វិនិយោគចិននៅក្នុងប្រទេសអូស្ត្រាលីដាំក្បាលចុះជាង 60 ភាគរយកាលពីឆ្នាំទៅ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថា ការវិនិយោគរបស់ប្រទេសចិននៅក្នុងប្រទេសអូស្ត្រាលីត្រូវបានគេដឹងថាបានធ្លាក់ចុះខ្លាំងរហូតទៅដល់ 61 ភាគរយកាលពីឆ្នាំ2020 ដែលវាគឺជាតួលេខមិនធ្លាប់មានឡើយក្នុងរយៈពេល 6 ឆ្នាំចុងក្រោយនេះ។

ការធ្លាក់ចុះយ៉ាងគំហុកនេះក៏ត្រូវបានគេមើលឃើញថាបានកើតឡើងនៅក្នុងពេលដែលស្ថានភាពការទូតរវាងប្រទេសមហាយក្សទាំងពីរកំពុងមានភាពតានតឹងដាក់គ្នាដោយក្នងនោះតាមទិន្នន័យដែលបានបង្ហាញដោយសកលវិទ្យាល័យជាតិអូស្ត្រាលីបានឲ្យយើងឃើញថាទំហំវិនិយោគរបស់ចិននៅក្នុងប្រទេសអូស្ត្រាលីមានត្រឹមតែ 780 លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំទៅ។

នៅក្នុងឆ្នាំ 2020 នេះផងដែរក្រុមហ៊ុនវិនិយោគរបស់ចិនមានចំនួនត្រឹមតែ 20 ប៉ុណ្ណោះដែលមានវត្តមាននៅក្នុងប្រទេសអូស្ត្រាលីធៀបទៅនឹងទំហំវិនិយោគខ្លាំងបំផុតកាលពីឆ្នាំ 2016 ដែលគ្រានោះក្រុមហ៊ុនចិនមានរហូតទៅដល់ 111 ។ដោយឡែកតួលេខកាលពីឆ្នាំ 2019 វិនិយោគចិនគឺ បានធ្លាក់ចុះរហូតទៅដល់ 47 ភាគរយរួចទៅហើយដែលឆ្នាំនោះទំហំវិនិយោគសរុបមានត្រឹមតែ 1.57 ពាន់លានដុល្លារប៉ុណ្ណោះ។

ក្រុមហ៊ុនចិនជាទូទៅត្រូវបានគេដឹងថាបានធ្វើការវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់របស់ប្រទេសអូស្ត្រាលីនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែតាមតួលេខកាលពីឆ្នាំទៅអាចឲ្យយើងឃើញថាចិនបានប្រើប្រាស់ការវិនិយោគរបស់ខ្លួនតែទៅលើវិស័យអចលនទ្រព្យ 357 លានដុល្លារវិស័យរុករករ៉ែ 321 លានដុល្លារនិងវិស័យរោងចក្រ 119 លានដុល្លារ។

តើចិននិងអាមេរិកទើសទាល់គ្នាតាំងពីពេលណាមកនិងដោយសារអ្វី?

កាលពីខែមេសាកន្លងទៅរដ្ឋាភិបាលអូស្ត្រាលីក្រោមការគាំទ្រពីសំណាក់នាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវឲ្យអន្តរជាតិក្នុងការស៊ើបអង្កេតឲ្យបានម៉ត់ចត់ទៅលើប្រភពដើមនៃកូវីដនៅក្នុងប្រទេសចិនទីក្រុងវូហានដែលវាត្រូវបានបង្កទៅជាកំហឹងយ៉ាងខ្លាំងដោយរដ្ឋាភិបាលក្រុងប៉េកាំង។

ជាការឆ្លើយតបចិនបានប្រកាសដាក់ទណ្ឌកម្មដូចជាការតម្លើងតម្លៃនិងការរឹតបន្តឹងពាណិជ្ជកម្មជាមួយនឹងទំនិញរបស់អូស្ត្រាលីដូចជាស្រាក្រហមសាច់គោបង្កងហើយនៅក្នុងមុខទំនិញខ្លះតម្លៃរបស់វាត្រូវបានបង្កើនឡើងរហូតទៅដល់ 200 ភាគរយ។តានតឹងគ្នាលើកនេះក៏បានបង្កទៅជាបញ្ហាសម្រាប់ផលិតផលធ្យូងថ្មទៀតផងដោយនាវាដឹកធ្យូងថ្មជាច្រើនគ្រឿងត្រូវបានជាប់គាំងនៅក្នុងឈូងសមុទ្រនៃប្រទេសចិន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner