លោកជំទាវ បាន ស្រីមុំ លើកទឹកចិត្តប្រជាកសិករឲ្យខិតខំដាំដំណាំបន្លែបន្ថែមទៀត ប៉ុន្តែត្រូវផ្លាស់ប្តូរមុខបន្លែ រើសយកប្រភេទបន្លែមានទីផ្សារ តម្លៃខ្ពស់ រក្សាទុកបានយូ ហើយចៀសវាងដាំបន្លែដដែលៗ ជាន់គ្នាដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ

អត្ថបទដោយ៖
Kien Sereyvuth

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំអភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកជូនថវិកាមួយចំនួន ជូនដល់ប្រជាកសិករដាំបន្លែ៦គ្រួសារ ដែលកំពុងជួបបញ្ហាតម្លៃលើទីផ្សារ គ្មានទីផ្សារ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ ។

ដើម្បីចូលរួមដោះស្រាយលើបញ្ហានេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអំពាវនាវដល់ មន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត ឈ្មួញរកសុី និងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នារកទីផ្សារជូនប្រជាកសិករ ដែលដាំដំណាំបន្លែគ្រប់ប្រភេទ អោយមានតម្លៃទីផ្សារសម្រាប់លក់ឱ្យបានសមរម្យ ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគាត់។

ជាការឆ្លើយតប ប្រជាកសិករទាំង០៦គ្រួសារ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកជំទាវឣភិបាលខេត្ត ដែលជានិច្ចជាកាលបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាកសិករ ពិសេសអំពាវនាវជួយស្វែងរកទីផ្សារលក់បន្លែចេញឱ្យបានតម្លៃមួយខ្ពស់សមរម្យ ដែលជាប្រភពទុនសម្រាប់ជីវភាពគ្រួសារបងប្អូន។

ក្នុងឱកាសនោះ លោកជំទាវឣភិបាលខេត្តបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់កសិករដាំបន្លែ ដែលកំពុងប៉ះពាល់តម្លៃ និងគ្មានទីផ្សារចំនួន០៦គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានថវិកាចំនួន ៥០០,០០០រៀល និងបានជួយទិញបន្លែគ្រប់ប្រភេទពីប្រជាកសិករផងដែរ ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner