រយៈពេល២ខែដំបូង ឆ្នាំ២០២១នេះ កម្ពុជា បានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ ៦៤.៥៣ លានដុល្លារសហរដ្ឋអាមេរិក និងក្នុងបរិមាណ ៧៦ ២២២ តោន វិបត្តិការដឹកជញ្ជូនតាមកប៉ាល់ជាសកល នៅតែជាបញ្ហាចម្បង រាំងស្ទះដល់ការនាំចេញអង្កររបស់កម្ពុជា ក្នុង២ខែដើមឆ្នាំ ២០២១ នេះ

តាមរបាយការណ៍សង្ខេបនៃការនាំចេញអង្កររបស់កម្ពុជា ប្រចាំខែកុម្ភៈ ឆ្នាំ២០២១ របស់សហពន្ធ័ស្រូវអង្ករកម្ពុជា បានអោយដឹងថា រយៈពេល២ខែដំបូង នៃដើមឆ្នាំ២០២១នេះ កម្ពុជា បានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ ៦៤.៥៣ លានដុល្លារសហរដ្ឋអាមេរិក និងក្នុងបរិមាណ ៧៦ ២២២ តោន ដែលការនាំចេញក្នុងរយៈពេល២ខែនេះ នៅតែប្រឈមនឹងការថយចុះ ពោលគឺថយចុះ ៤៤.១៦% បើប្រៀបធៀបនឹងរយះពេលដូចគ្នា នៃឆ្នាំ២០២០ ។ ការថយចុះនេះគឺបណ្តាលមកពីមូលហេតុចំបងដោយសារកង្វះកុងតែន័រ និងតម្លៃដឹកជញ្ជូន តាមផ្លូវសមុទ្រនៅបន្តខ្ពស់ រហូតដល់ជិត៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។

ស្របពេលនេះផងដែរ បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០២១ ដែលជាខែមុននេះវិញ យើងឃើញថា របត់នៃការនាំចេញអង្ករកម្ពុជា ក្នុងខែកុម្ភៈនេះ កំពុងឈានទៅរកការកើនឡើងជាវិជ្ជមានជាបណ្តើរៗ។ ជាក់ស្តែង ខែមករា ឆ្នាំ២០២១ កម្ពុជា នាំចេញបានត្រឹមតែចំនួន ៣៤២៧៣ តោន ទៅកាន់ទិសដៅចំនួន២៨ប្រទេសតែប៉ុណ្ណោះ តែនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ការនាំចេញ បានកើនឡើងបាន ២២% ពោលគឺឡើងដល់ ៤១៩៤៩ តោន និងទិសដៅទីផ្សារទៀតសោត ក៏កើនដល់ ៣៥ប្រទេសផងដែរ។

ចំពោះទិសដៅទីផ្សារ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកដល់ទៅ ៤៩.៣៧% គិតជាបរិមាណគឺមានចំនួន ៣៧ ៦៣០ តោន។ រីឯទីផ្សារធំទី២ គឺជាទីផ្សារសហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែក២៤.៩១% គិតជាបរិមាណ មានចំនួន ១៨ ៩៩៦ តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំង ដែលមានចំនួន ៨ ៨៥០ តោន។ ទីផ្សារបន្ទាប់ ដែលមានចំណែក៨% គឺជាទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី និងសាំងហ្កាពួរ ដែលមានចំនួន ៦ ២២៩ តោន និងចំណែក ១៨% ទៀត គឺជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមាន ១៣ ៣៦៧ តោន ក្នុងនោះរួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង ញូហ្សេឡេន ជាដើម។

គួរបញ្ជាក់ផងដែរថា ប្រភេទអង្ករនាំចេញ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ចំណែកធំជាងគេ គឺ៨៥.៧៧% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល ម្លិះ សែនក្រអូប ជាដើមនោះ ដែលគិតជាបរិមាណមានចំនួន ៦៥ ៣៧៤ តោន។ អង្ករស ត្រូវបាននាំចេញ ១០ ១១៦ តោន និងអង្ករចំហុយ មាន៧៣២ តោន៕

វុទ្ធី រតនា
វុទ្ធី រតនា
ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។
ads banner
ads banner
ads banner