អភិបាលរងខេត្តសៀមរាប បានស្នើរឲ្យប្រជា ពលរដ្ឋបញ្ឈប់សកម្មភាពការកាប់ទន្រ្ទានដីព្រៃ របស់រដ្ឋ

អត្ថបទដោយ៖
ជា សេឌី

តាមការលើកឡើងរបស់ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប ក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ គោលដៅទី៥ ឆ្នាំ២០២០ នៅស្រុកស្វាយលើ កាលពីព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១ ដោយបានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងពីរស្រុក គឺស្រុកស្វាយលើ និងស្រុកជីក្រែង ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់នូវរាល់ទង្វើដែលបានធ្វើការបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងការកាប់ទន្រ្ទានដីព្រៃ និងព្រៃលិចទឹក ដែលជាសម្បត្តិរបស់រដ្ឋ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងនូវបរិស្ថានធម្មជាតិ ។ ឯកឧត្តមក៏បានឲ្យដឹងថា ក្នុងពេលថ្មីៗកន្លងមកនេះប្រមុខរាជរដ្ឋាភិបាល បានបញ្ចុះ ក្រុមការងារកាត់ឆ្វៀវដីព្រៃដែលប្រជាពលរដ្ឋបានអាស្រ័យផលជាក់ស្តែងនៅនឹងកន្លែង ដោយចុះមកធ្វើសម្រង ពីបច្ចុប្បន្នភាពនៅតាមមូលដ្ឋាន ក្នុងស្រុកទាំងពីរនេះ  ដើមី្បលប់បំបាត់នូវការកាប់ទន្ទ្រានដីព្រៃ នៅក្នុងសហគមន៍ និង ចូលរួមធ្វើការដាំដុះកូនឈើឡើងវិញនៅតាមតំបន់ព្រៃរិចរឹល ក្នុងការស្តារឡើងជម្រកព្រៃឈើ ប្រកបដោយជម្រកបៃតង ទាំងព្រៃឈើ និង ព្រៃលិចទឹក ដែលសម្បូរទៅដោយជីវៈចម្រុះទៀតផង ។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀន គឺសូមឲ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ច ក្នុងមូលដ្ឋានធ្វើការបង្ក្រាបឲ្យខាងតែបាន ក្នុងការបំបាត់នូវអំពើចោរកម្ម នៅក្នុងមូលដ្ឋានខ្លួន ហើយកត្តាសំខាន់នោះ គឺ ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ឧបាយមុខទាំងនេះ ។ ម៉្យាងទៀតក៏ត្រូវ រួមគ្នាគោរពច្បាប់ចរាចរណ៍ជើងគោកឲ្យបានគ្រប់ៗគ្នា ។

ឆ្លងតាមរយៈកិច្ចពិភាក្សា ពិគ្រោះយោបល់ អង្គវេទិកាទទួលបាន សំណួរ និងកង្វល់ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋ ចំនួន១២សំណួរ ហើយវាគ្មិនបានឆ្លើយបំភ្លឺទាំង១២សំណួរ សំណូមពរ ពាក់ព័ន្ធទៅនឹងបញ្ហា អគ្គិសនី ,វិវាទដីធ្លី , ធារាសាស្ត្រ , បង្គន់អនាម័យ ,ការតបណ្តាញអគ្គិសនីឡើងភ្នំគូលែន ព្រមទាំងបានធ្វើការដោះស្រាយជូនបង្គន់អនាម័យផងដែរ ។ ក្នុងនោះដែរក៏មានសំណួរសំណូមពរជាលាយលក្ខ័អក្សរមិនទាន់បានឆ្លើយបំភ្លឺមាន ៤៩សំណួរ និងសំណូមពរ ទៅលើបញ្ហា កង្វះអគារសិក្សា , បន្ទប់សិស្សពិសោធន៍ , ផ្ទះគ្រូ , បរិស្ថាន(បញ្ហាសម្រាម) កង្វះអគារសិក្សា , អគ្គិសនី វិវាទដីធ្លី , កង្វះសម្ភារៈសិក្សា , ផ្ទះគ្រូ និង ហេដ្ឋារចនាសម្ព័ន្ធ ។

 ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រាបជូនដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ នៃអង្គវេទិកា សូមរក្សាសិទ្ធិរក្សាទុកសំណួរ និងកង្វល់ក្នុងអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត នឹងយកសំណួរ កង្វល់ទាំងនេះទៅពិនិត្យពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប តាមកាលវេលាសមគួរ តាមរយៈមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមូលដ្ឋានដែលបងប្អូនរស់នៅ ៕សុខា រិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner