ផ្ទះមនុស្សធម៌ទី៧៧ ត្រូវបានប្រគល់ ជូន ដូនចាស់ជរាគ្មានទីពឹង អាយុ៨៦ឆ្នាំ នៅឃុំត្រីញ័រ ស្រុកពួក

អត្ថបទដោយ៖
ជា សេឌី

លោកយាយ ប៊ិន ហ៊ាវ ដូនចាស់ជរាគ្មានទីពឹងអាយុ ៨៦ឆ្នាំ បានទទួលផ្ទះមនុស្សធម៌ទី៧៧ របស់កាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប ក្រោមការចូលរួមឧបត្ថម្ភដោយសប្បុរសជន។ ការប្រគល់ផ្ទះមនុស្សធម៌មួយខ្នងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១  ក្រោមវត្តមានរបស់ លោកជំទាវ  ទាង  អេង-ទៀសីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី នៅក្នុងសហគមន៍ជនបទនៃភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក ។

លោកស្រី ទាង លី អគ្គនាយិកាសិប្បកម្ម បាលិលេយ្យ  ដែលជាសប្បុរសជនម្ចាស់អំណោយផ្ទះមនុស្សធម៌ទី៧៧ ថ្លែងថា៖ តាម  រយៈនៃចលនាកាកបាទក្រហមកម្ពុជា បាននាំមកនូវការបង្កើតនិងជម្រុញឲ្យមានចលនាសង្គមជាតិមួយ ដោយផ្តោតទៅការជួយគ្នាក្នុងគ្រាលំបាក ដែលទាំងនេះវាបានបង្ហាញអំពីភាពរឹងមាំនៃសាមគ្គីធម៌ប្រជាជាតិខ្មែរ តាមគន្លងត្រួសត្រាយរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ( សម្តេចតេជោ ហ៊ុន សែន ) គឺការធ្វើឲ្យចលនានៃសិល្បៈចែករំលែក បានក្លាយជាប្រពៃណីដ៏ល្អរបស់ប្រជាពលរដ្ឋកម្ពុជា សមស្របតាមអារ្យធម៌ នៃប្រទេសដែលបានកំណត់យក ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ 

លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ថ្លែងថា៖ ចលនាកសាងផ្ទះមនុស្សធម៌ ដើម្បីជួយដល់ជនចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ ទុរគតជនគ្មានទីពឹង  កំពុងបន្តនិរន្តរភាពរបស់ខ្លួន ក្រោមការចូលរួម និងគាំទ្រពីសំណាក់បងប្អូនសប្បុរសជន ហើយលោកជំទាវ ក៏ថ្លែងនូវការកោតសរសើរផងដែរ ចំពោះមន្រ្តីអនុសាខា និងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដែលបានសហការស្រាវជ្រាវរកទុរគតជន ដើម្បីកាកបាទក្រហមកម្ពុជា បានបំពេញតួនាទីនិងបេសកកម្មមនុស្សធម៌របស់ខ្លួន បានទាន់ពេលវេលានិងចំគោលដៅពិតប្រាកដ។ 

បើតាមសេចក្តីរាយការណ៍របស់នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានឲ្យដឹងថា៖ លោកយាយ ប៊ិន ហ៊ាវ ចាស់ជារាទុរគតអាយុ ៨៦ឆ្នាំនេះ ពុំមានដីស្រែអាស្រ័យផលនោះទេ។ រយៈពេលប្រហែលជា៣០ឆ្នាំចុងក្រោយនេះ លោកយាយរស់នៅម្នាក់ឯង គ្មានកូនចៅ រស់នៅអាស្រ័យដោយអ្នកជិតខាង ជួយផ្តល់ស្បៀងអាហារ បាយទឹក ម្ហូបអាហារជាដើម។អមជាមួយនឹងការផ្តល់ជូនជូនផ្ទះមនុស្សធម៌មួយខ្នងនេះ  លោកយាយ នៅទទួលបានស្បៀងអាហារ សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួនទៀត។ ដោយលោកយាយនៃគ្រួសារក្រីក្រ៥នាក់ផ្សេងទៀត ក៏ទទួល បានអំណោយមួយចំនួនផងដែរ សម្រាប់ការដោះស្រាយជីវភាពប្រចាំថ្ងៃចំពោះមុខ៕ម៉ី សុខារិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner