ការប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”ក្នុងរយៈពេល ១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ថាបន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid”ក្នុងរយៈពេល ១២ថ្ងៃ មានទីតាំងចុះឈ្មោះបង្កើត QR Code ចំនួន ៩៩២២៤កន្លែង និងមានបុគ្គលស្កេនតាមទីតាំងផ្សេងៗជិត ៥លានដង។យោងតាមសេចក្តីប្រកាសព័ត៌មាននេះ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ អ្នកស្កេន អាចទទួលបានដំណឹងភ្លាមៗ ប្រសិនបើមានករណីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ហើយ ម្ចាស់ទីតាំង អាចដឹងពីស្ថានភាពបុគ្គលម្នាក់ៗដែលទៅដល់ទីតាំងរបស់ខ្លួន។

ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមណែនាំដល់ម្ចាស់ទីតាំងដែលមិនទាន់បានប្រើប្រាស់ QR Code នេះ សូមមេត្តារួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួនតាមរយៈគេហទំព័រ stopcovid.gov.kh។ ម្ចាស់ទីតាំងត្រូវតម្រូវឱ្យបុគ្គលចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជីងឺកូវីដ-១៩របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន ដូចខាងក្រោម៖

  • ពណ៌បៃតង បញ្ជាក់ពីស្ថានភាពធម្មតា៖ លោកអ្នកអាចអនុញ្ញាតឱ្យបុគ្គលនោះចូលដោយអនុវត្តតាមវិធានសុខាភិបាល។
  • ពណ៌លឿង បញ្ជាក់ពីបុគ្គលដែលបានប៉ះពាល់អ្នកជំងឺកូវីដ-១៩ដោយផ្ទាល់ ឬដោយប្រយោលក្នុងអំឡុងពេល១៤ថ្ងៃចុងក្រោយ និងមិនទាន់បញ្ចប់ការធ្វើចត្តាឡីស័ក៖ លោកអ្នកអាចសម្រេចមិនឱ្យបុគ្គលនោះចូល។
  • ពណ៌ក្រហម បញ្ជាក់ពីស្ថានភាពហានិភ័យខ្ពស់ថាបុគ្គលនោះមានជំងឺកូវីដ-១៩៖ លោកអ្នកមិនត្រូវអនុញ្ញាតឱ្យបុគ្គលនោះចូលទីតាំងរបស់ខ្លួនទេ។

សម្រាប់ព័ត៌មានពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code សូមទាក់ទងទៅលេខទូរសព្ទ 123 (ហៅចូលដោយឥតគិតថ្លៃ) ឬ 099 888 516 ឬ 012 979 079។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner