សភាតំណាងរាស្រ្តអាមេរិកលុបចោលកិច្ចប្រជុំ បន្ទាប់ពីប៉ូលិសទទួលបានព័ត៌មានពីការវាយប្រហារវិមានសភាសាជាថ្មីរបស់ក្រុមគាំទ្រលោក ដូណាល់ ត្រាំ
អាមេរិក៖ សភាតំណាងរាស្រ្តអាមេរិកបានសម្រេចលុបចោលផែនការបើកសម័យប្រជុំរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសវិមានសភាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលព័ត៌មាន បន្ទាប់ពីការស៊ើបការណ៍សម្ងាត់មួយ ដែលបានរកឃើញផែនការអាចទៅរួច ក្នុងការវាយប្រហារវិមានសភាសាជាថ្មីម្ដងទៀត ដោយក្រុមអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ។
ប៉ូលិសវិមានសភាបានបន្ថែមថា យើងបានពង្រឹងសន្តិសុខសុវត្ថិភាពឱ្យប្រសើរឡើងវិញរួចទៅហើយ រួមទាំងការបង្កើតរចនាសម្ព័ន្ធសន្តិសុខ និងការបង្កើនចំនួនកងកម្លាំង ដើម្បីធានាការពារវិមានសភា សាធារណៈជន និងមន្ត្រីរបស់យើង ។ បើតាមប៉ូលិសអាមេរិកនោះ ក្រុមស្តាំនិយម ឃ្យូអេណុន (QAnon) បានជជែកគ្នាតាមប្រព័ន្ធអ៊ីនធើណិតថា ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ គឺជាថ្ងៃស្បថឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ។
ក្រុមស្តាំនិយម ឃ្យូអេណុន មួយចំនួននៅតែជឿជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានគេលួចបន្លំសន្លឹកឆ្នោត ហើយនៅថ្ងៃព្រហស្បតិ៍នេះ ពួកគេអាចនឹងធ្វើការតវ៉ា ដើម្បីទាមទារអំណាចអោយអតីតប្រធានាធិបតីអាមេរិករូបនេះវិញ ៕ ប្រភព៖Reuters


