រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ នឹងត្រូវផាក​ពិន័យតាមច្បាប់ស្តីពីផ្លូវថ្នល់ ខណៈរថយន្តចំនួន១៥​គ្រឿង បានឃាត់ជាក់ស្តែងនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួង និងជាប្រធានគណៈ​កម្មាធិការ​សម្របសម្រួល បានដឹកនាំក្រុមការងារត្រួតពិនិត្យ និងទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង ក្រុមការងារជញ្ជីងចល័ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងអាជ្ញាធរដែនដីពាក់ព័ន្ធ បានចុះតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិសាស្ត្រភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សកម្មភាពនេះធ្វើឡើង ក្រោមការចង្អុលបង្ហាញដោយឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារបានត្រួតពិនិត្យរថយន្តខ្សាច់ និងចំណីសត្វចំនួន១៥គ្រឿង ដោយបានរកឃើញរថយន្ត​ចំនួន​ ១២គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ដោយក្នុងរថយន្ត១គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់៦តោន និង១១គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០តោន ដល់ ៣០តោន ដែលផ្ទុយពីច្បាប់បានកំណត់។

ឯកឧត្តម សេង ឈួន បានឱ្យដឹងថា ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ១២គ្រឿងនោះ មានរថយន្ត ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% នឹងត្រូវរើឥវ៉ាន់ចេញ ហើយត្រូវផាកពិន័យ ទៅតាមច្បាប់​កំណត់។ ដោយឡែកចំពោះរថយន្ត ដែលដឹកលើសទម្ងន់លើសពី២០% នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

គួរបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងលេខ០៤៩ សជណ.សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញ ផ្លូវថ្នល់ដល់ម្ចាស់​ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដោយការរឹតបន្តឹងនេះបាន​ចាប់អនុវត្តតាំង​ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះ តែមានម្ចាស់រថយន្តដឹកមួយចំនួន មិនព្រមអនុវត្តតាមណែនាំឡើយ ។

ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់ណែនាំដល់ម្ចាស់រថយន្តអំពីច្បាប់ នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ស្ដីពីផ្លូវថ្នល់) និងសំណូមពរទៅក្រុមហ៊ុនផ្គត់ផ្គង់ សហគ្រាស និងម្ចាស់រថយន្តដឹកជញ្ជូនទាំងអស់ សូមចូលរួមសហការ​អនុវត្តច្បាប់នេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីចៀសវាងមហន្តរាយដល់ផ្លូវជាតិ (ឆាប់ខូចមុនអាយុកាល) និងកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍ផងដែរ។

លោក ស៊ូ សុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានថ្លែងបញ្ជាក់ថា ការរឹតបន្តឹងនេះនឹង​ធ្វើឡើងជាប្រចាំ​​គ្រប់ផ្លូវទូទាំងខេត្តកំពង់ស្ពឺ ដូច្នេះរថយន្តដែលមិនចូលរួមគោរពច្បាប់ត្រូវទទួលរងពិន័យជាប្រាក់ បន្ថែមជាងនេះប្រឈមការឃាត់​រថយន្តមួយរយះពេលតាមការកំណត់ដោយច្បាប់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner