សេដ្ឋកិច្ចកូរ៉េខាងត្បូងដុនដាបខ្លាំងមិនធ្លាប់មាន 22 ឆ្នាំចុងក្រោយនេះ

សេអ៊ូល៖ ធនាគារកណ្តាលនៃប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានប្រកាសថាសេដ្ឋកិច្ចប្រទេស
របស់ខ្លួនត្រូវបានគេមើលឃើញថាធ្លាក់ចុះខ្លាំងជាលើកដំបូងកាលពីឆ្នាំ 2020 ក្នុងអត្រាមិនធ្លាប់មានឡើយអស់រយៈពេល 22 ឆ្នាំចុងក្រោយនេះ។

ប្រភពដដែលក៏បានអះអាងទៀតថាដោយសារតែបញ្ហាកូវីដវាមិនត្រឹមតែបានបំផ្លាញការងារសេវាកម្មជាច្រើននោះ
ទេវាក៏បានធ្វើឲ្យមានផលប៉ះពាល់ខ្លាំងដល់ការចំណាយរបស់អ្នកប្រើប្រាស់ផងដែរ។

តួលេខដំបូងដែលត្រូវបានបង្ហាញដោយធនាគារកណ្តាលនៅថ្ងៃនេះផងដែរក៏បានឲ្យយើងឃើញដែរថាផលិតផលក្នុងស្រុកសរុប GDP បានធ្លាក់ចុះប្រមាណជា 1 ភាគរយកាលពីឆ្នាំទៅធៀបទៅនឹងឆ្នាំ 2019និងជាតួលេខមិនធ្លាប់ឃើញមានឡើយតាំងតែពីឆ្នាំ 1998។

តាមពិតសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងអាចប្រឈមមុខទៅនឹងបញ្ហាធ្ងន់ធ្ងរជាងនេះប្រសិនបើមិនមែនដោយសារតែការនាំចេញដ៏មមាញឹកនៃផលិតបច្ចេកវិទ្យារបស់ខ្លួនទេនោះ។តំរូវការផ្នែកឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាពិសេសកំព្យូទ័របានជំរុញឲ្យកូរ៉េខាងត្បូងអាចនាំចេញការផ្គត់ផ្គង់យ៉ាងច្រើនមិនធ្លាប់មានខណៈដែលមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកបែរងាកទៅធ្វើការពីផ្ទះ។

ធនាគារក៏បានធ្វើការរំពឹងទុកដែរថាសេដ្ឋកិច្ចកូរ៉េនឹងអាចកើនឡើងវិញនៅក្នុងឆ្នាំ2021 នេះដោយសារតែកត្តានាំចេញដដែល ប៉ុន្តែចំពោះទីផ្សារការងារវិញប្រហែលជាត្រូវការពេលវេលាយូរបន្តិច ជាពិសេសការងារនៅក្នុងឧស្សាហកម្មសេវាកម្មដូចជាភោជនីយដ្ឋាន និងការធ្វើដំណើរជាដើមផង។

ចាប់តាំងតែពីខែមិនាមកធនាគារកណ្តាលក៏បានបន្តគោលការណ៍របស់ខ្លួនជាមួយនឹងអត្រាការប្រាក់ទាបមិនធ្លាប់មានត្រឹមតែ 0.5 ភាគរយប៉ុណ្ណោះដោយសង្ឃឹមថានឹងអាចរុញច្រានលុយចូលទៅក្នុងសេដ្ឋកិច្ចជាតិ និងជួសជុលវាឡើងវិញ ប៉ុន្តែតាមអ្នកជំនាញជឿជាក់ថាវិធីបែបបុរាណមួយនេះគឺបានត្រឹមតែអាចកំណត់ផលប៉ះពាល់ក្នុងអំឡុងពេលមានការរាតត្បាតប៉ុណ្ណោះ ពីព្រោះថាជាក់ស្តែងវាបានធ្វើឲ្យប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ និងតម្រូវការបាត់ទៅហើយ៕

គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងសរុបនៃវិរុសកូវីដនៅទូទាំងប្រទេសទៅដល់ 91,240 នាក់ខណៈដែលអ្នកបាត់បង់ជីវិតមានចំនួន 1,619 នាក់៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner