ប្រទេសដាណឺម៉ាកសាងសង់កោះសិប្បនិម្មិតមួយ អាចផលិតអគ្គីសនីប្រើប្រាស់ទូទាំងប្រទេស
បច្ចេកវិទ្យា៖ ប្រទេសដាណឺម៉ាកនៅសប្តាហ៍នេះ បានប្រកាសអំពីផែនការដ៏អស្ចារ្យមួយក្នុងការសាងសង់កោះសិប្បនិម្មិត និងប្រើប្រាស់វាទៅជារោងចក្រផលិតថាមពលអគ្គីសនីដែលមានសមត្ថភាពចែកចាយជូនប្រជាពលរដ្ឋរបស់ខ្លួនទូទាំងប្រទេស។ តាមផែនការរដ្ឋាភិបាលនៃប្រទេសដាណឺម៉ាក គ្រោងនឹងបញ្ចប់ការសាងសង់ជាផ្លូវការឲ្យបាននៅក្នុងឆ្នាំ 2030 ហើយកោះនេះនឹងអាចផ្គត់ផ្គង់អគ្គិសនីច្រើនជាងទ្វេរដង។ រោងចក្រអគ្គីសនីនៅឆ្នេរសមុទ្រនៃប្រទេសនេះ អាចផលិតថាមពលអគ្គីសនីបានរហូតទៅដល់បីដងនៅពេលអនាគត។
ម៉ាស៊ីនតួប៊ីនចេញពីកង្ហារយក្សចំនួន 600 នឹងត្រូវបង្ហាញខ្លួននៅលើកោះមួយនេះ។ វាមានទំហំប្រហាក់ប្រហែលទៅនឹងតារាងបាល់ទាត់ដល់ទៅ 18 បញ្ចូលគ្នាហើយមានទីតាំងស្ថិតនៅក្នុងចម្ងាយប្រមាណតែ 60 គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រដាណឺម៉ាក ដែលជាទីតាំងមានខ្យល់បោកបក់ខ្លាំងសម្រាប់បង្វិលតួប៊ីនទាំងអស់នោះ។
លើសពីនេះ គេក៏នឹងរំពឹងទុកថា នៅក្រោយបញ្ចប់ការដ្ឋានសាងសង់កោះនេះនឹងអាចផ្តល់អគ្គីសនីរហូតទៅដល់ 1.5 ដងនៃថាមពលដែលប្រជាពលរដ្ឋដាណឺម៉ាកប្រើប្រាស់ប្រចាំឆ្នាំ។ វានឹងអាចគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់អគ្គីសនីដល់ប្រជាពលរដ្ឋនៅក្នុងតំបន់អ៊ឺរ៉ុបរហូតទៅដល់ 10 លានផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះកោះនេះក៏នឹងអាចក្លាយទៅទីតាំងសម្រាប់ស្តុកទុកថាមពលអគ្គីសនីដែលអាចប្រមូលបានផងដែរ។
ក្រៅប្រទេសដាណឺម៉ាកក្នុងនោះនៅក្នុងប្លុកអ៊ឺរ៉ុបទាំងមូលក៏បានបង្ហាញផែនការក្នុងការផលិតថាមពលអគ្គីសនីពីធនធានកើតឡើងវិញបែបនេះ ឱ្យបាន 12GW នៅក្នុងពេលបច្ចុប្បន្នរហូតទៅដល់ 300GW ឱ្យបានត្រឹមឆ្នាំ 2050 ផងដែរ។ គេជឿជាក់ថា កោះសិប្បនិម្មិតរបស់ដាណឺម៉ាកមួយនេះ នឹងក្លាយទៅជាផែនការជោគជ័យមួយ ដោយសង្ឃឹមថានៅត្រឹមឆ្នាំ 2040 ថាមពលអគ្គីសនីដែលប្រមូលបានពីខ្យល់អាចជួយផ្គត់ផ្គង់ក្នុងតំបន់អ៊ឺរ៉ុបរហូតទៅដល់150 លានផ្ទះជាមិនខាន៕