ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែតប្តេជ្ញាលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះនៅត្រឹមឆ្នាំ2030

បរទេស ៖ ក្រុមហ៊ុនផលិតថយន្តរបស់ស៊ុយអែតដ៏ល្បីល្បាញ Volvo នៅថ្ងៃអង្គារនេះបាននិយាយថាខ្លួននឹងដាក់ផែនការថ្មីក្នុងការលក់តែរថយន្តអគ្គិសនីប៉ុណ្ណោះចាប់ពីឆ្នាំ2030 តទៅ ដោយបូករួមទាំងរថយន្តកូនកាត់មួយចំនួនផងដែរ។

ក្រុមហ៊ុន Volvo បានបញ្ជាក់ថាខ្លួននឹងត្រៀមរៀបចំធ្វើការវិនិយោគឲ្យបានខ្លាំងក្លាទៅលើយុទ្ធសាស្ត្រលក់លើអនឡាញនិងធ្វើឲ្យផលិតផលរបស់ខ្លួនមានលក្ខណៈសាមញ្ញបំផុតក្នុងការធ្វើជួញដូរ។ ការសម្រេចចិត្តផ្លាស់ប្តូរទាំងស្រុងទៅលើរថយន្តអគ្គិសនីបែបនេះក៏ត្រូវបានក្រុមហ៊ុនបញ្ជាក់ដែរដោយសារថាបច្ចុប្បន្នតម្រូវការកាន់តែមានសន្ទុះ ជាពិសេសទីផ្សារនៅក្នុងប្រទេសចិនដែលជាទីផ្សារធំបំផុតរបស់យីយោរថយន្ត Volvo។

កាលពីពេលកន្លងមកនេះទាំងក្រុមហ៊ុនផលិតថយន្ត និងក្រុមហ៊ុនផលិតយានយន្ដនានានៅក្នុងតំបន់អ៊ឺរ៉ុបបាននាំគ្នាធ្វើការឆ្លើយតបយ៉ាងច្បាស់លាស់គ្រប់គ្នាបន្ទាប់ពីទទួលបានសំពាធពីសំណាក់រដ្ឋាភិបាលនៃប្រទេសរបស់គេក្នុងការប្តេជ្ញាចិត្តឲ្យបញ្ចប់ការប្រើប្រាស់ថាមពលឥន្ធនៈហ្វូស៊ីល ហើយងាកមកប្រើប្រាស់រថយន្តអគ្គិសនីជំនួសវិញ។

ប្រធានប្រតិបត្តិរបស់ Volvo លោក Hakan Samuelsson បាននិយាយថា៖ដើម្បីអាចបន្តភាពជោគជ័យរបស់យើងបាន និងបន្តថែរក្សាកំណើនប្រាក់ចំណេញយើងនឹងជំនួសឲ្យការវិនិយោគទៅអាជីវកម្មដែលជិតនឹងបាត់បង់នោះយើងនឹងជ្រើសយកការវិនិយោគសម្រាប់អនាគតវិញ នោះគឺរថយន្តអេឡិចត្រូនិក និងការលក់អនឡាញ។

កាលពីមុន Volvo ធ្លាប់បានប្រកាសថាខ្លួននឹងធ្វើឲ្យបានសម្រេចការលក់រថយន្តរបស់ខ្លួនសម្រេចបានពាក់កណ្តាលជាមួយរថយន្តដើរដោយថាមពលអគ្គិសនីខណៈដែលរថយន្តកូនកាត់របស់ក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនេះបានសម្រេចចិត្តរួមគ្នាជាមួយនឹងក្រុមហ៊ុនផលិតរថយន្តរបស់ចិន Geelyក្នុងការផលិតគ្រឿងបន្លាស់សម្រាប់រថយន្តអគ្គិសនីដែលអាចនឹងត្រូវប្រើប្រាស់សម្រាប់ផែនការរបស់ពួកគេរួមគ្នា៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner