កុមារាមួយចំនួននៅកម្ពុជាទទួលរងការរំលោភបំពានផ្លូវភេទ​ ប៉ុន្តែមិនហ៊ាននិយាយប្រាប់ការពិត

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ ការស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិ យូនីសេហ្វ កាលពីឆ្នាំ 2013 (Violence against Children Survey 2013) បានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាមានកុមារា 6% ដែលទទួលរងការរំលោភបំពានផ្លូវភេទ ប៉ុន្តែហ៊ាននិយាយប្រាប់ការពិត។ ភាព​ស្ងៀម​ស្ងាត់​នេះ នៅតែបន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ន ដែលជាក្តីបារម្ភមួយរបស់សង្គមនិងអ្នកធ្វើការងារលើកកម្ពស់សិទ្ធិកុមារ។

លោក យួន សារ៉ាត់ ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជា បានមានប្រសាសន៍ថា ៖ “មានកត្តាជាច្រើនធ្វើឱ្យកុមារាពិបាកក្នុងការនិយាយចេញរឿងរ៉ាវ ដោយគាត់មានការបារម្ភទាក់ទងជំនឿមួយចំនួន ដូចជាក្មេងប្រុសជាមនុស្សខ្លាំង ដើមទ្រូងប្រាំហត្ថ ជាមាសទឹកដប់ បើគាត់និយាយពីរឿងរំលោភបំពាន គេថាកាត់ផ្ទុយពីអ្វីដែលជាការរំពឹងពីសង្គមដែលគិតថាកុមារាខ្លាំង”។

ខាងលើនេះជាភាពភ័យខ្លាចរបស់កុមារា។ តាមបទពិសោធន៍កុមារាដែលទទួលរងការរំលោភបំពានផ្លូវភេទ ដែលអង្គការជំហានដំបូងបានគាំទ្រកន្លងមក ភាគច្រើនបុគ្គលិកសង្គមកិច្ចត្រូវចំណាយពេលជួបជាមួយពួកគាត់យ៉ាងហោចណាស់បួនជំនួប ទើបកុមារាហ៊ាននិយាយចេញពីបញ្ហាដែលបានកើតឡើង។

ប្រធានគម្រោងនៃអង្គការជំហ៊ានដំបូងកម្ពុជា បានប្រាប់មកកាន់ AMS ថា ៖ “ករណីកុមារាដែលខាងអង្គការជំហានដំបូងកម្ពុជា ទទួលគាំទ្រកន្លងមក គឺមានករណីកើតឡើងជាក្រុមដោយភាគច្រើននៅតាមបណ្តាខេត្ត ហើយករណីដែលបានកើតឡើងហើយវាអូសបន្លាយតៗគ្នាពីជំនាន់មួយទៅជំនាន់មួយទៀត ទំរាំក្មេងប្រុសរងគ្រោះហាននិយាយចេញអំពីការរំលោភបំពានទៅកាន់អ្នកដទៃដើម្បីគាំទ្រនិងអន្តរាគមន៍”។

លោក យួន​ សារ៉ាត់  ក៏បានបន្តទៀតថា ផលប៉ះពាល់មួយដល់កុមារក្រោយទទួលរងការរំលោភបំពានផ្លូវភេទ គឺកុមារផ្តាច់ខ្លួនពីគេឯង ដោយមានអារម្មណ៍អាម៉ាស់ មិនហ៊ាននិយាយចេញ បារម្ភខ្លាចគេមិនជឿ សុបិនអាក្រក់ ការសិក្សាធ្លាក់ចុះ ដោយសារពិបាកផ្តោតអារម្មណ៍លើការសិក្សា គេចសាលា ជនល្មើសគំរាមកំហែង តាមរូបភាពធ្វើបាប និងគំរាមសម្លាប់ជាដើម។

លោក យួន សារ៉ាត់ បាននិយាយទាំងទឹកមុខព្រួយបារម្មណ៍ថា ប្រសិនបើមិនមានការផ្សព្វផ្សាយទូលំទូលាយ នោះបញ្ហាលើកុមារានឹងគ្មាន​ដំណោះ​ស្រាយឡើង។​ លោកយល់ថា កន្លងទៅមានការផ្សព្វផ្សាយច្រើនតាមរយៈវគ្គបណ្តុះបណ្តាលជាមួយបុគ្គលិករដ្ឋាភិបាល​ទាំងនៅក្នុងទីក្រុង និងនៅតាមបណ្តាខេត្តនានា ទើបអាចបង្កើនចំណេះដឹងដល់សហគមន៍ស្តីពីកិច្ចការពារកុមារ។ ក្រៅពីនេះអង្គការជំហានដំបូងក៏បានបញ្ជ្រាបកិច្ចការងារនេះ តាមរយៈការជួបប្រជុំកសាងបណ្តាញអង្គការដៃគូរ និងតាមវិទ្យុផងដែរ។

អង្គការជំហានដំបូងកម្ពុជាកន្លងមក បានធ្វើសកម្មភាពបង្កើនចំណេះដឹងដល់បុគ្គលិករដ្ឋាភិបាល កុមារ គ្រួសារនៅក្នុងសហគមន៍ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនានា តាមរយៈវគ្គបណ្តុះបណ្តាលស្តីពីកិច្ចការពារ និងការបង្ការការរំលោភបំពានផ្លូវភេទលើកុមារ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner