជាចម្លែកដែរ ដែលមានស្ថានទូតបរទេសមួយប្រកាសឲ្យអ្វីដែលហៅថា «អង្គការ សង្គមស៊ីវិល» ដាក់សំណើរទៅខ្លួន ដើម្បីសរសេរពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ បើជំនួយ បែបនេះជួយពន្លឿនដល់ការដោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលកំពុងកប់នៅក្នុងដី ដើម្បី ឲ្យខ្មែរមានលទ្ធភាពប្រើប្រាស់ដី ជំរុញដល់ការបង្កបង្កើនផល និងកសាងសេដ្ឋកិច្ចសង្គម គួរ តែជាជម្រើសដ៏គួរឲ្យសាទរ ស្របពេលដែលប្រទេសកម្ពុជាកំពុងទទួលផលផ្លែផ្កាពីសន្តិភាព និងកំពុងខិតខំពង្រីកមិត្តខាងក្រៅ ក្រោមស្មារតីឯករាជ្យ។
ក្នុងនាមជាប្រជាជនកម្ពុជា ដែលយល់ច្បាស់ពីប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយ យើង ខ្ញុំសូមផ្ញើសារទៅអ្នកវិញថា សូមអ្នកសរសេរប្រវត្តិសាស្ត្រប្រទេសអ្នកចុះ។
ប្រវត្តិសាស្ត្រខ្មែរ គឺខ្មែរមានការយល់ដឹង ហើយខ្មែរជាម្ចាស់។ ខ្មែរមួយ ចំនួន រួមទាំង អ្វីដែលហៅថា «ជនសង្គមស៊ីវិល»ផង សូមកុំជ្រួលជ្រើមនឹងរង្វាន់៣ម៉ឺន«ដុល្លារ» បណ្តោយ ឲ្យនរណាជំរុញអ្នកកាឡៃប្រវត្តិសាស្ត្រជាតិខ្លួនឲ្យសោះ ហើយសូមចងចាំក្នុងស្មារតីថា៖ «ប្រជាជនកម្ពុជា គឺជាម្ចាស់នៃប្រវត្តិសាស្ត្រប្រទេសជាតិរបស់ខ្លួន ហើយប្រជាជនកម្ពុជា ក៏ជា ម្ចាស់នៃជោគវាសនាប្រទេសជាតិខ្លួន គ្រប់កាលៈទេសៈ»៕