សម្តេចតេជោចេញវិធានការបន្ទាន់បិតចរាចរណ៍មនុស្សចេញចូលខេត្តព្រះសីហនុ ប៉ុន្តែមិនបិទការដឹកទំនិញ

ព្រះសីហនុ ៖ ជាវិធានការបន្ទាន់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារជាសំឡេងនៅយប់ថ្ងៃទី3 ខែមីនា ឆ្នាំ2021 បញ្ជាឱ្យអាជ្ញាធរខេត្តព្រះសីហនុត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវចំនួនអ្នកធ្វើចត្តាឡីស័ក ជាពិសេសបិតចរាចរណ៍មនុស្សចេញចូលក្នុងខេត្តព្រះសីហនុជាបន្ទាន់ ប៉ុន្តែមិនបិទការដឹកជញ្ជូនទំនិញសម្រាប់នាំចេញ នាំចូលក្នុងប្រទេសតាមរយៈកំពង់ផែអន្តរជាតិនោះទេ។

ជាមួយនឹងការដាក់ឱ្យអនុវត្តនូវវិធានបន្ទាន់ខាងលើនេះ សម្ដេចតេជោក៏បានផ្ដាំទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យពិនិត្យមើលទាក់ទងនឹងករណីកើនឡើងនៃអ្នកវិជ្ជមានកូវីដ-19 នៅខេត្តព្រះសីហនុ ដែលមិនអាចបិទក្រុងព្រះសីហនុទាំងស្រុងនោះទេ ដោយគប្បីយកវិធានការបន្ទាន់ចំនួន2សម្រាប់អនុវត្តបន្ថែម គឺ៖ទី1- គឺបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុ និងចេញទៅកាន់ខេត្តផ្សេងៗ ហើយទី2- គឺការជំរុញការចាក់វ៉ាក់សាំងដែលនឹងត្រូវបញ្ជូនទៅនឹងព្រឹកថ្ងៃទី4 ខែមីនា ឆ្នាំ2021នេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា៖ «អ៊ីចឹងតាមវិធីនៃការគ្រប់គ្រងដែលយើងបានកំណត់នៅតាមទីតាំងនានា គឺយើងបានបិទរួចមក ហើយ ប៉ុន្តែអ្នកដទៃទៀតដែលមិនទាន់បានពិនិត្យ គួរតែត្រូវមានការរារាំងកុំឱ្យធ្វើដំណើរ។ យើងមិនអាចបិទបានទាំងស្រុង យើងមិនអាចបិទក្រុងហ្នឹងបានទេ ដោយសារតែវាពាក់ព័ន្ធនឹងការនាំចេញនាំចូលទំនិញ។ ប៉ុន្តែចំពោះមនុស្សអាចនឹងមានការតម្រូវឱ្យមានការខិតខំ (ចលនាមនុស្សកុំឱ្យចេញ) ដើម្បីនឹងទប់ស្កាត់នៃការរីករាលដាលចម្លងទៅកាន់ខេត្តផ្សេង។ ចឹងគឺសុំឱ្យគេស្នាក់ខេត្តព្រះសីហនុ កុំឱ្យចេញមកក្រៅ ទៅកែប កំពត ឬទៅតាមផ្លូវជាតិលេខ4 »។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងទាក់ទងនឹងវិធានការទី2 ដែលជាការជំរុញការចាក់វ៉ាក់សាំង ហើយបន្តចាក់វ៉ាក់សាំងសម្រាប់អ្នកអាយុក្រោម59 ឆ្នាំ និងថែម AstraZeneca សម្រាប់អ្នកអាយុ60ឆ្នាំឡើង សម្រាប់ប្រជាពលរដ្ឋផង សម្រាប់មន្ត្រីរាជការ និងរាប់ទាំងជនចូលនិវត្តន៍ផងដែរ ដោយវ៉ាក់សាំង ទាំង Sinopharm និង AstraZeneca នឹងត្រូវបញ្ជូនទៅទីនោះនៅថ្ងៃស្អែក។

សម្ដេចតេជោមានប្រសាសន៍បន្ថែមថា៖ «ជំរុញបង្កើនការចាក់វ៉ាក់សាំង ហើយត្រូវគ្រប់គ្រងឱ្យបាននូវស្ថានការណ៍ទាំងឡាយដែលបាន និងកំពុងវិវឌ្ឍអាក្រក់នៅទីនោះ។ ឥឡូវនេះបញ្ហាសំខាន់ គឺកុំឱ្យរីកចេញពីខេត្តព្រះសីហនុ ចេញទៅខេត្តផ្សេង ដោយត្រូវរកវីធីដោះស្រាយបញ្ហា តាមរយៈការរៀបចំរបៀបណា ដើម្បីកុំឱ្យក្រៅពីរថយន្តដឹកទំនិញ មានរថយន្តអ្នកធ្វើដំណើរចេញពីខេត្តព្រះសីហនុ»។

សម្ដេចតេជោបានបញញជាក់ថា៖ «ឥឡូវរកវិធីដើម្បីខ្ទប់មាត់ច្រក ហើយហាមឃាត់រថយន្ត សំខាន់ពលរដ្ឋចិនមួយចំនួនដែលធ្វើការនៅទីនោះ ដែលយើងត្រូវគ្រប់គ្រង។ អ្នកធ្វើចត្តាឡីស័កយើងអាចគ្រប់គ្រងបានហើយ ប៉ុន្តែក្រែងមានអ្នកទាំងហ្នឹងដែលយើងមិនទាន់បានពិនិត្យ អ៊ីចឹងសុំធ្វើកិច្ចការងារហ្នឹងឱ្យបានហ្មត់ចត់ដើម្បីជៀសវាងការចម្លងទៅកន្លែងផ្សេង ប៉ុន្តែកុំឱ្យប៉ះពាល់ទៅលើការដឹកទំនិញនាំចេញនាំចូល ជារឿងចាំបាច់ ដែលអ្នកទាំងនេះមិនពាក់ព័ន្ធនឹងការចម្លងទេ»។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង7:00នាទីព្រឹកថ្ងៃទី3 ខែមីនា ឆ្នាំ2021ម្សិលមិញនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-19 សរុបចំនួន 878នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន 482នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន 396នាក់៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner