កម្ពុជាទទួលបានចំណួលជាង៦៤លានដុល្លារអាមេរិកពីការនាំអង្កចេញក្នុងរយៈពេល២ខែដំបូង នៃដើមឆ្នាំ២០២១

យោងតាមរបាយការណ៍របស់សហពន្ធ័ស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ កម្ពុជាបានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ ៦៤លាន៥សែន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងក្នុងបរិមាណ ៧ម៉ឺន៦ពាន់២២២ តោន។ ការនាំចេញក្នុងរយៈពេល២ខែនោះ គឺថយចុះ ៤៤.១៦% បើប្រៀបធៀបនឹងរយះពេលដូចគ្នា នៃឆ្នាំ២០២០ ។

ការថយចុះនោះ គឺបណ្តាលមកពីមូលហេតុចំបងដោយសារកង្វះកុងតែន័រ និងតម្លៃដឹកជញ្ជូន តាមផ្លូវសមុទ្រនៅបន្តខ្ពស់ រហូតដល់ជិត៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។ ស្របពេលនោះផងដែរ បើប្រៀបធៀបទៅនឹងខែមករាឆ្នាំ២០២១ ក្នុងខែកុម្ភៈ កំពុងឈានទៅរកការកើនឡើងជាវិជ្ជមានជាបណ្តើរៗ។ ក្នុងខែមករា ឆ្នាំ២០២១ កម្ពុជា នាំចេញបានត្រឹមតែចំនួន ៣ម៉ឺន៤ពាន់២៧៣តោន ទៅកាន់ទិសដៅចំនួន២៨ប្រទេសតែប៉ុណ្ណោះ តែនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ការនាំចេញ បានកើនឡើងបាន ២២% ពោលគឺឡើងដល់ ៤ម៉ឺន១ពាន់៩៤៩តោន និងទិសដៅទីផ្សារទៀតសោត ក៏កើនដល់៣៥ប្រទេសផងដែរ។

ចំពោះទិសដៅទីផ្សារ នៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកដល់ទៅ ៤៩.៣៧% គិតជាបរិមាណគឺមានចំនួន ៣ម៉ឺន៧ពាន់៦៣០ តោន។ រីឯទីផ្សារធំទី២ គឺជាទីផ្សារសហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែក២៤.៩១% គិតជាបរិមាណ មានចំនួន ១ម៉ឺន៨ពាន់៩៩៦ តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំង ដែលមានចំនួន៨ពាន់៨៥០តោន។ ទីផ្សារបន្ទាប់ ដែលមានចំណែក៨% គឺជាទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី និងសាំងហ្កាពួរ ដែលមានចំនួន ៦ ពាន់២២៩ តោន និងចំណែក ១៨% ទៀត គឺជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមាន ១ម៉ឺន៣ពាន់៣៦៧ តោន ក្នុងនោះរួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង ញូហ្សេឡេន ជាដើម។

គួរបញ្ជាក់ផងដែរថា ប្រភេទអង្ករនាំចេញ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ចំណែកធំជាងគេ គឺ៨៥.៧៧% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល ម្លិះ សែនក្រអូប ជាដើមនោះ ដែលគិតជាបរិមាណមានចំនួន ៦ម៉ឺន៥ពាន់៣៧៤ តោន។ អង្ករស ត្រូវបាននាំចេញ ១ម៉ឺន១១៦ តោន និងអង្ករចំហុយ មាន៧៣២ តោន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner