រុស្សីកំពុងព្យាយាមកាត់បន្ថយឥទ្ធិពលលុយដុល្លា រ និងពង្រឹងលុយ(ruble)របស់ខ្លួន

បរទេស៖ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សារដ្ឋសហព័ន្ធនៃប្រទេសរុស្សី លោកស្រី Valentina Matviyenko
កាលពីថ្ងៃអង្គារម្សិលមិញនេះបាននិយាយថាប្រទេសរុស្សីមកទល់នឹងពេលនេះគឺកំពុងតែបានព្យាយាមក្នុងការ
ធ្វើការងារដើម្បីអាចកាត់បន្ថយការពឹងផ្អែកទៅលើរូបិយបណ្ណរបស់អាមេរិកគឺដុល្លារ និងបង្កើនភាពរឹងម៉ាំរូបិយវត្ថុ
របស់ខ្លួនវិញគឺរូបល(ruble)។

លោកស្រី Matviyenko ដែលបានថ្លែងប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti ថាទាំងធនាគារ
កណ្តាលរបស់រុស្សី និងរដ្ឋាភិបាលផងដែរបានប្រឹងប្រែងអនុវត្តតាមគោលនយោបាយស្តីអំពីការកាត់បន្ថយប្រាក់ដុល្លារទៅតាមសេចក្តីណែនាំរបស់លោកប្រធានាធិបតីដែលធ្លាប់បានធ្វើប៉ុន្មានឆ្នាំកន្លងមកនេះ។

ដោយប្រធានសភាជាន់ខ្ពស់នៃសហព័ន្ធរុស្ស៊ីក៏បាននិយាយដែរថាចំណែកនៃប្រាក់ដុល្លារបម្រុងទុកនៅក្នុងរូបិយប័ណ្ណបម្រុងរបស់រុស្ស៊ីកំពុងធ្លាក់ចុះ ហើយការវិនិយោគរបស់ប្រទេសនៅក្នុងកាតព្វកិច្ចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានធ្លាក់ចុះដល់កម្រិត 1/30 នៃកម្រិតកាលពី 10 ឆ្នាំមុនមកម្ល៉េះ។

លោកស្រីបានគូសបញ្ជាក់ទៀតថាដំណើរការនេះកំពុងមានការរីកចម្រើនឥតឈប់ឈរ ហើយមិនត្រូវមានភាពប្រញាប់ប្រញាល់ពេកនោះទេ ពីព្រោះវាគឺជាគោលនយោបាយដែលគាំទ្រយ៉ាងខ្លាំងដោយសភារុស្ស៊ីនឹងការពង្រឹងអធិបតេយ្យភាពរបស់
ប្រទេស។

ថ្មីៗនេះយើងបានធ្វើអ្វីៗជាច្រើនដើម្បីពង្រឹងប្រាក់រូបល(ruble) និងបង្កើនភាពទាក់ទាញរបស់វាទាំងអាជីវកម្ម និងបុគ្គលដែលជាលទ្ធផលយើងទទួលបានប្រាក់បញ្ញើ និងប្រាក់កម្ចីជាប្រាក់រូបល(ruble)កាន់តែច្រើនឡើង ៗហើយសូម្បីតែពលរដ្ឋក៏ជឿជាក់លើក្រដាស់ប្រាក់ប្រចាំប្រទេសរបស់ខ្លួននេះដែរ។

នៅក្នុងកិច្ចខំប្រឹងប្រែងចុងក្រោយនេះដើម្បីអាចឲ្យមានការធ្វើទៅបាននៃការវិនិយោគបែបចម្រុះ ក្រសួងហិរញ្ញវត្ថុនៃប្រទេសរុស្សីបានប្រកាសកាលពីសប្តាហ៍មុនថាលុយយ័នរបស់ចិន និងលុយយេនរបស់ជប៉ុនគឺត្រូវបានដាក់បញ្ចូលទៅក្នុងកំណែទំរង់រូបិយបណ្ណនៅក្នុងប្រទេសរុស្សុី និងមូលនិធិជាតិតែម្តង។

មកដល់ពេលនេះលុយយ័នរបស់ចិនស្ថិតនៅក្នុងកម្រិត 15 ភាគរយ ហើយលុយយេនរបស់ជប៉ុនក្នុងកម្រិត 5 ភាគរយនៃប្រាក់មូលនិធីសរុបរបស់រុស្សីខណៈដែលលុយដុល្លារ និងលុយអឺរ៉ូបានធ្លាក់មកត្រឹមកម្រិត 45 ភាគរយ និង 35 ភាគរយប៉ុណ្ណោះរៀងខ្លួន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner