មន្រ្តីជាន់ខ្ពស់ក្រសួបរិស្ថាន៖របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិជារបាយការណ៍រិះគន់ដើម្បីបំផ្លាញនិងបង្កប់ដោយរបៀបវារៈនយោបាយទុច្ចរិត

ដោយ​៖​ម៉ា​ដេប៉ូ​
​រាជធានី​ភ្នំពេញ​៖ ដើម្បី​ឆ្លើយតប​ទៅនឹង សេចក្តីថ្លែងការណ៍​រប​ស់​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ទាក់ទង​នឹង​ស្ថានភាព​នៃ​ការការពារ​និង​អភិរក្ស​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នោះ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​បានចាត់ទុក​ថា​អង្គការ​មួយ​នេះ​បាន​ប្រើប្រាស់​រូបភាព​ផ្សាយ​ពិពណ៌នា​ពីបទ​ល្មើស និង​ការទាមទារ​ឱ្យ​ក្រុម​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​គ្មាន​ច្បាប់​បន្តសកម្មភាព​បែប អនាធិបតេយ្យ​របស់ខ្លួន​នៅក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​


ពាក់ព័ន្ធ​ក្នុង​រឿងនេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុក​សេចក្តីថ្លែងការណ៍​បែប​ទម្លាប់​អាក្រក់​ដែល​អង្គការ​មួយ​នេះ​ធ្វើឡើង​ក្នុង​ចរិត​រិះគន់​ដើម្បី​បំផ្លាញ​កម្ពុជា ជ្រក​ក្រោម​ស្លាក​សិទ្ធិមនុស្ស សេរីភាព និង​ប្រជាធិបតេយ្យ និង​ការពារ​ក្រុម​ជន​បំពាន​ច្បាប់​។
រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​៖«​អង្គការ​លើកលែងទោស​អន្តរជាតិ​តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​ផ្តល់​ការគាំទ្រ និង​លើកទឹកចិត្ត​ក្រុម​ជន​បំពាន​ច្បាប់ និង​ញុះញង់​ដោយ​មិនចេះ​ខ្មាសអៀន​ឱ្យ​ជន​ទាំងនោះ​បន្ត​ប្រព្រឹត្ត​ល្មើសច្បាប់​។ អង្គការ​នេះ​គួរ​ប្រកាន់យក​ភាពស្មោះត្រង់ សុ​ច្ចរិតភាព និង​វិជ្ជាជីវៈ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​»​។


ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់​បន្ថែមថា​ដើម្បី​ធ្វើឱ្យ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ទាក់ទាញ​ការចាប់អារម្មណ៍ អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​បំភ្លៃ​ការពិត​លើ ការប្រើប្រាស់​រូបភាព​ផ្កាយរណប​អំពី​រថយន្ត​ដឹកនាំ​ឈើ​និង​ការសម្អាត​ដៃ​ដែល​តាម​ការពិត​ទីតាំង​មួយចំនួន ដែល​អង្គការ​នេះ​ថា​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​គឺជា​ទីតាំង​ដែល​បាន​បោសសម្អាត​នៅក្នុង​គម្រោង សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឯកជន​។​
ឯកឧត្តម​បាន​ថ្លែងថា​នេះ​គឺជា​កំហុស​វិជ្ជាជីវៈ​មួយ​ដែល​អង្គការ​លើកលែងទោស​អន្តរជាតិ​ដែល​តាំងខ្លួន​ជា​ជើងឯក​ផ្នែក​សិទ្ធិមនុស្ស​បាន​បំភ្លៃ​លើ​ទិន្នន័យ​ផ្កាយរណប​ដើម្បី​ពិពណ៌នា​ការបាត់បង់​ព្រៃឈើ​តាមរបៀប​វារៈ​ទុច្ចរិត​របស់ខ្លួន​ក្នុងទិសដៅ​បំភ្លៃ​ការពិត​។
មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ​បាន​អះអាងថា បទល្មើស​ធនធានធម្មជាតិ​ពិតជា​នៅ​បន្ត​កើតមាន​នៅក្នុង​តំបន់ការពារធម្មជាតិ​រួម​នឹង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ បើទោះបីជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​កម្លាំង​សមត្ថ កិច្ច​ពាក់ព័ន្ធ​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​ខិតខំ​ប្រឹងប្រែង​ទាំងយប់​ទាំង​ថ្ងៃ​ក្នុង​ការចុះ​ល្បាត ទប់ ស្កាត់​បង្ក្រាប​បទល្មើស​។ ប៉ុន្តែ​បទល្មើស​ទ្រង់ទ្រាយ​ធំ​លែងមានទៀតហើយ នៅមាន​កើតឡើង​បទល្មើស ទ្រុងទ្រាយ​តូចៗ​ដែល​ជនល្មើស​មួយចំនួន​បន្ត​លួច​ធ្វើ​សកម្មភាព​ដោយ​លួចលាក់​កាប់​ឈើ និង​ទន្ទ្រាន​កាន់ កាប់​ដីព្រៃ​ដោយ​ខុសច្បាប់​។​


ជាមួយគ្នានេះ​ឯកឧត្តម​បាន​បញ្ជាក់ដែរថា​ស្ថានភាព​វា​មិនអាក្រក់​ដូច​អ្វីដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្លះ និង​ក្រុម​សកម្មជន​នយោបាយ​ព្យាយាម​បំប៉ោង​ព័ត៌មាន​នោះទេ​។
ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​លើកឡើងថា ក្នុងការ​អនុវត្ត​ច្បាប់​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ឆ្នាំ​២០២០​កន្លងទៅនេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន និង​សហគមន៍ តំបន់ការពារធម្មជាតិ​ដោយមាន​ការគាំទ្រ​ពី​គម្រោង​ព្រៃ​ឡង់​បៃតង​របស់ USAID ផង បាន​ចុះ​ល្បាត​ចំនួន ១,៧២៨​លើក បង្ក្រាប​បទល្មើស​បាន​ចំនួន ១,០១៩​ករណី ក្នុង​នោះបាន​បញ្ជូន​សំណុំរឿង​ទៅ តុលាការ​ចំនួន ៤៧​ករណី រឹបអូស​រណា​យន្ត​បាន​ចំនួន ៤៨១​គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន ១១៦​គ្រឿង រឹបអូស​ម៉ូតូ​ចំនួន ៤៧​គ្រឿង ដោះ​អន្ទាក់​ចេញពី​តំបន់​ព្រៃ​ឡង់​បាន​ចំនួន ២,៦៣០​អន្ទាក់ ដកហូត​កាំភ្លើង​កែច្នៃ​ចំនួន ១១៧​ដើម ដកហូត​ឈើ​បាន​ចំនួន ២៧៥​ម៉ែត្រគូប ពិន័យ​អន្តរការណ៍​ចំនួន ៦៩​ករណី និង​ធ្វើ​កិច្ចសន្យា​និង​អប់រំ​ចំនួន ៣៧៩​ករណី​។​


ពាក់ព័ន្ធ​ក្នុង​រៀង​នេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា សេចក្តីថ្លែងការណ៍​ដែល​បង្កប់​ដោយ​របៀបវារៈ​នយោបាយ​ទុច្ចរិត​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​នេះ​នឹង​បន្ទរ​ដោយ​ក្រុម​សង្គម​ស៊ីវិល​ក្នុងស្រុក​ដែល​ភាគច្រើន​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ច្បាប់ ហើយ​ព្យាយាម​បន្ត​តាំងខ្លួន​ជា​តួឯក​ផ្នែក​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ដើម្បី​ផលចំណេញ​នយោបាយ​សម្រាប់​ក្រុម​ខ្លួន​ដោយ​មិន​គិតពី​គោលការណ៍​ច្បាប់​ជាធំ​។
ទាក់ទង​នឹង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​វិញ ឯកឧត្តម នេត្រ ភក្ត្រា បាន​បញ្ជាក់ដែរថា បណ្តាញ​សហគមន៍​ព្រៃ​ឡង់​គឺជា​យន្តការ​ប្រតិបត្តិកា​រ​ក្រោម​ទម្រង់​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ប៉ុន្តែ​មិនបាន​ចុះបញ្ជី​ទទួលស្គាល់​តាមផ្លូវ​ច្បាប់ ជាពិសេស​ច្បាប់​ស្តីពី​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ថ្មីៗ​នេះ យោងតាម​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ខែសីហា ឆ្នាំ​២០២០ ក៏បាន​តម្រូវ បណ្តាញ​នេះ​ទៅ​ចុះបញ្ជី​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់ ដើម្បី​មាន​នីតិសម្បទា​គ្រប់គ្រាន់​ក្នុងការ​សហការ និង​អនុវត្ត​សកម្មភាព ការងារ​របស់ខ្លួន ជាមួយ​ក្រសួង ស្ថាប័ន មាន​សមត្ថកិច្ច​របស​រាជរដ្ឋាភិបាល​។ ឯកឧត្តម ថ្លែងថា អ្វីដែល​សមាជិក​នៃ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​នេះ​បាននិងកំពុង​ធ្វើ​ស្ថិតក្រោម​ការសម្របសម្រួល​និង​គាំទ្រ​មួយ​ច្បាស់លាស់​ពី​ក្រុម​ជន​មួយក្រុម​តូច​ដែលមាន​របៀបវារៈ​នយោបាយ​ក្នុងការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា បង្កើត​ភាពអនាធិបតេយ្យ និង​ចិញ្ចឹម​ទំនាស់​លើ​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​


ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បានប្រកាសថា ក្រសួងបរិស្ថាន​រីករាយ​និង​ស្វាគមន៍​ជានិច្ច​នូវ​រាល់​ការចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​នានា​ក្នុង​តំបន់ការពារធម្មជាតិ​សម្រាប់​ដៃគូ​ទាំងឡាយណា ដែល​បាន​គោរពរ​តាម​គោលការណ៍​ណែនាំ​នីតិវិធី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ត្រឹមត្រូវ​។ ក្រសួងបរិស្ថាន​គ្មាន​ផលប្រយោជន៍​អ្វី​ទៅ​ប្រឆាំងនឹង​អ្នក​ស្រឡាញ់ និង​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ឡើយ ប៉ុន្តែ​តម្រូវឱ្យ​ទាំងអស់គ្នា​គោរព​ច្បាប់​ជា​ធរមាន និង​ធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​កំណត់ និង​ដោយ​ក្តី​ស្មោះត្រង់​ក្នុង​ភាពជា​ដៃគូ ដើម្បី​រួម​កម្លាំង​គ្នា​ថែរក្សា​ធនធានធម្មជាតិ​កម្ពុជា​ឱ្យបាន​គង់វង្ស សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​។​
ឯកឧត្តម នេត្រ ភក្ត្រា បាន​លើកឡើងថា កន្លងទៅនេះ ក្រសួងបរិស្ថាន​បាន​ពិនិត្យឃើញថា មាន​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម​មួយចំនួន ដែល​ពុំបាន​ចុះបញ្ជី ឬ​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​តាមច្បាប់ បាននិងកំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់ការពារធម្មជាតិ ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​គ្រប់គ្រង​រប​ស់​ក្រសួងបរិស្ថាន​។ សកម្មភាព​បំពាន​លើ​ច្បាប់​យ៉ាង​គឃ្លើន​បែបនេះ ដោយ​ជ្រក​ក្រោម​ស្លាក​ជា​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ គឺជា​ចេតនា​ទុច្ចរិត​ក្នុងការ​ធ្វើ​វិទ្ធង្សនា​ប្រឆាំងនឹង​រាជរដ្ឋាភិបាល លើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ តែប៉ុណ្ណោះ​។ ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​សមាគម​ណា ដែល​នៅតែ​បន្ត​បំពាន​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​និង​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការអនុវត្ត​វិធានការ​ច្បាប់ ជាពិសេស​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ដើម្បី​ទប់ស្កាត់ និង​បញ្ឈប់​សកម្មភាព​បែបនេះ​ទេ ហើយ​ក្រសួង​ក៏​ស្នើ​សុំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​តាមដាន​ពិនិត្យ​និង​ចាត់វិធានការ​តាមច្បាប់ ទៅលើ​អង្គការ​មិនមែន​រដ្ឋាភិបាល​ឬ​សមាគម​ណា​ដែល​ធ្វើ​សកម្មភាព​ដោយ​មិនមាន​ច្បាប់​ត្រឹមត្រូវ​។
ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សកម្មជន នយោបាយ​ជ្រក​ក្រោម​ស្លាក​អ្នក​ស្រឡាញ់​បរិស្ថាន​និង​ធនធានធម្មជាតិ​ថា​៖ «​សូម​អស់លោក​កុំ​មាន​ជំងឺ តួឯក​ក្នុង​វិស័យ​បរិស្ថាន​និង​ធនធានធម្មជាតិ​! យើងខ្ញុំ​គ្មាន​ជំងឺ​តួឯក​នេះ​ដូច​អ្នក​ទេ​។ តួឯក​របស់​យើងខ្ញុំ​គឺ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដែល​កម្ពុ​ជាមាន ហើយ​យើងខ្ញុំ​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ដើម្បី​ប្រយោជន៍​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​»៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner