បុរសម្នាក់ មានវិបត្តិក្នុងចិត្តបានមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ តែមិនស្លាប់

ភ្នំពេញ៖ បុរសម្នាក់ មានវិបត្តិក្នុងចិត្ត បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លូន នៅលើស្ពានជ្រោយចង្វារ តែមិនស្លាប់ដូចបំណងនោះ ត្រូវបានអ្នកនេសាទចេញទូកទៅជួយស្រង់បានទាន់ពេលវេលា រួចទាក់ទងរថយន្តសាម៉ុយឲ្យមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ហេតុការណ៍ករណីធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចកណ្តាលស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសដែលគិតខ្លី ឈ្មោះ យង់ សុខគុន្ធ អាយុ ៤១ឆ្នាំ ស្នាក់នៅម្តុំផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់រូបនេះ បានធ្វើដំណើរឡើងទៅលើស្ពាន ក្នុងទិសដៅពីលិចទៅកើត ហើយឈប់នៅចំកណ្តាលស្ពានឈរមួយសន្ទុះ ក៏ស្រាបតែដោះស្បែកជើង និងតោងបង្កាន់ដៃស្ពានឡើងទៅឈរនៅខាងក្រៅបង្កាន់ដៃស្ពានបម្រុងលោតចុះ ខណៈពេលនោះ អ្នកដំណើរក៏បានឃើញ ហើយរាយការណ៍ទៅប្រាប់សមត្ថកិច្ចខណ្ឌជ្រោយចង្វារឲ្យចុះមកអន្តរាគមន៍ នៅពេលដែលសមត្ថកិច្ចទៅជិតដល់បុរសរូបនេះ ក៏បានលោតចុះទៅក្នុងទឹកទន្លេសម្លាប់ខ្លួនតែម្តង។ នៅពេលធ្លាក់ទៅដល់ក្នុងទឹកទន្លេ បានហែលទឹកទៅតោងសសរស្ពាន ត្រូវបានអ្នកនេសាទចេញទូកទៅជួយស្រង់សង្គ្រោះរួចនាំគ្នា គ្រាឡើងច្រាំងដើម្បីសាកសួរ។

តាមសម្តីបុរសរូបនេះ បានឲ្យដឹងថា មូលហេតុ ដែលធ្វើអោយខ្លួន គិតខ្លីមកលោតទឹកសម្លាប់ខ្លួន ដោយសារតែមានវិបត្តិក្នុងចិត្ត ក្នុងគ្រួសារ។ ហើយនៅមុនពេលមកលោតទឹកបាន រូបគាត់បានលេបថ្នាំងងុយដេកអស់ចំនួន៤០គ្រាប់ តែមិនស្លាប់ ក៏បានធ្វើដំណើរមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារនេះ តែមិនបានសម្រេចទៀត។

ក្រោយពេលកើតហេតុ ដោយសារតែឃើញស្ថានភាពបុរសនេះចុកទ្រូង សមត្ថកិច្ចអង្គភាពការពារគោលដៅទី៣ ក៏បានទាក់ទងទៅរថយន្តសាម៉ុយឲ្យមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner