មេធាវីស្ម័គ្រចិត្ត ២២២រូប ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការការពារក្ដីជូនជនក្រីក្រ ដោយមិនយកកម្រៃ

ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់គណៈមេធាវីកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ថា  គណៈមេធាវីកម្ពុជា ទទួលបានមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ២២២រូបហើយ ដើម្បីផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការការពារក្ដីជូនជន ក្រីក្រ ដោយឥតគិតកម្រៃ ដែលក្នុងនោះ មានមេធាវីចំនួន ១៣៧រូប ស្ម័ត្រចិត្តផ្តល់ការពិគ្រោះយោបល់ដោយឥតគិតកម្រៃ និងមានមេធាវីចំនួន ៨៥រូប ស្ម័គ្រចិត្តការពារក្ដីដោយឥតគិតកម្រៃ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

បន្ទាប់ពីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវតាមរយៈលិខិតលេខ ១៨៦/គម/២១ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេធាវីស្ម័គ្រចិត្តចូលរួម ផ្តល់​ ការពិគ្រោះ៖ យោបល់ផ្នែកច្បាប់ និងការពារក្ដីជូនជនក្រីក្រដោយឥតគិតកម្រៃ យ៉ាងផុសផុល ។

គណៈមេធាវី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសមាជិក-សមាជិកា ដែលជាមេធាវីស្ម័គ្រចិត្តចូលរួមចំនួន ២២២រូប។ ជាមួយគ្នានេះ គណៈមេធាវី ក៏បានបញ្ជាក់ដែរថា សម្រាប់សាធារណជនដែលមានបំណងពិគ្រោះយោបល់ ផ្នែកច្បាប់ សូមអញ្ជើញទៅទទួល សេវានេះ៖ ដោយឥតគិតកម្រៃ តាមតារាងពេលវេលា និងអាសយដ្ឋានដែលភ្ជាប់ជួនជាមួយ នេះ។

គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវដល់សមាជិក-សមាជិកា ទាំងអស់មេត្តាបន្តចូលរួម ធ្វើជាមេធា​វី​ស្ម័ត្រចិត្តក្នុងការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការពារក្ដីជូនជនក្រីក្រដោយឥតគិតកម្រៃ ឱ្យបានកាន់តែច្រើន​បន្ថែម​ទៀត ដើម្បីចូលរួម បម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរឡើង ក៏ដូចជាដើម្បីលើកស្ទួយឧត្តមភាព និង កិត្យានុភាព​នៃវិជ្ជាជីវៈមេធាវី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner