តុលាការខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួនមនុស្ស៤នាក់ ក្រោយក្លែងហត្ថលេខា និងត្រារបស់នាយករដ្ឋមន្រ្តី ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅស្រុកពញាឮ ដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្ដាល ៖ ជនសង្សយ័៤នាក់ ត្រូវបានលោក រស់ ផុនច័ន្ទនិមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រចចេញដីកាឃុំខ្លួន ពីបទ «ក្លែងបន្លំឯកសារសាធារណ: ប្រើប្រាស់ឯកសារសាធារណៈក្លែង (ក្លែងលិខិត ក្លែងហត្ថលេខា និងត្រារបស់នាយករដ្ឋមន្ត្រី) ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងយោធា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើប្រើប្រាស់ឯកសារធារណៈក្លែង។ តាមមាត្រា៤៩០ ,៦១៦ ,៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ។

ដែលប្រព្រឹត្តនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។

ជាប់ត្រូវចោទ ទី១៖ ឈ្មោះ យ៉ាន់ ចំណាប់ អាយុ៥៥ឆ្នាំ, ទី២៖ ឈ្មោះ សួន ផល្លី អាយុ៥៤ឆ្នាំ, ទី៣៖ ឈ្មោះ យ៉ែម សារឿន អាយុ៦៦ឆ្នាំ និងទី៤៖ ឈ្មោះ មាស ភូរិន្ទ អាយុ២៦ឆ្នាំ។ ជនទាំង៤នាក់នេះ បានប្រព្រឹត្តនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឬ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

តាមដំណើររឿងមានដូចខាងក្រោម៖ឈ្មោះ យ៉ែម សារឿន បានសារភាពថា ខ្លួនជាតំណាងប្រជាពលរដ្ឋ៣១គ្រួសារ នៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បានផ្តិតមេដៃស្នើសុំកាត់ដីបឹងចំណុចបឹងកញ្ច្រាំចំនួន ៨.៦០ហិចតា ពេលនោះនៅក្នុងឆ្នាំ២០១៧ ខ្លួនបានពឹងពាក់ឈ្មោះ ហម សន្ធិ ឱ្យជួយរត់ការសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងក្រសួងធនធានទឹក ដើម្បីកាត់ដីនេះ ប៉ុន្តែមិនបានសម្រេច។ បន្ទាប់មកនៅឆ្នាំ២០១៩ ឈ្មោះ យ៉ែម សារឿន បានពឹងឈ្មោះឡុង សុខ ឱ្យជួយរត់ការម្តងទៀត ប៉ុន្តែមិនបានសម្រេច រហូតមកដល់ឆ្នាំ២០២០ ឈ្មោះ យ៉ែម សារឿន បានពឹងឈ្មោះ សួន ផល្លី ដើម្បីរត់ការសុំ ស.ជ.ណ និងកាត់ដីពីក្រសួងធនធានទឹក នៅចំណុចខាងលើ ដោយ មានធ្វើកិច្ចសន្យាព្រមព្រៀងគ្នាលើតម្លៃ និងមានរយៈពេលកំណត់។

លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឈ្មោះ សួន ផល្លី បានផ្ញើលិខិតបង្គាប់ការលេខ៣៨ អអរ/២១ មកឱ្យឈ្មោះ យ៉ែម សារឿន។ បន្ទាប់ពីទទួលបានលិខិតបង្គាប់ការនេះហើយឈ្មោះ យ៉ែម សារឿន បានថតចម្លងឯកសារនេះចេញជាច្រើនសន្លឹក និងបានឱ្យឈ្មោះ ម៉េង ទៅសួរមេឃុំព្រែកតាទែន ដើម្បីស្នើសុំការចុះវាស់វែង។

ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ខ្លួនបានទទួលការពឹងពាក់ពីឈ្មោះ យ៉ែម សារឿន ដើម្បីរត់ការកាត់ដីបឹងកញ្ច្រាំនៅចំណុច ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដែលមានទំហំ ៨.៦០ហិចតាដើម្បីស្នើសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ទីតាំងខាងលើចែកជូនប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដោយធ្វើការព្រមព្រៀងក្នុងតម្លៃ ១.៥០០.០០០$។ បន្ទាប់ពីធ្វើកិច្ចព្រមព្រៀងស្តីពីការផ្តល់សេវាកម្មធ្វើប័ណ្ណកម្មសិទ្ធិដីរួចមក ខ្លួនបានពឹងពាក់ឱ្យឈ្មោះ យ៉ាន់ ចំណាប់ ជាអ្នកធ្វើលិខិតបង្គាប់ការពីរាជរដ្ឋាភិបាល លុះមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បានផ្ញើឯកសារលិខិតបង្គាប់ការមកឱ្យខ្លួនពិនិត្យមើលខ្លឹមសារ ពេលនោះខ្លួនថា អាចទទួលយកបាន ហើយក៏ឱ្យ យ៉ាន់ ចំណាប់ រៀបចំចុះហត្ថលេខាយកមក។នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បានមកជួបខ្លួនដោយយកលិខិតបង្គាប់ការថតចម្លងដែលមានលេខ ៣៨ អអរ/២១ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

បន្ទាប់ពីទទួលបានដីកាបង្គាប់នេះភ្លាមខ្លួនក៏បាន ហៅឈ្មោះ យ៉ែម សារឿន ឱ្យមកយកដីកាបង្គាប់ការនេះ និងបានទទួលប្រាក់ចំនួន ២១.០០០$ ពីឈ្មោះយ៉ែម សារឿន។ឈ្មោះ មាស ភូរិន្ទ ដែលត្រូវជាកូនចៅរបស់ឈ្មោះ សួន ផល្លី បានឱ្យដឹងថា ឈ្មោះ សួន ផល្លី មានទំនាក់ទំនងជាមួយឈ្មោះ យ៉ាន់ ចំណាប់ និងពាក់ព័ន្ធរឿងរត់ការលិខិតបង្គាប់ការនេះពិតប្រាកដមែន។ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឈ្មោះ យ៉ាន់ ចំណាប់ បានថតរូបឯកសារផ្ញើមកឱ្យឈ្មោះ សួន ផល្លី ហើយឈ្មោះ សួន ផល្លី បានប្រើខ្លួនឱ្យជួយអានខ្លឹមសារឯកសារនោះ។ បន្ទាប់មកឈ្មោះ សួន ផល្លី បានឱ្យខ្លួនផ្ញើប្រាក់ ទៅឱ្យឈ្មោះ យ៉ាន់ ចំណាប់ ជាច្រើនដងក្នុងមួយដងចន្លោះពី ៣០០$ ទៅ ៥០០$ ហើយឈ្មោះ សួន ផល្លី បានឱ្យខ្លួនបើកឡានជូនគាត់ទៅជួបឈ្មោះ យ៉ាន់ ចំណាប់ និងបានប្រគល់ប្រាក់ជាច្រើននៅហាងកាហ្វេ PN ម្តុំផ្សារទំនើបអ៊ីអន២។

តាមចម្លើយសារភាពរបស់ ឈ្មោះ យ៉ាន់ ចំណាប់ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ខ្លួនបានទទួលការពឹងពាក់ពីឈ្មោះ សួន ផល្លី រត់ការរឿងដីធ្លីរបស់ប្រជាជន ៣១គ្រួសារដែលស្ថិតនៅចំណុចបឹងកញ្ច្រាំ ទំហំ ៨.៦០ហិចតា នៅភូមិស្លែដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីធ្វើ ស.ជ.ណ របស់រាជរដ្ឋាភិបាលដោយឈ្មោះ សួន ផល្លី សន្យាថា នឹងឱ្យប្រាក់ទៅខ្លួន ៥០.០០០$ ក្រោយពីធ្វើបានសម្រេច តែខ្លួនបានទារលុយមុនចំនួន១០.០០០$ ។ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឈ្មោះ សួន ផល្លី បានទូរស័ព្ទណាត់ខ្លួនទៅជួបនៅហាងកាហ្វេដដែល និងបានប្រគល់ប្រាក់ចំនួន ១០.០០០$ ទៅឱ្យខ្លួនដើម្បីរត់ការ។

បន្ទាប់មកខ្លួនក៏បានទៅជួបអ្នកកាត់តឯកសារ ដែលស្គាល់គ្នានៅហាងកាហ្វេមួយកន្លែង ដើម្បីឲ្យកាត់តឯកសារធ្វើ ស.ជ.ណ ដោយព្រមព្រៀងគ្នាក្នុងតម្លៃ ១០០$។ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ អ្នកកាត់តបានផ្ញើរូបភាពលិខិតបង្គាប់ការ គ្មានលេខ គ្មានត្រា គ្មានហត្ថលេខា មកឱ្យខ្លួន។ ខ្លួនក៏ផ្ញើបន្តទៅឱ្យឈ្មោះ សួន ផល្លីមើល។ ក្រោយពីព្រមព្រៀងគ្នាលើខ្លឹមសារហើយ ខ្លួនក៏បានឱ្យអ្នកកាត់ត នោះធ្វើលិខិតបង្គាប់ការ ដោយមានលេខ ឈ្មោះ ត្រា និងហត្ថលេខា របស់សម្តេចតេជោ ហ៊ុន សែន ដែលចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

ក្រោយមកទៀតខ្លួនបានថតចម្លងលិខិតនេះ ហើយណាត់ជួបឈ្មោះ សួន ផល្លី ដើម្បីប្រគល់លិខិតនេះឱ្យទៅគាត់ និងទទួលបានប្រាក់កក់ ពីឈ្មោះ សួន ផល្លី ១០.០០០$ ទៀត។ រយៈពេលប្រហែលមួយសប្តាហ៍ក្រោយមក ឈ្មោះ សួន ផល្លី បានទាក់ទងសួរអំពីលិខិតច្បាប់ដើម ខ្លួនក៏បានកុហកឈ្មោះ សួន ផល្លី ថា ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ មិនបានប្រគល់ច្បាប់ដើមឲ្យទេ។

លទ្ធផលស្រាវជ្រាវ ឈ្មោះ យ៉ាន់ ចំណាប់ ពិតជាបានធ្វើលិខិតបង្គាប់ការ លេខ ០៣៨ អអរ/២១ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ចុះហត្ថលេខាដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី (ឯកសារក្លែងក្លាយ) និង បានយកលិខិតបង្គាប់ការនេះទៅឲ្យឈ្មោះ សួន ផល្លី ប្រើប្រាស់កាលពីថ្ងៃទី២៨.០១.២០២១ ពិតប្រាកដមែន។

ចំណែកឈ្មោះសួន ផល្លី ក៏បានយកលិខិតបង្គាប់ការនេះដដែលទៅឲ្យឈ្មោះ យ៉ែម សារឿន ប្រើប្រាស់ពិតប្រាកដមែន។ ឯឈ្មោះយ៉ែម សារឿន បានយកលិខិតនេះទៅឲ្យឈ្មោះម៉េង ដើម្បីយកទៅសួរ ស្មៀន ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីដាក់ឲ្យអនុវត្ត ។ ការធ្វើលិខិតបង្គាប់ការនេះជាថ្នូរនឹងការផ្តល់ប្រាក់ត្រឡប់មកវិញឈ្មោះយ៉ែម សារឿន ផ្តល់ប្រាក់ ចំនួន២១.០០០$ (ពីរម៉ឺនមួយពាន់ដុល្លារ) ទៅឲ្យឈ្មោះសួន ផល្លី ហើយឈ្មោះសួន ផល្លី បានយកប្រាក់ ចំនួន២០.០០០$ (ពីរម៉ឺនដុល្លារ)ឲ្យទៅឈ្មោះ យ៉ាន់ ចំណាប់ កាលពីថ្ងៃទី១៨.០១.២០២១ វេលម៉ោង ១៣និង០០នាទី ។

បើតាមកិច្ចសន្យាធ្វើឡើងរវាងឈ្មោះយ៉ែម សារឿន និងឈ្មោះសួន ផល្លី នៅពេលណាដែលឈ្មោះសួន ផល្លី រត់ការបានសម្រេច លើការស្នើរសុំ ស.ជ.ណ ពីរាជរដ្ឋាភិបាល និងធ្វើប័ណ្ណកម្មសិទ្ធិ នៃដីទំហំប្រហែល៨.៦០ហិចតា ដែលមានទីតាំងស្ថិតនៅ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល គឺតម្រូវឲ្យឈ្មោះយ៉ែម សារឿន ផ្តល់ប្រាក់ចំនួន ១.៥០០.០០០$ (មួយលានហាសិបម៉ឺនដុល្លារ) ទៅឲ្យឈ្មោះសួន ផល្លី ។

ករណីនេះបានបែកធ្លាយដល់ថ្នាក់ដឹកនាំ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន រហូតចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕ ឆ ដា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner