ជួសជុលអ៊ុតកៅស៊ូACកម្រាស់៥សង់ទីម៉ែត មហាវិថីព្រះនរោត្តម ចាប់ពីរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ មហាវិថីព្រះនរោត្ដម ដែលខូចខាតដោយទឺកជំនន់របស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យបានឈានដល់ការអ៊ុតកៅស៊ូAC កម្រាស់៥សង់ទីម៉ែត្រហើយ ក្រោយពីបានជួសជុលគ្រលុកសំបុកមាន់និងធ្វើគ្រឹះរួច។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញតំណាង ឯកឧត្ដម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹក នាំមន្ត្រីជំនាញចុះពិនិត្យការដ្ឋាន នេះ នឹងបានជំរុញឲ្យក្រុមការងារអនុវត្តការងារឲ្យស្របតាមលក្ខណៈបច្ចេកទេស ដើម្បីឲ្យមហាវិថីនេះប្រើប្រាស់បានយូរអង្វែង។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កំណាត់មហាវិថីព្រះនរោត្ដមចាប់ពីរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យ មានប្រវែង២១៥០ម៉ែត្រទទឹង ១៦ម៉ែត្រ បានធ្វើការជួសជុលសំបុកមាន់ធ្វើគ្រឹះតាំងពីពាក់កណ្តាលខែមករាឆ្នាំ២០២១និងបានបញ្ចប់ការជួសជុលគ្រឹះ កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ ២០២១ ហើយក្រុមការងារបានចាប់ផ្ដើមធ្វើការអ៊ុតកៅស៊ូAC កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១ ដែលគ្រោងបញ្ចប់នៅថ្ងៃទី០៧ខែមិនាឆ្នាំ២០២១ ។
មន្ត្រីដដែលបានបញ្ជាក់ថា នៅក្នុងខណ្ឌដូនពេញ គម្រោងជួសជុលផ្លូវដែលខូចខាតដោយទឹកជំនន់កន្លងមកនេះ មានចំនួន១៦ខ្សែ ប៉ុន្តែមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារួចរាល់ចំនួន ១០ខ្សែហើយ ហើយកំណាត់មហាវិថីព្រះនរោត្តមនេះគឺជាកំណត់ផ្លូវទី១១របស់គម្រោងរដ្ឋបាលរាជធានីភ្នំពេញ។

លោកសុខ ពេញវុធ បានធ្វើការណែនាំ ប្រធានការិយាល័យសាធារណការនិងដឹកជញ្ជូនខណ្ឌដូនពេញ ឲ្យតាមដានចុះពិនិត្យជាប្រចាំចំពោះការដ្ឋាននានាដែលបាននិងកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយចំពោះការងារដែលយើងត្រូវចូលរួម គឺត្រូវធ្វើរឺហ្គែលូនិងអណ្តូងលូឡើងវិញបើពិនិត្យឃើញថា មានការខូចខាតនោះ ដេីម្បី រួមចំណែកជាមួយអភិបាលរាជធានីភ្នំពេញក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានសោភ័ណភាព ងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរ។
លោកសុខ ពេញវុធ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង បើទោះបីស្ថិតក្នុងដំណាក់កាលរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងនៅតែធ្វើការអភិវឌ្ឍ ដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner