លទ្ធផលនៃកិច្ចប្រជុំចង្អៀតឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបតាមរយៈប្រពន្ធវីដេអូនៅថ្ងៃទី០១-០២ខែមីនា ឆ្នាំ២០២១

កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣ (ASEM13) បានរៀបចំកិច្ចប្រជុំចង្អៀត​ឧត្តម​មន្រ្តីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ កាល​ពី​ថ្ងៃទី០១-០២ ខែមីនា ឆ្នាំ ២០២១ ដឹកនាំ​ដោយឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប​ និង​មាន​​ការ​អញ្ជើញ​​ចូល​រួម​ពី​ឧត្ត​ម​មន្រ្តី ទ​ទួល​​បន្ទុ​កកិច្ចប្រជុំអាស៊ី-អឺរ៉ុប នៃបណ្តា​ប្រទេស​ និង​ស្ថាប័ន​តំបន់​ជា​​ដៃគូ​ ASEM ទាំងអស់​ផងដែរ​។

ក្នុង​ឱកាស​ដែល​កិច្ចប្រជុំនេះប្រព្រឹត្ត​ទៅ​ស្របពេលនឹងការប្រារព្ធទិវាកិច្ចប្រជុំ​អាស៊ី-អឺរ៉ុប (ASEM Day) នៅថ្ងៃ ​០១ មីនា ឯក​ឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងសុន្ទរកថា តាមរយៈ​​វីដេអូ​​ថតទុក ដើម្បីទទួល​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​វត្តមាន​របស់​ឧត្តមមន្រ្តី ASEM ទំាងអស់ និងអបអរសាទរខួបលើកទី២៥ នៃការ​បង្កើតវេទិកាអន្តរតំបន់មួយ​នេះ។ ថ្លែង​ក្នុងសុន្ទរកថា​នេះ​ ឯកឧត្តម បានបញ្ជាក់ជា​ថ្មី​ពី​ភាព​​ជឿជាក់​ថា​​  ASEM គឺ​​ជាគ្រឹះមួយ​ក្នុង​ចំណោម​គ្រឹះ​​ នានា​​នៃអ​ភិបា​លកិ​ច្ចស​កល ​ហើយពហុភាគីនិយម ដែល ASEM តែងតែផ្តល់សារសំខាន់​ គឺ​​នៅ​តែ​បន្ត​ជា​ធាតុ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​​ចូលរួម​ដោះស្រាយ​បញ្ហាប្រឈមស​កលផ្សេងៗ ដូចជា ជំងឺ​រាត​ត្បាត​កូ​វីដ​-១៩ ជាដើម ។ ក្នុងស្ថានភាព​នៃ​វិបត្តិដែលពុំ​​ធ្លាប់​​កើត​មាន​​នេះ ​មូលប​ទ​នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាបានដាក់​ចេញ​ “​​ការពង្រឹង​ពហុ​ភាគី​​និយមដើម្បី​កំណើនរួម”​ នៅតែមានភា​ពពា​ក់ព័ន្ធ​ និ​ងកា​​​ន់តែមា​ន​សា​​រសំ​​​​​​​​​​ខាន់ថែមទៀត ។ ​តាងនាម​​ឱ្យ​ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាន​សម្តែង​ការ​រង់​ចាំទទួល​ស្វាគមន៍ថ្នាក់ដឹកនាំកំពូល​ ASEM ទាំងអស់​អញ្ជើញ​ចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុបលើកទី១៣ នៅរាជធានី​ភ្នំពេញ នា​ឆ្នាំនេះ។

កិច្ច​​ប្រជុំ​បាន​គាំ​ទ្រ​ជាឯ​កច្ឆ័​ន្ទ​ដល់កម្ពុជា ​លើក​​កាល​ប​រិច្ឆេ​ទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ទៅ​ចុង​​ឆ្នាំ២០២១ វិញ ដោយសារហានិភ័យបណ្តាល​មក​ពី​ជំងឺកូវីដ-១៩​ នៅតែ​មាន​សភាពធ្ងន់ធ្ងរនៅឡើយ​ ។ ​លើស​ពីនេះ ការ​លើក​ពេល​នេះ គឺមិន​គ្រាន់​តែ​មាន​គោល​បំណង​​ធានា​សុវ​ត្ថិ​ភាព​របស់​ថ្នាក់​ដឹ​កនាំ ASEM អញ្ជើ​​ញ​​​ចូល​រួម​​​​​កិច្ច​ប្រជុំ​​កំពូល​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​ថែមទាំង​ធានាឱ្យ​បាន​ថា​អន្តរទំនាក់ទំនង​របស់​ថ្នាក់ដឹកនាំ គឺប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​​អត្ថន័យ ហើយ​​​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទស្សនៈដោយ​ត្រង់​ទៅ​ត្រង់​មក និង​មាន​លក្ខណៈស្ថាបនា​​ លើបញ្ហាតំបន់ និង​​​សកល​ទាំង​ឡាយ​ណា ​ដែលប៉ះពាល់​​​ប្រ​យោជន៍រួម ថែមទៀតផង ។​ មានតែការរៀប​ចំ​កិច្ចប្រជុំ​កំពូលជារូបវ័ន្ត​ប៉ុណ្ណោះ​ ទើប​អាច​សម្រេច​បាន​គោល​បំណង​ខាង​លើ​នេះ​។ ​

កិច្ច​​​ប្រ​ជុំ បានគាំទ្រទាំងស្រុង​លើ​គំនិតផ្ដួចផ្ដើមរបស់កម្ពុជាស្នើ​ឱ្យ​មានការ​​រៀប​ចំវេ​ទិកាអាស៊ី​-អឺរ៉ុប​ ស្ដី​ពីស្ត្រី ស​ន្តិភាព និ​ង​សន្តិសុខ (Asia-Europe Forum on Women, Peace, and Security) ឱ្យ​បានជាប្រចាំ និង​ក្លាយ​ជា​ព្រឹត្តិការណ៍​​​​អម​​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​អមនានានៃ​​កិច្ច​ប្រ​ជុំកំ​ពូល​អាស៊ី​-អឺរ៉ុប ក្នុងគោលបំណងធ្វើ​ឱ្យ​កាន់​តែ​​ប្រសើរ​ឡើង​នូវ​​​ប្រ​សិទ្ធ​ភាពនៃ​​​តួ​នាទី​ដ៏​សំ​ខាន់​​​របស់​ស្រ្តី​ក្នុង​កា​រអ​ភិវឌ្ឍ ក៏ដូចជា​ក្នុង​កិច្ចខិតខំប្រឹង​ប្រែងដោះ​ស្រាយ​​ជម្លោះ និងការ​​ថែរ​ក្សាសន្តិភាពជាដើម​​​។ ​ជាមួយគ្នា​នេះ អង្គប្រជុំបានទទួល ស្គាល់ពីតួនាទី​របស់​មូល​និធិ​អាស៊ី-​អឺរ៉ុប (ASEF) ដែល​សហការ​ជាមួយ​កម្ពុជា​ ​រៀប​ចំព្រឹ​ត្តិកា​រណ៍អម និង លើកក​ម្ពស់​ភាព​ពាក់​ព័ន្ធ​ និងការ​យល់​ដឹង​ពី​ ASEM ផងដែរ​។

កិច្ច​ប្រជុំបាន​ពិភាក្សា​យ៉ាង​លម្អិត​ និង​ឯកភាព​លើទម្រង់​​នៃឯក​សារលទ្ធផលរបស់កិ​ច្ចប្រ​ជុំកំ​ពូល ចំនួន​ពីរ៖ សេចក្ដី​ថ្លែ​ងការ​ណ៍ប្រ​ធានអ​ង្គប្រជុំនៃកិច្ចកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីកា​​រ​​ស្ដារ​សេដ្ឋកិច្ច-សង្គមឡើងវិញ​ក្រោយ​ការរាតត្បាត​​ជំងឺ​កូវី​ដ-១​៩។ កិច្ច​​ប្រជុំក៏បានពិភាក្សា លើសំណើស្ដីពីការត​ភ្ជាប់​របស់​​​កិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប(Proposal on ASEM Connectivity) ដោយសង្ឃឹមថា ឯកសារនេះនឹងក្លាយ​ជា​ឯកសារសមិទ្ធផល​ដ៏​សំខាន់មួយ ដែលនឹង​ត្រូវ​បាន​អនុម័ត​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner