បង្កើនការប្រុងប្រយ័ត្ន! ទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍20កុម្ភៈ កើនឡើងដល់75 កន្លែង

គិតមកដល់ល្ងាចថ្ងៃទី25 ខែកុម្ភៈ ឆ្នាំ2021នេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទទីតាំងដែលពាក់ព័ន្ធកូវីដ-19 ក្នុងព្រឹត្តការណ៍សហគមន៍20 កុម្ភៈ មានចំនួន75ទីតាំងហើយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងវិធានការគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់បំផុត។

ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានប្រកាសឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង14 ពង្រឹងវិធានការគ្រប់គ្រង កន្លែងបិទទីតាំងទាំងអស់នេះ ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ខណៈចំនួនអ្នកឆ្លងមានការកើនឡើង។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានណែនាំដល់អភិបាលខណ្ឌទាំង14ត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យបានម៉ឹងម៉ាត់ ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19នេះ ខណៈអាជ្ញាធរបានចុះបិទទីតំាងដែលមានផ្ទុះជំងឺកូវីដ-19 កើនឡើងដល់75ទីតំាងហើយ ក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដមបញ្ជាក់ថា ក្រុមកម្លំាងសមត្ថកិច្ចចម្រុះត្រូវប្រចាំការ យាមកាមនៅទីតំាងដែលបានរកឃើញមានផ្ទុះជំងឺកូវីដ-19 កន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័ក ដើម្បីធានាបានសណ្តាប់ធ្នាប់ល្អ និងគ្រប់គ្រងស្ថាន ភាពអ្នកជំងឺបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ កិច្ចការងារនេះត្រូវតែរឹតបន្ដឹង ត្រូវតែទប់ស្កាត់ រកឃើញទីតំាងណាត្រូវតែបិទទីតំាងនោះជាបណ្តោះអាសន្នចំពោះអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លំាងប្រដាប់អាវុធដែលជាសេនាធិការ។

ឯកឧត្ដមបានបន្ដទៀតថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យរួចហើយគឺ ជនបរទេសដែលមិនសហការត្រូវបណ្តេញចេញពីប្រទេស ហើយមិនឱ្យវិលត្រឡប់មកវិញនោះឡើយ។ ចំណែកជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតំាងដែលធ្វើអាជីវកម្មត្រូវដកហូតអាជ្ញាប័ណ្ណ ដែលយើងមានដាវ ក្នុងដៃសម្រាប់ ធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាព។

មកដល់ពេលនេះមានទីតាំងជាបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញបានកំពុងតែសហការជាមួយនឹងក្រសួងសុខាភិបាល ដើម្បីឈានទៅបិទអាជីវកម្មជាបណ្តោះអាសន្នក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នកឆ្លងជំងឺកូវីដ-19 ក្នុងព្រឹត្តិការណ៍20កុម្ភៈ។

សូមជម្រាបថា ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹក សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឱ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឱ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner