លោកជំទាវ ឱ វណ្ណឌីន សម្តែងអំណរគុណ​ចំពោះ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីចាក់វ៉ាក់សាំង​កូវីដ១៩ លើកទី២រួច

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានថ្លែងសារអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោកជំទាវចាក់វ៉ាក់សាំងកូវីដ១៩ ជាលើកទី២រួចហើយនោះ។ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរ រកវ៉ាក់សាំងកូវីដ១៩ និងផ្តល់ឱកាសឲ្យលោកជំទាវ បានចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។

លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចាត់ទុកថា ការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន គឺជាគុណូបការៈ​ដ៏ធំធេង ហើយលោកជំទាវបញ្ជាក់ថា នឹងមិនអាចបំភ្លេចនូវគុណូបការៈ ដែលមិនអាច​កាត់ថ្លៃបែបនេះបានឡើយ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានចាក់វ៉ាក់សាំងលើកទីពីររួចហើយ។ អរគុណវ៉ាក់សាំងកូវីដ-១៩ ដែលបានជួយដល់សុខភាព និងអាយុជីវិតខ្ញុំបានការពារពីភាពធ្ងន់ធ្ងរនៃការវ៉ៃលុកពីវីរុសកូវីដ-១៩ ជាពិសេសវីរុសបម្លែងថ្មី។

សូមគោរពអរគុណជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរ រកវ៉ាក់សាំង និងផ្តល់ឱកាសឲ្យខ្ញុំបានចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ដែលខ្ញុំមិនអាចបំភ្លេចនូវគុណូបការៈមិនអាចកាត់ថ្លៃនេះបានឡើយ»។ វ៉ាក់សាំងកូវីដ១៩ ដែលកម្ពុជាបើកយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនគិតថ្លៃ នៅដំណាក់កាល​ទីមួយនេះ គឺជាវ៉ាក់សាំងប្រភេទស៉ីណូហ្វាម ដែលជាអំណោយរបស់មិត្តចិន ក្នុងចំណោម ១លានដូស។ ដំណាក់កាលដំបូងនេះ ចិនបានដឹកវ៉ាក់សាំង ៦០ម៉ឺនដូស ដែលបានមកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងត្រៀម​បម្រុងវ៉ាក់​សាំង​ចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ១០លាននាក់ ដោយមិនគិតថ្លៃ ដោយបុគ្គល​ម្នាក់ត្រូវចាក់​ចំនួន។ ក្នុងចំណោមវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងផែនការរបស់កម្ពុជាទាំង ២០លានដូសនេះ មានជំនួយ ១១លានដូសផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner