ដំណឹងរីករាយ៖មេអណ្តើកហ្លួងដែលជាសត្វដ៏កម្រចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលពងជាលើកដំបូងបានជាង៧០ពង

កោះកុង៖ កាលពីសប្តាហ៍កន្លងទៅ មេអណ្តើកហ្លួងចិញ្ចឹមចំនួន ៥ក្បាល បានពងនៅលើឆ្នេរខ្សាច់សិប្បនិមិ្មតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង សរុបមានចំនួន ៧១ពង។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) នៅថ្ងៃទី២ខែមីនាឆ្នាំ២០២១នេះ។

យោងតាមសេចក្តីប្រកាសខាងលើនេះបានបញ្ជាក់ថាបើយោងតាមរូបភាពទទួលបានពីម៉ាស៊ីនថតសត្វស្វ័យប្រវត្តិបានបញ្ជាក់ថា ពងអណ្តើកហ្លួងទាំងអស់នោះ គឺជាពងរបស់មេអណ្តើកហ្លួង ៥ក្បាលដែលក្រុមការងារបានយកទៅចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលនោះក្បាលពីជាង ១០ឆ្នាំមុន ដោយក្នុងនោះមាន ៤ក្បាលត្រូវបានក្រុមការងារយកពីតាមឆ្នេរខ្សាច់ក្នុងប្រព័ន្ធព្រែកស្រែអំបិលក្រោយញាស់ភ្លាម និង មួយក្បាលទៀតត្រូវបានពលរដ្ឋនៅខេត្តកោះកុងយកមកប្រគល់ឱ្យកាលពីឆ្នាំ ២០១៧។

ពាក់ព័ន្ធក្នុងរឿងនេះលោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សប្រចាំតំបន់កោះកុងនិងមេគង្គនៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានបញ្ជាក់ថា «នេះជាលើកទីមួយហើយដែលអណ្តើកហ្លួងចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌលនេះបានពង ក្រោយពេលដែល មេអណ្តើកហ្លួងទាំងនេះត្រូវបានយកមកចិញ្ចឹមថែទាំតាំងពីឆ្នាំ ២០០៦មក។ ក្រុមការងារនឹងពិភាក្សាគ្នាថាតើត្រូវសាងសង់សម្បុកសប្បនិមិត្តដើម្បីភ្ញាស់ពងទាំងនេះ ឬមួយក៏ទុកវាឱ្យញាស់ក្នុងសភាពដើម។»

លោក ស្ទីវឹន ផ្លាត (Steven G. Platt) អ្នកជំនាញផ្នែកឧរង្គសត្វនិងថលជលិក នៃអង្គការ WCS ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានឱ្យដឹងថា «នេះគឺជារឿងដ៏រំភើបនិងដ៏សំខាន់មួយដែលមិនគួរឱ្យជឿថាប្រភេទសត្វអណ្តើកក៏កម្របែបនេះអាចពងនៅទីនេះ។ ការបង្កកំណើតរបស់សត្វអណ្តើកហ្លួងដែលយើងយកមកចិញ្ចឹមគឺជាគោលដៅអភិរក្សមួយសម្រាប់ស្តារប្រភេទអណ្តើកហ្លួងដែលជិតផុតនេះឡើងវិញនៅក្នុងប្រទេសកម្ពុជា។ យើងរំពឹងថាគម្រោងនឹងអាចជំរុញការបង្កាត់ប្រភេទអណ្តើកនេះបានចំនួនច្រើននៅក្នុងមជ្ឈមណ្ឌលនេះ និងអាចយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ”។

លោកស្រីបណ្ឌិត សុនចា លូហ្ស៍ (Dr Sonja Luz) អនុប្រធានផ្នែកអភិរក្ស ស្រាវជ្រាវ និងពេទ្យសត្វ នៃឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី (WRS) បានមានប្រសាសន៍ថា «ឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី (WRS) មានក្តីរំភើបដោយបានចូលរួមចំណែកក្នុងគោលដៅដ៏សំខាន់មួយទៀតដើម្បីអភិរក្សប្រភេទអណ្តើកដ៏កម្រនេះ។ ឆ្នាំ ២០២១ គឺជាការចាប់ផ្តើមដ៏អស្ចារ្យមួយសម្រាប់អណ្តើកហ្លួង បន្ទាប់ពីយើងបានលែងប្រភេទអណ្តើកនេះចំនួន ១០ក្បាលចូលទៅក្នុងទីជម្រកធម្មជាតិវិញកាលពីចុងខែមករា កន្លងទៅ។

នេះជាការលើកទឹកចិត្តមួយសម្រាប់ពួកយើង ដោយឃើញដៃគូរបស់យើងសម្រេចការងារបានលទ្ធផលល្អ ទោះបីជាស្ថិតក្នុងស្ថានភាពនៃការគំរាមកំហែងដោយជំងឺរាតត្បាតនៅលើពិភពលោកក្តី ហើយយើងខ្ញុំរីករាយនិងអបអរសាទរសមិទ្ធិផលទាំងនេះទាំងអស់គ្នា។ នេះគឺជាសក្ខីភាពនៃការលះបង់របស់ដៃគូពាក់ព័ន្ធនានារបស់យើងក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងអភិរក្សដើម្បីការពារប្រភេទអណ្តើកហ្លួងនេះ។»

លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានមានប្រសាសន៍ថា «យើងមានមោទនភាពណាស់ដែលទទួលលទ្ធផលដ៏អស្ចារ្យនេះ។ រដ្ឋបាលជលផលសូមធ្វើការលើកទឹកចិត្តនិងគាំទ្រពេញទំហឹង និងបន្តកិច្ចការស្រាវជ្រាវនេះទៀតដើម្បីសម្រេចគោលដៅក្នុងពេលអនាគត ហើយយើងសង្ឃឹមថា អណ្តើកហ្លួងដែលជាប្រភេទជិតផុតពូជនេះនឹងមានវត្តមានរស់នៅយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត”។

គួរបញ្ជាក់ថា អង្គការ WCS បាននិងកំពុងសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់តាំងពីឆ្នាំ ២០០០ ដើម្បីអភិរក្សប្រភេទអណ្តើកហ្លួងនេះ (មានឈ្មោះវិទ្យាសាស្ត្រថា Batagur affinis) នៅកម្ពុជា។ បន្ទាប់ពីបានរកឃើញវត្តមានប្រភេទនេះសាជាថ្មីក្នុងឆ្នាំ ២០០០ នៅតាមប្រព័ន្ធព្រែកស្រែអំបិលភាគនិរតីនៃប្រទេសកម្ពុជា អង្គការ WCS សហការជាមួយរដ្ឋបាលជលបានបង្កើតកម្មវិធីការពារសម្បុកដោយបានជ្រើសរើសអតីតអ្នកដើរប្រមូលពងអណ្តើកឱ្យធ្វើជាអ្នកការពារសម្បុកអណ្តើក។

ក្នុងឆ្នាំ ២០០៦ អង្គការ WCS បានសាងសង់មណ្ឌលសម្រាប់ចិញ្ចឹមថែទាំអណ្តើកមួយស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីរក្សាទុកកូនអណ្តើកដែលប្រមូលបានពីតាមឆ្នេរខ្សាច់។ ក្រោយមកក្នុងឆ្នាំ ២០១៦ មណ្ឌលនេះត្រូវបានប្តូរទីតាំងទៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ចម្ងាយប្រមាណ ១៥គ.ម ពីក្រុងខេមរៈភូមិន្ទវិញ។ រៀងរាល់ឆ្នាំ កូនអណ្តើកដែលញាស់នៅលើឆ្នេរខ្សាច់តាមប្រព័ន្ធព្រែកស្រែអំបិល ត្រូវបានក្រុមការពារសម្បុកប្រមូលបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុងដើម្បីចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យទើបយកវាទៅលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ។ ឧទ្យានសត្វព្រៃប្រទេសសឹង្ហបុរី ជាម្ចាស់ជំនួយដ៏សំខាន់មួយក្នុងចំណោមម្ចាស់ជំនួយជាច្រើនដែលបាន ផ្តល់មូលនិធិគាំទ្រដល់គម្រោងនេះ។

សូមរំលឹកថា បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ១៩២ក្បាល។ អណ្តើកហ្លួងជំទង់ចំនួន ៩៦ក្បាល ត្រូវបាលលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ ២០១៥មក ហើយក្រុមការងារគ្រោងនឹងលែង ៥០ក្បាលទៀតនៅចុងឆ្នាំ ២០២១ខាងមុខនេះ។ អណ្តើកស្ទើរជំទង់និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបានចិញ្ចឹមថែទាំនៅក្នុងស្រះបង្កកំណើតចំនួន ៤។ ចំណែកឯ អណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពីប្លាស្ទីក មុននឹងផ្ទេរចូលទៅក្នុងស្រះបង្កកំណើត៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner