ក្រុមហ៊ុនអានស៊ីនអាវីសែនជ័យ ចង់ជំរុញឲ្យការចិញ្ចឹមមាន់ស្រែរបស់កសិករទទួលបានជោគជ័យក្នុងការផ្គត់ផ្គង់នូវតម្រូវការលើទីផ្សារក្នុងស្រុកតាមរយៈការបណ្តុះបណ្តាលនូវចំណេះដឹងបច្ចេកទេស ក្នុងការចិញ្ចឹមមាន់ស្រែ ពីក្រុមហ៊ុន
អ្នកជំនាញចិញ្ចឹមមាន់ស្រែក្នុងស្រុក បានបង្ហាញពីការកង្វល់របស់ខ្លួន ក្នុងខណៈដែលតំរូវការទីផ្សារមាន់ស្រែ(មាន់សាច់)មានកំណើនពីតម្រូវការកាន់តែខ្ពស់។ តែការចិញ្ចឹមមាន់ស្រែនៅក្នុងស្រុកមិនសូវទទួលបានជោគជ័យដោយសារកត្តាប្រឈមមួយចំនួន ដែលប្រជាកសិករនិងបងប្អូនដែលមានចំណូលចិត្តក្នុងការប្រកបមុខរបរចិញ្ចឹមមាន់ស្រែត្រូវស្វះស្វែងរៀនសូត្រពីបច្ចេកទេសក្នុងការចិញ្ចឹមឲ្យបានត្រឹមត្រូវពីអ្នកជំនាញដែលមានបទពិសោធន៍អាជីពក្នុងការចិញ្ចឹមមាន់ស្រែដើម្បីទទួលបាននូវភាពជោគជ័យក្នុងការចិញ្ចឹមមានស្រែ ជាលក្ខណៈអាជីព របស់ខ្លួន។
នេះជាការគូសបញ្ជាក់ពីលោក ផាន់ ស៊ីណាត ប្រធានបច្ចេកទេសកសិដ្ឋានអានស៊ីន និងជា គ្រូឧទ្ទេសនូវវគ្គបណ្តុះបណ្តាលពីរបៀបចិញ្ចឹមមាន់ស្រែតាមលក្ខណៈការបង្កាត់បែបសិប្បនិមិត្ត ដល់សិក្ខាកាមក្នុងវគ្គកាលពីពេលថ្មីៗ ចុងសប្តាហ៍កន្លងទៅនេះ។លោកបានបន្តទៀតថា៖ការសិក្សាក្នុងវគ្គនេះគឺផ្តោតទៅលើចំណុចសំខាន់ៗជាច្រើនដូចជា៖ការសាងសង់ទ្រុងមាន់។ ការជ្រើសរើសនូវមេ-បាពូជ។ការលាយចំណី។របៀបប្រើប្រាស់ថ្នាំការពារនិងការព្យាបាលមាន់ ក្នុងនោះទាំងមេបាពូជនិងកូនមាន់។ការបង្កាត់របៀបសិប្បនិមិត្ត។ពីរបៀបការថែទាំកូនមាន់ពីញាស់រហូតដល់លក់។ពីចំណេះដឹងក្នុងការព្យាបាលទៅលើមាន់ដែលឈឺគួបផ្សំជាមួយវិធីការពារមាន់។ហើយចំណុចដែលអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនអានស៊ីនអាវីសែនជ័យ ធ្វើការផ្តោតទៀតនោះគឺផ្តល់ការសិក្សាដល់សិក្ខាកាមវគ្គឲ្យកាន់តែយល់ដឹងបន្ថែមពីចំណុចសំខាន់ៗ ដែលទាក់ទិនទៅនិងជម្ងឺសំខាន់ៗ ទាំងអស់ជាច្រើន ដែលមានចំនួនប្រមាណ១៦មុខ។
តាមការឲ្យដឹងពីលោក ធី រ៉ាវុធ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអានស៊ីនអាវីសែនជ័យ ក៏បានឲ្យដឹងផងដែរថា៖ វគ្គសិក្សាដែលបានបណ្តុះបណ្តាលកន្លងមកនេះ ក្រុមហ៊ុនបានផ្តល់វគ្គបែបនេះជូនដល់សិក្ខាកាមដែលទទួលបានការបណ្តុះបណ្តាលនៅទីនេះចំនួន១០វគ្គរួចហើយ ដោយមានសិក្ខាកាមមកពីបណ្តាខេត្តផ្សេងៗនិងស្រុកមួយចំនួនក្នុងខេត្ត សរុបប្រមាណ៤០០នាក់រួចមកហើយ។
ដោយឡែក លោក ផាន់ ស៊ីណាត ជាគ្រូឧទ្ទេសក្នុងវគ្គ ក៏បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់បន្ថែមឲ្យដឹងផងដែរថា៖ កន្លងមកនេះ សិក្ខាកាមដែលទទួលបាននូវការបណ្តុះបណ្តាលពីក្រុមហ៊ុនកន្លងមក អ្នកខ្លះបានយកចំណេះដឹងទាំងទាំងនេះ ទៅចិញ្ចឹមមាន់ស្រែ(ផ្គត់ផ្គង់សាច់)។ហើយបងប្អូនខ្លះទៀតបានសហការជាមួយក្រុមហ៊ុនផ្ទាល់តាមរយៈការបង្កាត់ពូជកូនតាមបែបសិប្បនិមិត្តហើយធ្វើការផ្គត់ផ្គង់មកឲ្យក្រុមហ៊ុនអានស៊ីនវិញតែម្តង។ ដែលមកដល់ពេលនេះបងប្អូនទាំងនោះបានក្លាយជាដៃក្នុងការផ្គត់ផ្គង់ពូជ និងកូនមកឲ្យក្រុមហ៊ុនវិញផងដែរ។
ក្នុងវគ្គសិក្សានេះសិក្ខាកាមម្នាក់បានបង្ហាញពីចំណាប់អារម្មណ៍និងទស្សនៈយល់ដឹងរបស់ខ្លួនក្នុងការចូលរួមសិក្សាដោយបានផ្តោតលើកឡើងថាៈកន្លងមកនេះ ខ្លួនបាននិងកំពុងតែចិញ្ចឹមមាន់ និងចង់ប្រែក្លាយការចិញ្ចឹមនេះជាលក្ខណៈអាជីពដើម្បីធ្វើអាជីវកម្មមាន់ស្រែទៅកាន់ទីផ្សារនានា។ តែដោយសារការចិញ្ចឹមរបស់ខ្លួនជាលក្ខណៈបុរាណតាមបែបយថាផល។ដូច្នេះហើយទើបលោកមករៀនពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់ស្រែនិងដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត។ ជាពិសេសទទួលបាននូវបទពិសោធន៍ក្នុងការផ្តល់វ៉ាក់សាំងទៅលើសត្វ ការធ្វើទ្រុង និងពីរបៀបថែទាំ និងពីរបៀបចាក់វ៉ាក់សាំងទៅលើកូនមាន់ ជាដើម។ល។ ដែលមុននេះ បទពិសោធន៍បែបនេះគឺយើងខ្វះការយល់ដឹងជាច្រើនអំពីលក្ខណៈក្នុងចិញ្ចឹម ដើម្បីឲ្យទទួលបានជោគជ័យ។
តាមរយៈការសិក្សាលម្អិតពីតំរូវការជាក់ស្តែងនូវមាន់ស្រែសាច់ល្អសម្រាប់ផ្តល់នូវការផ្គត់ផ្គង់លើទីផ្សារប្រទេសយើង។ យ៉ាងហោចណាស់តម្រូវការមាន់ស្រែនៅលើទីផ្សារដែលបាននាំចូលពីប្រទេសថៃក្នុងមួយថ្ងៃៗ មិនតិចជាង៨តោននោះទេ។ និងដើម្បីធានាបាន ក្នុងការផ្គត់ផ្គង់មាន់សាច់ ដែលជាតម្រូវការនៅលើទីផ្សារក្នុងខេត្តបាត់ដំបងក្នុងមួយខែៗយ៉ាងតិចក៏ពី៥ទៅ៧ម៉ឺនក្បាល។នេះគឺជាការគូសបញ្ជាក់ពី លោក ឃុន ផាណូ អគ្គនាយកក្រុមហ៊ុនអានស៊ីន អាវីសែនជ័យ ដែលបានផ្តល់នូវបទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មានក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនូវការចិញ្ចឹមមាន់ស្រែនិងរបៀបបង្កាត់ពូជកូន តាមបែបសិប្បនិមិត្ត នៅក្នុងក្រុមហ៊ុនរបស់លោក ដែលស្ថិតនៅសង្កាត់អូរម៉ាល់ ក្រុង-ខេត្តបាត់ដំបង (អតីតផ្លូវជាតិលេខ១០)។
លោក ឃុន ផាណូ ក៏បានគូសបញ្ជាក់ដោយលើកជាសំណូមពរនិងអំពាវនាវ ចង់ឲ្យបងប្អូនពុកម៉ែ ដែលកំពុងចិញ្ចឹមមាន់ស្រែបែបលក្ខណៈយថាផល។ ខ្វះលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលមិនអាចធានាដល់ការចិញ្ចឹមរបស់ពួកគាត់ទទួលបាននូវភាពជោគជ័យ និងចង់ឲ្យពួកគាត់ងាកមករកការចិញ្ចឹមតាមបែបលក្ខណៈបច្ចេកទេស តាមបែបអនាម័យ និងការធ្វើវ៉ាក់សាំងត្រឹមត្រូវ ចៀសវាងការខាតបង់ កន្លងមកនេះ បងប្អូនពុកម៉ែភាគច្រើនតែងតែចិញ្ចឹមមាន់ស្រែតាមបែបធម្មជាតិផ្សងព្រេង និងតាមយថាផល។ លោកក៏បានបន្តទៀតថា៖វាជាកំហុសឆ្គងធ្ងន់ធ្ងរខណៈដែលពុកម៉ែ មិនបានងាកមកចាប់អារម្មណ៍ពីបច្ចេកទេសក្នុងការចិញ្ចឹមមាន់និងពីរបៀបថែទាំ និងផ្គត់ផ្គង់ចំណីមាន់ តាមបែបបច្ចេកទេសក្នុងការវិវត្តទៅតាមសម័យកាល ដែលតម្រូវឲ្យយើងរៀនពីបច្ចេកទេសឲ្យបានត្រឹមត្រូវ ទើបយើងអាចចិញ្ចឹមមាន់បានត្រឹមត្រូវ ក្នុងរយៈពេលខ្លី គុណភាពសាច់មាន់ស្រែល្អ អត្រានៃការប្រមូលផលបានខ្ពស់។ ដោយសារ តែកត្តាហេតុផលទាំងនេះហើយ ទើបធ្វើឲ្យតម្រូវការក្នុងការផ្គត់ផ្គង់មាន់ស្រែក្នុងស្រុក ទាមទារឲ្យមានការនាំចូលមាន់ស្រែ ដែលវាមានគុណភាពសាច់ប្រហាក់ប្រហែលគ្នាធ្វើការនាំចូលពីប្រទេសថៃក្នុងមួយថ្ងៃៗជាច្រើនតោន។ជាមួយគ្នានេះផងដែរ លោកអគ្គនាយកក្រុមហ៊ុនអានស៊ីន អាវីសែនជ័យ ក៏បានធ្វើការអំពាវនាវ និងបានក្រើនរំលឹក ដល់បងប្អូនដែលមានចំណូលចិត្តក្នុងការបរិភោគសាច់មាន់ ដោយបានលើកឡើងថាការទទួលទានសាច់ដោយគ្មានប្រភពច្បាស់លាស់វាអាចប្រឈមទៅនឹងជម្ងឺខ្ពស់ ដូចជា៖ជម្ងឺមហារីកជម្ងឺក្រិនថ្លើមជាដើម..។ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះ ដោយសារតែប្រជាពលរដ្ឋយើងគាត់ខ្វះការយល់ដឹងពីបច្ចេកទេស?នៅពេលដែលសត្វមានជម្ងឺ គាត់បានប្រើប្រាស់ថ្នាំដែលបង្កគ្រោះថ្នាក់តាមរយៈការណែនាំពីអ្នកលក់ថ្នាំ ហើយនៅពេលប្រើទៅលើសត្វទាំងនោះ ដោយគាត់ខ្វះការយល់ដឹងពេលគាត់យកសត្វទាំងនោះទៅលក់ គឺវាអាចបង្កគ្រោះថ្នាក់ដោយសារតែសារធាតុថ្នាំទាំងនោះ នៅក្នុងសាច់ ហើយវាបានបង្កឲ្យមានហានិភ័យ អាចគ្រោះថ្នាក់ដល់អ្នកហូបទៀតផង។ដែលនេះគឺទាមទារក្នុងការទទូលទានសាច់ ត្រូវមានប្រភពច្បាស់លាស់៕ ( អត្ថបទ -រូបភាព៖ អ៊ុក សំអាន បប )