សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនំាប្រតិភូ ចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនាហេដ្ឋា​រចនា​សម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប របស់កងវិស្វកម្ម១៧៨ នៃក្រសួងការពារជាតិ

អត្ថបទដោយ៖
ជា សេឌី

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈ​កម្មការអន្តរក្រសួង អមដំណើរដោយឯកឧត្តម ទៀ សីហា  អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២១  បានចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប របស់កងវិស្វកម្ម១៧៨ នៃក្រសួងការពារជាតិ  ។

សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋាន ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងទេសចរណ៍សៀមរាប-អង្គរ ដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវ៉ៃ នាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ 

សម្តេចពិជ័យសេនា ក៏បានធ្វើការកោតសរសើរផងដែរ ចំពោះកងកម្លាំងវិស្វកម្មទាំង អស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅតាមបទដ្ឋានបច្ចេកទេសសាងសង់ ព្រមទាំងបានធ្វើការ ដាក់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ ប្រកបទៅដោយបច្ចេកទេសល្អ ក្នុងការធានាប្រើប្រាស់បានយូអង្វែងទៀតផង ។ ក្នុង នោះដែរសម្តេចពិជ័យសេនា ក៏បានធ្វើការណែនាំមួយចំនួន ដល់ក្រុមបច្ចេកទេស លើការរៀបចំខឿនចិញ្ចើមផ្លូវ និង ការ ក្រាលការ៉ូម៉ាត គឺធ្វើយ៉ាងណាត្រូវធ្វើការរៀបចំផ្លូវសម្រាប់ជនពិការធ្វើដំណើរ ងាយស្រួលដល់ពួកគាត់ ដើមី្បជៀសវាងនូវ ហានីភ័យ ដែលកើតឡើងចំពោះបងប្អូន ។  ក្នុងនោះដែរសម្តេច ក៏បានលើកផងដែរ ចំពោះការងារស្ថាបនាផ្លូវ គឺយើងជៀសមិនផុតឡើង ពីការប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជន មហាជន ដែលបានបានធ្វើចរាចរណ៍ទៅមក និង អ្នកមានលំនៅដ្ឋានតាមដងផ្លូវទាំងនេះផងដែរ ។  សម្តេចក៏សុំបានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សុំមានការយោគយល់អធ្យាស្រ័យ អត់ធ្មត់ ចំពោះការរំខាន និងផលប៉ះពាល់ដោយសារដំណើរការការដ្ឋានសាងសង់ដោយតម្រូវឲ្យបិទចរាចរណ៍ជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ដំណើរការសាងសង់ រៀបចំដាក់បណ្តាញលូទឹកភ្លៀង និង លូទឹកកខ្វល់ ទឹកស្អាត បណ្តាញអគ្គិសនី និង ខ្សែកាប្តិ៍ ។ សម្តេចបញ្ជាក់បន្ថែមថា ក្រោយពេលការស្ថាបនាផ្លូវទាំង៣៨ខ្សែនេះរួចរាល់ ក្រុងសៀមរាបនឹងលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ អភិវឌ្ឍជាទីក្រុងឆ្លាតវ៉ៃ នាពេលអនាគត ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និង ជានាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានឲ្យដឹងថា កងវិស្វកម្ម ១៧៨ បានទទួលផ្លូវស្ថាបនាក្នុងក្រុងសៀមរាប មានចំនួន ១៣ ខ្សែ មានប្រវែងសរុប ២៦,៥៤គីឡូម៉ែត្រ ។ ឯកឧត្តមក៏បានបន្ត ថា ក្នុងផ្លូវទាំង១៣ខ្សែ ដែលកងវិស្វកម្មស្ថាបនាក្នុង   រយៈពេល៣ខែមកនេះ សម្រេចលទ្ធផលការងារបានជិត២១%ហើយ ដោយផ្លូវមួយចំនួនបានធ្វើការរៀបចំធ្វើគ្រឹះបានរួច រាល់ និងបានដំណើរការរៀបចំដាក់បណ្តាញប្រព័ន្ធលូទឹកភ្លៀង ទឹកកខ្វក់ ព្រមទាំងបានធ្វើការរៀបចំដាក់ខឿន​ចិញ្ចើមផ្លូវ និង ពុះទ្រូងផ្លូវ នឹងបានធ្វើការក្រាលការ៉ូម៉ាតសម្រាប់ផ្លូវថ្មើរជើង និង ជនពិការផងដែរ ៕ សុខា រិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner