សមាគម​ហ្វារ​ពន្លឺ​សិល្បៈ នឹងធ្វើ​ការ​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​សម្តែង​សៀក ដែលមាន​រយៈពេល​វែង​ជាងគេ​បំផុត​នៅ​បាត់ដំបង​

​ដោយ​៖​ម៉ា​ដេប៉ូ​
​ភ្នំពេញ​៖​សមាគម​សិ​ល្បះ​ខ្មែរ​មួយ​ដែលមាន​ឈ្មោះថា​ហ្វារ​ពន្លឺ​សិល្បៈ​បានប្រកាស​​នឹងធ្វើ​ការ​បំបែក​កំណត់ត្រា​ពិភពលោក ដោយ​សម្តែង​សៀក ដែលមាន​រយៈពេល​វែង​ជាងគេ​បំផុត​នៅខេត្ត​បាត់ដំបង​នា​ថ្ងៃអាទិត្យ​ស្អែក​នេះ​។​
គួរ​បញ្ជាក់ថា ហ្វារ​ពន្លឺ​សិល្បៈ​ជា​សមាគម​មិន​រកប្រាក់​ចំណេញ មាន​ទីតាំងនៅ​ខេត្តបាត់ដំបង ជា​ស្ថាប័ន​ដែល​បាន​បង្កើត​សិល្បៈ​សៀក​ដ៏​ល្បីល្បាញ​លំដាប់ថ្នាក់​ពិភពលោក​។​


​ សមាគម​នេះ​បាន​បញ្ជាក់ថា​” យើង​នឹង​ប្តេជ្ញា សម្រេច​នូវ​បេសកម្ម​ដ៏​អស្ចារ្យ​មួយ​ក្នុងឆ្នាំនេះ នា​ថ្ងៃអាទិត្យ ទី​០៧ មីនា ម៉ោង​៨:០០​នាទី​ព្រឹក​។ សិល្បៈករ សៀក​យើង នឹងធ្វើ​ការសម្តែង​នៅលើ​ឆាក​រយៈពេល ២៤​ម៉ោង និង​១​នាទី ដើម្បី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក ទី​១០ ជូន​ដល់​ប្រទេស​កម្ពុជា លើ​ផ្នែក​សម្តែង​សៀក ដែលមាន​រយៈពេល​វែង​ជាងគេ​។ ប្រជាជន​កម្ពុជា អាចជួយ​គាំទ្រ​ហ្វារ​បាន ដោយ​ចូលរួម​ទស្សនា​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ឬ​អាច​អញ្ជើញ​មក​ចូលរួម​ទស្សនា​ដោយផ្ទាល់​បាន ក្នុង​តង់​សម្តែង​របស់​យើង​នៅ​ខេត្តបាត់ដំបង​”​។​
ការ​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​នេះ រៀបចំឡើង​ដោយ​កិច្ចសហការ​ជាមួយ ក្រុមហ៊ុន​សែ​ល​កាត ដើម្បីឱ្យ​អ្នក​គ្រប់គ្នា ដឹង​អំពី​វិ​ប​ត្ត​ថវិកា ដែល​ហ្វារ​កំពុង​ជួបប្រទះ​។​
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បានឱ្យដឹង ថា ក្រុមការងារ​របស់លោក បាន​ប្តេជ្ញាចិត្ត ដើម្បី​បង្កើន​ទេពកោសល្យ​ខ្មែរ​វ័យក្មេង និង​ផ្តល់នូវ​វេទិកា​សម្រាប់​យុវជន​ដើម្បី​សម្រេចបាន​នូវ​មហិច្ឆតា​របស់​ពួកគេ​។ ការសម្ដែង​សៀក​រយៈពេល​វែង​ជាងគេ​បំផុត​នេះ ជាការ​ផ្តួ​ត​ផ្តើម​ថ្មី​របស់​យើង ហើយក៏​ត្រូវ​បានទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ហ្គី​ន​ណេ​ស​ដែរ​។​ជាមួយគ្នានេះ​សុំឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​អាចមក​ទស្សនាកា​រ​សម្តែង​សៀក នៅ​បាត់ដំបង​នា​ថ្ងៃអាទិត្យ​ខាងមុខនេះ ដើម្បី​ក្លាយជា​ទស្សនិកជន​គាំទ្រ​ដល់​សិល្បករ​យ៉ាង​កុះករ ។
​សហគម​នេះ​បានលើកឡើង​ដែរ​ថា​”​យើង​នឹងធ្វើ​ការអនុវត្ត វិធាន​ការពារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ យ៉ាង​ម៉ឹងម៉ាត់ ដោយ​តម្រូវ​អ្នកចូលរួម​ពាក់​ម៉ាស និង​រក្សា​គម្លាត​ឱ្យបាន​ត្រឹមត្រូវ​។ ការ​បំបែក​កំណត់ត្រា​ពិភពលោក​នេះ តម្រូវឱ្យមាន​អ្នកទស្សនា យ៉ាងតិច​៥០​នាក់​។ ហេតុនេះហើយ​អ្នកទស្សនា​ទាំងអស់ នឹង​ក្លាយទៅជា​ចំណែក​មួយ នៃ​ការ​បំបែក​កំណត់ត្រា​ពិភពលោក​ហើយនឹង​ទទួលបាន​ប័ណ្ណសរសើរ​ពី​យើង​ផងដែរ​”​។​
សម្រាប់​អ្នក​ដែល​មិន​អាចមក​ទស្សនា​ការសម្ដែង​ផ្ទាល់​នៅ​ខេត្តបាត់ដំបង​បាន អ្នក​ក៏​អាច​ចូលរួម​ទស្សនា តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​បានដែរ​។ អ្នក​អាច​ទស្សនា ២៤​ម៉ោង​បាន​ដូចគ្នា នៅលើ​គណនី YouTube ឬ​អ្នក​អាច​ចុះឈ្មោះ​ចូលរួម កម្មវិធី​គៀងគរ​ថវិកា​រយៈពេល​១​ម៉ោង​ដែលមាន​តំណ​នៅទីនេះ​។​
​កម្មវិធី​រៃអង្គាស​ថវិកា នឹង​ប្រព្រឹត្តឡើង​នៅ​ថ្ងៃអាទិត្យ ទី​០៧ មីនា នា​ម៉ោង​១០​ព្រឹក នឹង​ម៉ោង ៨​យប់ ម៉ោង​ក្នុងប្រទេស​កម្ពុជា​។ ខាងក្រោម​នេះ ជា​បី​ជំហាន​ងាយៗ​ដែល​អ្នក​គេ​អាច​ចូលរួមបាន​ដូចជា​៖
​ជំហាន​ទី​១៖ ចូលរួម​ចុះឈ្មោះ​នៅទីនេះ​៖ www.bit.ly/pharegala21​។​ជំហាន​ទី​២៖ ចូលរួម​ជាមួយ​យើង​នៅ​ថ្ងៃទី​០៧ មីនា តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​។​ជំហាន​ទី​៣៖ អ្នកនឹង​ទទួលបាន​ភាព​រីករាយ​កំសាន្ដ ជាមួយ​ការសម្តែង​សៀក បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក និង​ការចូលរួម​រៃអង្គាស​គៀងគរ​ថវិកា​សម្រាប់​សមាគម​ហ្វារ​។​
គួរ​បញ្ជាក់ថា​ប្រសិនជា​សមាគម​ហ្វារ​ទទួលបាន​ជោគជ័យ ប្រទេស​កម្ពុជា​ក៏​នឹង​ទទួលបាន​កំណត់ត្រា​ពិភពលោក​ទី​១០ ហើយ​ជា​កំណត់ត្រា​ថ្មី​មួយទៀត​របស់​កម្ពុជា​។ ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លងទៅ កំណត់ត្រា​ដែល​កម្ពុជា​ទទួលបាន​រួម​មាន ការ​ត្បាញ​ក្រ​ម៉ា​វែង​បំផុត នំអន្សម​ធំ​បំផុត ស្តេច​ដែលមាន​តួនាទី​ច្រើន​បំផុត អក្ខរក្រម​វែង​ជាងគេ​បំផុត​នៅលើ​ពិភពលោក និង​មួយទៀត​ដែល​សំខាន់​ជាងគេ​នោះ គឺជា​សំណង់​សាសនា​ធំជាងគេ​នៅ​ប្រាសាទអង្គរវត្ត​។ ហ្គី​ណេ​ស បានកំណត់​គោលការណ៍​ណែនាំ​ច្បាស់លាស់​សម្រាប់​ការ​បំបែក​កំណត់ត្រា​រួមមាន​៖១) ការសម្តែង​ត្រូវតែមាន​រយៈពេល ២៤ ម៉ោង និង​១​នាទី​
២) អ្នក​សម្ដែង​ទាំងអស់​ត្រូវតែមាន​ស្តង់ដា​វិជ្ជាជីវៈ និង​ត្រូវតែ​ទទួលបាន​ប្រាក់​បៀរ​វ​ត្តិ៍​
៣) ការសម្តែង​ត្រូវតែ​ផ្លាស់ប្តូរ និង​មិន​ធ្វើ​ម្តងទៀត​ដដែលៗ​
៤) សាក្សី​ឯករាជ្យ ត្រូវតែមាន​វត្តមាន​ក្នុង​កម្មវិធី​ទាំងមូល និង​
៥) ត្រូវមាន​ទស្សនិកជន​យ៉ាងហោចណាស់​ចំនួន ៥០ នាក់ គ្រប់ពេលវេលា​៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner