អណ្តើក ហ្លួងចំនួន ១០ ក្បាលត្រូវបានគេលែងចូលក្នុងទីជម្រកធម្មជាតិនៅខេត្តព្រះសីហនុ

ភ្នំពេញ៖អណ្តើកហ្លួង ឬអណ្តើកសរសៃដែលជាប្រភេទជិតផុតពូជបំផុតក្នុងពិភពលោក ចំនួន ១០ក្បាល ត្រូវបានគេលែង ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។
ការលែងសត្វដ៏កម្រ និងជិតផុតពូជបំផុតនៅក្នុងពិភពលោកនេះបានធ្វើឡើងកាលពីថ្មីៗមកនេះដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និង នាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី (Wildlife Reserves Singapore-WRS)។

សូមបញ្ជាក់ថាការលែងអណ្តើកហ្លួងនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិតពីរទសវត្សរ៍ក្នុងការការពារសំបុក អណ្តើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្តើកនៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល ដែលគាំទ្រដោយ WRS និងដៃគូមួយចំនួនទៀត។ នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល បន្ទាប់ពីការលែងលើកទី ១ ទី២ និងទី៣ ក្នុងឆ្នាំ ២០១៥ ២០១៧ ២០១៩ និង ២០២០ ដែលសរុបទាំងបួនលើក មានចំនួន ៩៦ក្បាល។

ក្នុងពិធីនេះលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផលបានលើកឡើងថា «ខ្ញុំសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនជាប្រជាពលរដ្ឋ និងជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះនេះឲ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។»
ជាមួយគ្នាប្រធាននាយកដ្ឋានអភិរក្សជលផលរូបនេះក៏បានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទអណ្តើកនេះ ព្រមទាំងក្រើនរំលឹកដល់ជនល្មើសមួយចំនួនដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

ពាក់ព័ន្ធក្នុងរឿងនេះលោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការWCS បានថ្លែងថា អណ្តើកហ្លួងទាំង ១០ក្បាល(ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Southern River Terrapin (Batagur affinis)) ដែលបានលែងនាពេលនេះត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីវាបានញាស់នៅក្នុងសំបុករបស់វានៅតាមដងព្រែកស្រែអំបិល និងព្រែកកំពុងលើស្ថិតក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ ២០០៦ ដល់ ២០១៥ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងដែលស្ថិតនៅភូមិទួលគរគី ឃុំទួលគរគី ស្រុកមណ្ឌលសីមា ចម្ងាយប្រមាណ ១៥គ.ម ភាគអាគ្នេយ៍ក្រុងកោះកុង ដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

លោកថា អណ្តើកប្រភេទនេះ ស្ថិតក្នុងប្រភេទអណ្តើក ទឹកសាបនិងអណ្តើកគោកចំនួន ២៥ប្រភេទដែលជិតផុតពូជនៅលើពិភពលោក។ ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិតឆ្នាំ ២០០៥។ ដោយសារមានការនេសាទខុសច្បាប់ ការធ្វើអាជីវកម្មហួសប្រមាណ ការបាត់បង់ទីជម្រក និងការធ្វើអាជីវកម្មខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលនៅក្នុងខេត្តកោះកុងនិងខេត្តព្រះសីហនុ បានធ្វើឲ្យប៉ះពាល់ដល់ទីជម្រកនិងការបង្កកំណើតរបស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញថាមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិលស្ថិតនៅខេត្តកោះកុងនិងខេត្តព្រះសីហនុក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះ។ សត្វអណ្តើកទាំងនេះកំពុងតែប្រឈមទៅនឹងការវិនាសផុតពូជ។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងដែរថា «យើងខ្ញុំសូមចូលរួមអបអរសាទររាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរមូលដ្ឋាន និងអង្គការ WCS ដែលបានខិតខំប្រឹងប្រែងរួមគ្នាការពារនិងអភិរក្សអណ្តើកហ្លួងទាំងនេះ ហើយនេះបានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃការការពារធនធានជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា។ សហភាពអឺរ៉ុប បាននិងកំពុងផ្តល់មូលនិធិគាំទ្រគម្រោងអភិរក្សសត្វព្រៃ ដើម្បីប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសំបុកអណ្តើកហ្លួងនិងកន្ធាយក្បាលកង្កែប ដោយមានអង្គការ WCS ជាអ្នកអនុវត្តគម្រោង សហការជាមួយរដ្ឋបាលជលផល និងសហគមន៍មូលដ្ឋាន។

សហភាពអឺរ៉ុប ក៏ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយគាំទ្រលើការគ្រប់គ្រងធនធានជលផលសំខាន់ៗប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ។»ដោយឡែកលោកបណ្ឌិត សុនចា ឡូហ្ស (Dr Sonja Luz) នាយកឧទ្យានសត្វព្រៃ WRS បានមានប្រសាសន៍ថា «វាជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ពួកយើង ដោយឃើញគម្រោងនេះសម្រេចបានលទ្ធផលល្អ ចាប់តាំងពីឆ្នាំ ២០១៥រហូតមកដល់ពេលនេះ ជាក់ស្តែង អណ្តើកហ្លួងជិត ១០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ។

លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានបញ្ជាក់ថា «កម្មវិធីការពារសំបុកអណ្តើក ដើរតួនាទីដ៏សំខាន់ក្នុងការការពារប្រភេទសត្វអណ្តើកដ៏កម្រនិងជិតផុតពូជទាំងនេះ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមពីប្រជាសហគមន៍មូលដ្ឋានក្នុងការការពារនិងថែរក្សាសំបុកអណ្តើក រហូតដល់ពេលកូនអណ្តើក ញាស់ចេញដោយជោគជ័យ”៕ដោយ៖ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner