តើសេដ្ឋកិច្ច និងស្ថានភាពរបស់មីយ៉ាន់ម៉ាអាចស្រោចស្រង់ឡើងវិញដែរឬទេ?

បរទេស៖ការប៉ះទង្គិចគ្នាមានសភាពកាន់តែធ្ងន់ធ្ងរ និងកាចសាហាវរវាងក្រុមយោធាមីយ៉ាន់ម៉ា និងក្រុមបាតុករ
ហើយដោយត្រឹមតែមួយថ្ងៃប៉ុណ្ណោះកាលពីថ្ងៃអាទិត្យម្សិលមិញពលរដ្ឋមីយ់ាន់ម៉ាយ៉ាងហោចណាស់ 18 នាក់បានបាត់បង់ជីវិត។

អស់រយៈពេល 1 ខែមកហើយដែលរដ្ឋប្រហារដោយយោធានៅតែបន្តកើតឡើងខណៈដែលសកម្មភាពសេដ្ឋកិច្ចជាច្រើនត្រូវបានជាប់គាំង។សំណួរជាច្រើនត្រូវបានធ្វើឡើងហើយនៅពេលនេះរឿងដែលគេចង់ដឹងជាងគេនោះគឺថាតើស្ថានភាពនិងសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាអាចងើបឡើងវិញឬស្រោចស្រង់ឡើងវិញដែរឬទេ?

យើងនាំគ្នាទៅមើលស្ថានភាពរបស់សេដ្ឋកិច្ចនិងប្រតិកម្មរបស់អន្តរជាតិចុងក្រោយនេះចំពោះមីយ៉ាន់ម៉ាដើម្បីអាចធ្វើការព្យាករណ៍បានពីអនាគតរបស់មីយ៉ាន់ម៉ា៖

កិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងកូវីដក្លាយទៅជាបញ្ហាស្រពេចស្រពិលខណៈដែលក្រុមការងារសុខាភិបាលជួរមុខបានក្លាយទៅជាបាតុករជួរមុខដើម្បីធ្វើការតវ៉ាទៅនឹងរដ្ឋប្រហារ។

សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាដែលត្រូវបានចេញផ្សាយដោយបាងកកប៉ុស្តិ៍បានសរសេរថាកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតក្នុងនោះប្រមាណជា 90 ភាគរយនៃអ្នកបើករថយន្តដឹកទំនិញធំៗទាំង 4000 នាក់នៅក្នុងផែសមុទ្រទាំង 4 របស់ប្រទេសនាំគ្នាបញ្ចប់ការងារដើម្បីចូលរួមធ្វើការតវ៉ាដែលវាបានធ្វើឲ្យការដឹកជញ្ជូនទំនិញនាំចូលមានសភាពយឺតយ៉ាវយ៉ាងខ្លាំងទោះបីជាអ្នកបើកបរទាំងនោះបានសន្យាថានឹងធ្វើការដឹកជញ្ជូនតែអាហារនិងថ្នាំសង្កូវប៉ុណ្ណោះសម្រាប់រោងចក្រនិងពលរដ្ឋ។

ការនាំចេញរបស់មីយ៉ាន់ម៉ាក៏ជួបបញ្ហាដូចគ្នាខណៈដែរអតិថិជនបរទេសកំពុងរងសំពាធក្នុងការសម្រេចចិត្តផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ផ្សេងជំនួសវិញព្រោះថាមីយ៉ាន់ម៉ាកំពុងទទួលបានទណ្ឌកម្មជាច្រើននិងបន្តបន្ទាប់គ្នា។

ក្នុងនោះធនាគារពិភពលោក World Bank បានប្រកាសផ្អាកជំនួយសម្រាប់គម្រោងអភិវឌ្ឍជាច្រើនរួចទៅហើយសម្រាប់មីយ៉ាន់ម៉ាខណៈដែលម្ចាស់ជំនួយធំៗទៀតដូចជាជប៉ុនជាច្រើនក៏បានត្រៀមដកជំនួយយ៉ាងហោចណាស់ពាក់កណ្តាលចេញពីមីយ៉ាន់ម៉ាផងដែរក្នុងពេលនេះ។

ទាំងទណ្ឌកម្មសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយផ្ទាល់និងប្រយោលនឹងធ្វើឲ្យអត្រានៃការវិនិយោគបរទេស FDI ធ្លាក់ចុះខណៈដែលមីយ់ាន់ម៉ាក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍនោះពិតជាត្រូវការវិនិយោគបែបនេះខ្លាំងដែលតួលេខចុងក្រោយបានបញ្ជាក់ថា FDI មានទំហំដល់ទៅ 5 ភាគរយនៃផលិតផលក្នុងស្រុកសរុប GDP។

ក្នុងនោះបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីដែលសហប្រតិបត្តិការជាមួយនឹងមីយ៉ាន់ម៉ាគឺជាអ្នកទទួលរងផលប៉ះពាល់ច្រើនជាងគេនៅពេលដែលនិយាយអំពីវិនិយោគបរទេសនោះមានដូចជាសិង្ហបុរីចិនថៃជប៉ុននិងក៏ដូចជាបណ្តាប្រទេសមួយចំនួននៅអ៊ឺរ៉ុបជាពិសេសហូឡុង់និងអង់គ្លេស។ក្នុងនោះញូវសឺឡេនបានសម្រេចចិត្តផ្តាច់ទំនាក់ទំនងមុនគេជាមួយនឹងមីយ់ាន់ម៉ាតាំងតែពីថ្ងៃទី 9 កុម្ភៈខណៈដែលប្រទេសជាច្រើនផ្សេងទៀតប្រកាសដាក់ទោសចំពោះសកម្មភាពយោធាចុងក្រោយនេះ។

ច្បាស់ណាស់ចំពោះបណ្តាប្រទេសនៅតំបន់អាស៊ីគឺនឹងមិនមានការសម្រេចចិត្តងាយស្រួលឡើយចំពោះបញ្ហានៅមីយ៉ាន់ម៉ាប៉ុន្តែតាមការបញ្ជាក់បន្ថែមរបស់កាសែតបាងកកប៉ុស្តិ៍ជឿជាក់ថាមានតែចិនប៉ុណ្ណោះដែលនឹងអាចដើរតួយ៉ាងសំខាន់នៅក្នុងការដោះស្រាយឬសម្រួលបញ្ហានេះពីព្រោះថាចុងក្រោយនេះចិនគឺជាអ្នកដែលមានការផ្តោតយកចិត្តទុកដាក់ខ្លាំងក្នុងការងារបណ្តាក់ទុកនៅក្នុងប្រទេសមួយនេះក្នុងនោះគោលបំណងធំរបស់ខ្លួនគឺដើម្បីអាចទទួលបានជោគជ័យចំពោះគម្រោងយក្ស Belt and Road Project៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner