សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញ​ចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យ​កាល់ម៉ែត

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ​១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត។ ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏នឹងត្រូវចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា នៅថ្ងៃស្អែកនេះផងដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោ ក៏នឹងធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។

វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃនេះ គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាកខានទៅវិញ ដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែកវ៉ាក់សាំងរបស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា មិនបានកំណត់អាយុអ្នកចាក់នោះឡើយ​។ ហេតុដូច្នេះទើបសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ។ ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គឺជាយន្តការ និងវិធីសាស្ត្រថ្មីមួយទៀត ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឹកូវីដ១៩ និងការបង្កទុក្ខទោសដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំង ក៏ជាក្តីសង្ឃឹមមួយសម្រាប់ប្រទេសនីមួយៗក្នុងការបើកដំណើរការប្រទេស និងស្តារសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ។

ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ លើកដំបូងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាវ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន។ គិតមកដល់ត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងលើកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលសរុបប្រមាណ
១០៨,៤០៩នាក់ ខណៈអ្នកចាក់លើកទី២ បានចំនួន ៥,៨៧៤នាក់។ ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល កំពុងពង្រីក និងពន្លឿនការចាក់វ៉ាក់សាំងនេះ ជូនជនគោលដៅ និងអាទិភាព។

ការអញ្ជើញចាក់វ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបានគេមើលឃើញថា ជាការជួយជំរុញ និងលើកទឹកចិត្តបន្ថែមឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង​ប្រឆាំងជំងឺ​កូវីដ១៩។ ការចាក់នេះ ក៏ជាការផ្តល់នូវទំនុកចិត្តបន្ថែមជូនប្រជាពលរដ្ឋសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner