ម៉ូតូពីរគ្រឿងបុកគ្នាចំពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល

កំពង់ស្ពឺ៖ ម៉ូតូមួយគ្រឿងម៉ាកស៊ីអ ជិះក្នុងល្បឿនលឿន បុកម៉ូតូម៉ាកអាសង់ហុងដាឌ្រីមចំពេញទំហឹង បណ្ដាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៤ ក្នុងភូមិឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកអាសង់ហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាកស្លាក់ កំពង់ស្ពឺ 1Q-9440 មួយគ្រឿង ជិះដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលំ ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងផ្លូវជាតិ លេខជាតិលេខ៤ ជិតផុត ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូម៉ាកស៊ីអមួយគ្រឿងទៀត គ្មានស្លាកលេខ ពណ៌ទឹកប្រាក់ ជិះដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីលិចទៅកើតចាប់ហ្រ្វាំងមិនស៊ីបុកចំពេញទំហឹង បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូម៉ាកអាសង់ហុងដាឌ្រីមរងរបួសត្រង់ជើងបន្តិចបន្តួច។ ចំណែកឯ ម៉ូតូទាំងពីរគ្រឿងវិញរងការខូចខាតបន្តិចបន្តួចដូចគ្នា។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការគូសវាសបាញ់ឆ្នាំយកម៉ូតូទាំងពីរគ្រឿងយកមកដាក់អែបកៀនខាងសិន រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា។ ដោយម្ចាស់ភាគីទាំងសងខាងយល់ព្រមជួសជុលម៉ូតូរៀងៗខ្លួន ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង៕ ដោយ/ ឆៃហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner