អភិបាលខេត្តបាត់ដំបងបានធ្វើការពន្យល់និងអង្វរករដល់បងប្អូនប្រជាពលរដ្ឋ កុំតក់ក្រហល់ចង់ចាកចេញពីមណ្ឌលចត្តាឡីស័កនៅមុនពេលដែលមិនទាន់បញ្ជាក់ពីលទ្ធផលសំណាក ចុងក្រោយរយៈពេល១៤ ថ្ងៃនោះ

អត្ថបទដោយ៖
Kien Sereyvuth

  នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងអមដំណើរដោយឯកឧត្តមអភិបាលរងខេត្តនិងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗ មួយចំនួនក្នុងខេត្ត ក្នុងនោះក៏មានវត្តមាន លោកឧត្តមសេនីយ័ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលពីស្ថានភាពពលករ ដែលកំពុងតែដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងមណ្ឌលចត្តាឡីស័ក តាមបណ្តាស្រុកទាំង៣ ជាប់ព្រំដែនថៃ ក្នុងនោះមាន៖ ស្រុកកំរៀង, ភ្នំព្រឹក និងស្រុកសំពៅលូន ។

       ក្នុងការចុះទៅពិនិត្យមើលពីស្ថានភាពបងប្អូនពលករដែលវិលត្រលប់ពីថៃ និងកំពុងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌលដែលរៀបចំដោយរដ្ឋបាលខេត្ត ក្នុងនោះឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានជួបសំណេះសំណាលជាមួយបងប្អូនពលករ ដែលកំពុងតែរស់នៅនិងធ្វើចត្តាឡីស័កក្នុងមណ្ឌលដែលរៀបចំទាំងនោះ សូមឲ្យមានការអត់ធ្មត់ក្នុងការចូលរួមជាមួយអាជ្ញាធរនិងក្រុមគ្រូពេទ្យប្រចាំការនៅក្នុងមណ្ឌលផ្ទាល់។ សូមកុំធ្វើការគេចវេសចង់ចាកចេញពីមណ្ឌលចត្តាឡីស័ក ខណៈដែលក្រុមគ្រូពេទ្យមិនទានប្រកាសពីលទ្ធផលតេស្តសំណាកចុងក្រោយរបស់បងប្អូន។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ក៏បានអង្វរករដោយទទូចសំណូមពរដល់បងប្អូនពលករទាំងនោផងដែរ សុំកុំទាមទារតវ៉ាចង់ចាកចេញពីមណ្ឌលចត្តាឡីស័ក ដោយមិនទាន់មានការបញ្ជាក់អំពីលទ្ធផលវត្ថុសំណាកចុងក្រោយ ពីវិទ្យាស្ថាប៉ាស្ទ័រ បើទោះបី រយៈពេល១៤ថ្ងៃ ជាគំរប់ថ្ងៃដែលត្រូវចាកចេញពីមណ្ឌលក៏ដោយ។តែសំខាន់ គឺលទ្ធផលសំណាកចុងក្រោយរបស់បងប្អូន ដែលត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ ពីលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន?ជាមុនសិន ។ប្រសិនបើបងប្អូនទទួលបាននូវលទ្ធផលអវិជ្ជមានពីកូវីដ-19នៅពេលនោះអាជ្ញាធរនៅទីនេះ គេនិងរៀបចំឯកសារបញ្ជាក់ជូនបងប្អូនដើម្បីបានវិលត្រឡប់ទៅស្រុកកំណើតខ្លួនវិញហើយ។ អាជ្ញាធរគ្មានបំណងអាក្រក់ ណាមួយដែលចង់បង្ខាំងបងប្អូន ឲ្យនៅទីនេះយូរលើសពីថ្ងៃកំណត់ទេ។

       ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យបងប្អូនចេះអត់ធ្មត់និងចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេស ជាមួយនិងអាជ្ញាធរនិងក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលដើម្បីទទួលបាននូវព័ត៌មានជាក់លាក់ មុននិងបងប្អូនធ្វើការតវ៉ាឬសំណូមពរទាមទារចង់បាន។ឯកឧត្តម ងួន រតនៈ ក៏បានសង្កត់ធ្ងន់ផងដែរថា៖កន្កងមកនេះ ដោយសារតែលំហូរពលករ កាន់តែច្រើន គួបផ្សំនិងការផ្ទុះ នូវ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានធ្វើឲ្យបងប្អូនរង់ចាំលើសពីរយៈពេល១៤ថ្ងៃដែលបានកំណត់ទើបធ្វើឲ្យបងប្អូនមានការធុញទ្រាន់។តែទោះបីយ៉ាងណា ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដោយទទូចសុំឲ្យបងប្អូនពលករដែលកំពុងតែធ្វើចត្តាឡីស័កនៅគ្រប់មណ្ឌលទាំងអស់ ក្នុងខេត្តបាត់ដំបង ត្រូវបន្តចូលរួមសហការជាមួយនិងអាជ្ញាធរ និងឲ្យមានការយោគយល់ពីការទទួលលទ្ធផលតេស្តវត្ថុសំណាកចុងក្រោយ ដើម្បីរង់ចាំលទ្ធផលជាក់លាក់។ប្រសិនបើបងប្អូនអវិជ្ជមាន។អាជ្ញាធរគេ និងចេញលិខិតបញ្ជាក់ជូនដើម្បីឲ្យបងប្អូនវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញហើយ។ តែប្រសិនបើបងប្អូនចេញ ដោយអាជ្ញាធរមិនអនុញ្ញាត និងគ្មានលិខិតបញ្ជាក់ពីការធ្វើចត្តាឡីស័កត្រឹមត្រូវ បងប្អូនអាចប្រឈមជាមួយសមត្ថកិច្ចនៅតាមផ្លូវដែលកំពុងរឹតបន្តឹងច្បាប់នឹងអាចទទួលរងនូវការពិន័យពី១លានទៅ៥លានរៀលទៀតផង។

      សូមបញ្ជាក់ថា៖ការលើកឡើងរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ខាងលើនេះ គឺធ្វើឡើងក្នុងខណៈបងប្អូនពលករដែលដាក់ឲ្យធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌកចត្តាឡីស័ក កូនភ្នំ៣២ស្ថិតក្នុងភូមិសាស្ត្រស្រុកសំពៅលូន បានធ្វើការទាមទារចង់ចេញមុនការប្រកាសពីលទ្ធផលនៃការធ្វើតេសវត្ថុសំណាកពីវិទ្យាស្ថានប៉ាស្ទ័រ ខណៈដែលបងប្អូនទាំងនោះសំអាងថា ពួកគេបានចូលមកធ្វើចត្តាឡីស័ក បានរយៈពេលគំរប់ ១៤ថ្ងៃហើយ។ តែអាជ្ញាធរមិនអនុញ្ញាតឲ្យពួកគេចេញវិលត្រឡប់ទៅស្រុកកំណើតវិញ។សូមបញ្ជាក់ផងដែរថា៖នៅព្រឹកថ្ងៃដដែលនេះ ក្នុងមណ្ឌលចត្តាឡីស័កទូទាំងស្រុកកំរៀង ក៏មានបងប្អូនធ្វើចត្តាឡីស័កត្រឹមត្រូវ រយៈពេល១៤ថ្ងៃត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌល សរុប១២៩នាក់ផងដែរ។ ហើយអាជ្ញាធរមានសមត្ថកិច្ចនៅទីនោះ បានធ្វើលិខិតបញ្ជាក់ជូនបងប្អូនពលករទាំងនោះ ដើម្បីចាកចេញពីមណ្ឌលចត្តាឡីស័ក វិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner