ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំនិងក្រើនរំលឹកឲ្យអាជ្ញាធរស្រុកទាំង៣ ត្រូវយកចិត្តទុកដាក់ក្នុងការចុះភ្ជាប់និងចុះត្រួតពិនិត្យមើលតាមមណ្ឌលចត្តាឡីស័ក ពីការសម្អាតការធ្វើអនាម័យនៅក្នុងមណ្ឌល និងពីការដាំស្លចម្អិនម្ហូបអាហាររបស់ចុងភៅតាមផ្ទះបាយ និងត្រូវជំរុញចុងភៅឲ្យយកចិត្តទុកដាក់ពីអនាម័យនិងសុវត្ថិភាពនូវក្នុងការចម្អិនម្ហូប ឲ្យបានត្រឹមត្រូវ

អត្ថបទដោយ៖
Kien Sereyvuth

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានធ្វើការណែនាំ និងបានដាស់តឿនដោយក្រើនរំលឹកដល់អាជ្ញាធរនៃរដ្ឋបាលស្រុកទាំង៣ខាងលើត្រូវចុះត្រួតពិនិត្យមើលឲ្យបានដិតដល់ដោយការទទួលខុសត្រូវចំពោះបញ្ហាការស្នាក់នៅរបស់ពលករការផ្តល់អាហារ ជូនពលករឲ្យបានត្រឹមត្រូវ ដោយគិតទាំងមុនពេលចម្អិននិងក្រោយពីការចម្អិនរបស់ចុងភៅនិមួយៗ។ជាពិសេសទីកន្លែងចុងភៅក៏ត្រូវតែមានអនាម័យស្អាតជាប្រចាំនិងប្រកបដោយការគិតគូរ ការទទួលខុសត្រូវនិងយកចិត្តទុកដាក់ពីសុវត្ថិភាពក្នុងការចម្អិនម្ហូបអាហារ ដែលរៀបចំឲ្យបងប្អូនពលករដែលកំពុងស្នាក់នៅក្នុងមណ្ឌលចត្តាឡីស័កតាមបណ្តាស្រុកនិមួយៗរបស់ខ្លួន។ត្រូវចៀសវាងឲ្យបានដាច់ខាត ពីការលេចេញ នូវ បាតុភាពអសកម្មណាមួយប៉ះពាល់អារម្មណ៍មិនល្អដល់បងប្អូនពលករទាំងនោះ។

      ការថ្លែងបែបនេះ ក្នុងខណៈដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ នៃ រដ្ឋបាលខេត្តមួយក្រុម និងវត្តមានអមដំណើរពីថ្នាក់ដឹកនាំតាមបណ្តាមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន រួមនិងថ្នាក់ដឹកនាំកងកម្លាំង និងអស់លោកអភិបាល អភិបាលរងស្រុកមួយចំនួនជាតំណាងអាជ្ញាធរ នៃស្រុកទាំង៣ ស្រុកកំរៀង ភ្នំព្រឹក និង ស្រុកសំពៅលូន នៅថ្ងៃចុងសប្តាហ៍ថ្មីៗនេះ ដើម្បីចុះទៅមើលផ្ទាល់និងមានវិធានការដល់ការពង្រឹងឡើងវិញនៅតាមមណ្ឌលចត្តាឡីស័ក សុំឲ្យអាជ្ញាធរស្រុកដែលជាសមត្ថកិច្ចគ្រប់គ្រងផ្ទាល់នៅទីនោះត្រូវតែរៀបចំកែលម្អ ឲ្យបានប្រសើរជាងមុន ក្នុងការរៀបចំចាត់តាំងមុខងារមន្ត្រីសំខាន់ៗរបស់ខ្លួន ឲ្យចុះភ្ជាប់តាមដាននិងពិនិត្យមើលជាប្រចាំ ។ទាំងការរៀបចំសណ្តាប់ធ្នាប់ ការសម្អាតអនាម័យក្នុងទីតាំង ការទុកដាក់វេចខ្ចប់កាកសំណល់ផ្សេងៗនិងត្រូវពន្លឿននូវការដឹកជញ្ជូនសំរាមចេញពីក្នុងមណ្ឌល ឲ្យបានទាន់ពេលវេលា និងការរៀបចំទុកដាក់អាហារនិងការចម្អិនអាហារជូនបងប្អូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវទៀងទាត់ពេលម៉ោងជាក់លាក់ ក្នុងការផ្តល់នូវរបបអាហារចំនួន៣ពេលក្នុងមួយថ្ងៃ និងឲ្យឆ្លើយតបសមស្រប ទៅនិង ( របបគោល ) ដែលរាជរដ្ឋាភិបាលបានឧបត្ថម្ភ ជូនដល់បងប្អូនពលករទាំងនោះ?។ចៀសវាងនូវការលេចចេញជាបាតុភាពអសកម្មកើតឡើងមួយចំនួននៅតាមសង្គមហ្វេសប៊ុក ដែលកន្លងមកបានលើកឡើងថា៖ម្ហូបមានតែបន្លែ គ្មានសាច់ ?អន់ជាងម្ហូបឆ្កែជាដើម។

      សូមបញ្ជាក់ដែរថា៖កន្លងមកនេះ ក៏មានការរិះគន់ដល់ចុងភៅមួយចំនួននៅតាមមណ្ឌលចត្តាឡីស័កក្នុងស្រុកកំរៀង ដោយរិះគន់ និងលើកឡើងដោយមិនសមហេតុសមផល ហើយត្រូវបានរដ្ឋបាលស្រុកកំរៀង ខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺនិងបដិសេធទាត់ចោល ពីការបង្ហោះព័ត៌មានទាំងនោះថា៖ជារឿងប្រឌិត ដើម្បីមួលបង្កាច់ចោទប្រកាន់ដល់អាជ្ញាធរទាំងស្រុង។

      ទាក់ទិននិងហេតុការកើតឡើងនេះ បងស្រីជាចុងភៅ នៅក្នុងមណ្ឌលចត្តាឡីស័កនៃវិទ្យាល័យកំរៀង បានលើកឡើងថាការបង្ហោះព័ត៌មានបែបនេះមានន័យបង្កាច់បង្ខូចពួកគាត៎ដែលជាចុងភៅ ហើយកន្លងមកនេះ ក៏គ្មានហេតុផលដូចការចោទប្រកាន់ដែលបង្ហោះនោះឡើយ។ គាត់ក៏បានរៀបរាប់ប្រាប់ក្រុមប្រតិភូខេត្តដែលចុះទៅកាន់ទីកន្លែងចុងភៅ ថា៖ បើគេមានចេតនាអាក្រក់ គឺ៖សម្លដែលគេដួសសាច់ហូបអស់? ហើយថតតែបន្លែ?ធ្វើការចោទប្រកាន់ពួកគាត់ វាគឺជាការងាយបំផុត។ តែវាមិនដូចការថតបង្ហោះចោទប្រកាន់ទាំងនោះទេ។ គាត់ក៏បានបន្ថែមឲ្យទៀតដឹងថា៖ចាប់ពីមានការបង្ហោះព័ត៌មានបែបនោះមក បងប្អូនគាត់ខាងចុងភៅបានកំណត់ធ្វើម្ហូបគោក ច្រើនជាងម្ហូបដាំសម្ល ដូចជា៖ឆា ឬអាំងវិញ។ចៀសវាងពីការក្លែង បំភ្លៃការពិត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner