ក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្តីការក្រសួង

អត្ថបទដោយ៖
ធី ដា

នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ក្រោមចំណុះទីស្តីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូន ប្រកបដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មេត្តាចូលរួម និងចាក់ចែងមន្ដ្រីរាជការក្រោមឱវាទដែលចំណុះទីស្ដីការក្រសួងមហាផ្ទៃ ឲ្យចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខ នៅរៀងរាល់ម៉ោងធ្វើ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់ខ្លួន នៃអង្គភាពនីមួយៗមកជាមួយ។

ជាងនេះទៅទៀត អគ្គនាយកដ្ឋាន និងអង្គភាព ចំនួន១៨ចំណុះក្រសួងមហាផ្ទៃ នឹងចូលរួមចាក់វ៉ាក់សាំងតាមគោលការ ណ៍ស្ម័គ្រចិត្ត រួមមាន ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយកដ្ឋានសុខាភិបាល, អគ្គលេខាធិការដ្ឋាន, អគ្គស្នងការដ្ឋាន នគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គារធិ ការដ្ឋាន, អគ្គនាយកដ្ឋានពន្ធនាគារ, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, ក្រុមប្រឹក្សានីតិ កម្ម, អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ, អគ្គលេខាធិការដ្ឋាន គ.ប.ផ.ក, អគ្គលេខាធិការដ្ឋាន គ.ជ.ប.គ.ញ, អគ្គលេខាធិ ការដ្ឋាន គ.ជ.ប.ទ, អង្គភាពកីឡា និងបណ្ឌិត្យសភានគរបាលកម្ពុជា។

សូមរំលឹកថា ក្នុងឱកាសចុះត្រួតពិនិត្យការងាររៀបចំទីតាំងកន្លែងចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា កាលពីថ្ងៃទី០៣ មីនា ឆ្នាំ២០២១ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានលើកឡើងថា ការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា នឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការពន្លឿនការចាក់វ៉ាក់សាំង តាមការកំណត់របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ជំហានដំបូងនៅថ្ងៃនេះ គឺធ្វើឡើងសម្រាប់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលមានរយៈពេលពេញមួយថ្ងៃ ហើយនឹងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩នេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពដទៃទៀតក្រោមចំណុះទីស្តីការក្រសួងមហាផ្ទៃ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ខាងមុខ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner