រដ្ឋបាលខេត្តកំពង់ចាមអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់មកពីខេត្តព្រះសីហនុមកខេត្តកំពង់ចាមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី៨មីនាឆ្នាំ២០២១នេះបានបង្ហាញពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់រស់នៅភូមិអូរកណ្ដោឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាមដែលបុគ្គលរូបនោះមានការពាក់ព័ន្ធជាមួយប្រជាពលរដ្ឋនៅស្រុកកងមាសនិងស្រុកព្រៃឈរពិសេសនៅផ្សារព្រៃទទឹងខេត្តកំពង់ចាម។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ថាក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជមានបុរសជនជាតិខ្មែរឈ្មោះម៉ីស៊ីថានអាយុ២៧ឆ្នាំរស់នៅភូមិអូរកណ្តៅឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាមធ្វើការជាគ្រូបង្រៀនម៉ាស្សានៅសណ្ឋាគារសីញជីងថៃនៅកែងLV ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ 

សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថានៅថ្ងៃទី៤មីនាឆ្នាំ២០២១វេលាម៉ោង១២ថ្ងៃត្រង់បុរសរូបនោះបានមកដល់ផ្ទះនៅភូមិអូរកណ្តៅឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាម។បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានអំពីករណីបុរសម្នាក់មកពីតំបន់មានហានិភ័យខ្ពស់មកពីខេត្តព្រះសីហនុបានចូលមកស្នាក់នៅក្នុងមូលដ្ឋាននៅថ្ងៃទី៥មីនាឆ្នាំ២០២១លោកអភិបាលខេត្តបានចាត់ឲ្យមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានសហការជាមួយអាជ្ញាធរមូលដ្ឋាននាំបុរសខាងលើមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តសណ្ឋាគារមេគង្គក្រុងកំពង់ចាម។ 

នៅព្រឹកថ្ងៃទី៦មីនាឆ្នាំ២០២១ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យលុះដល់ថ្ងៃទី៧មីនាឆ្នាំ២០២១បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថាបុរសរូបនោះមានវិជ្ជមានកូវីដ-១៩និងបានបញ្ជូនទៅព្យាលបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ជាមួយគ្នានោះលោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានចាត់ឲ្យមន្រ្តីសុខាភិបាលចុះស្រាវជ្រាវបន្ទាន់ពាក់ព័ន្ធនឹងករណីជាបន្ទាន់។ក្រោយការស្រាវជ្រាវបានបញ្ជាក់ថាប្រវត្តិធ្វើដំណើរបុរសនោះគឺនៅថ្ងៃទី៣មីនាឆ្នាំ២០២១គាត់បានធ្វើដំណើរពីខេត្តព្រះសីហនុតាមរយៈរថយន្តឈ្នួលនៅជិតផ្សារពាណិជ្ជកម្មម្តុំពេទ្យចំការចេកមករាជធានីភ្នំពេញ។ 

នៅម៉ោង៧និង៣០យប់ថ្ងៃទី៣មីនាឆ្នាំ២០២១បានមកដល់និងចុះនៅមុខមន្ទីរពេទ្យកាល់ម៉ែត្រហើយបានចូលទៅសួរសុខទុក្ខក្មួយប្រុសរបស់ខ្លួនដែលសម្រាកព្យាបាលជំងឺនៅអាគារបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។នៅយប់ថ្ងៃដដែលបុរសរូបនោះបានទៅស្នាក់នៅជាមួយបងស្រីរបស់ខ្លួននៅបន្ទប់ជួលនៅស្ទឹងមានជ័យរាជធានីភ្នំពេញ។នៅម៉ោង៧ព្រឹកថ្ងៃទី៤មីនាឆ្នាំ២០២១បុរសរូបនោះបានបន្តដំណើរពីស្ទឹងមានជ័យទៅមុខវត្តគៀនឃ្លាំងជ្រោយចង្វារនិងបានបន្តដំណើរតាមរថយន្តដែលមកខេត្តកំពង់ចាមដោយបានឈប់នៅស្តុបផ្សារព្រៃទទឹងឃុំជ្រៃវៀនស្រុកព្រៃឈរនិងបានបន្តដំណើរតាមម៉ូតូឌុបបន្តរហូតដល់ផ្ទះរបស់ខ្លួននៅភូមិអូរកណ្តៅឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាមវេលាម៉ោង១២ថ្ងៃត្រង់។ 

នៅព្រឹកថ្ងៃទី៥មីនាឆ្នាំ២០២១បុរសរូបនោះនិងប្អូនប្រុសរបស់ខ្លួនបានជិះម៉ូតូទៅផ្សារព្រៃទទឹងនិងបានដើរផ្សារទិញត្រីនិងគ្រឿងធ្វើម្ហូបប្រហែល៣០នាទីមុននឹងត្រឡប់ទៅផ្ទះវិញ។រដ្ឋបាលខេត្តក៏បានបង្ហាញ  អ្នកដែលពាក់ព័ន្ធនឹងបុរសរូបនោះគឺនៅពេលទៅសុខទុក្ខក្មួយប្រុសបុរសនោះបានជួបជាមួយស្ត្រី២នាក់កំពុងកំដរអ្នកជំងឺក្នុងនោះម្នាក់រស់នៅភូមិថ្លុកក្រវ៉ាន់ឃុំបុស្សខ្នុរស្រុកចំការលើនិងម្នាក់ទៀតរស់នៅភូមិអូរកណ្តៅឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាមជាអ្នកធ្វើការនៅរោងចក្រកាត់ដេរឌីមហាន់នៅស្ទឹងមានជ័យតែតាំងពីបានជួបបុរសម្នាក់នោះមកស្ត្រីទាំងពីរនាក់នោះបានបញ្ជាក់ថាខ្លួនមិនទាន់បានទៅធ្វើការវិញទេព្រោះសុំច្បាប់ជាប់រវល់កំដរក្មួយឈឺ។ 

នៅយប់សម្រាកនៅស្ទឹងមានជ័យបានជួបជាមួយបងស្រីម្នាក់និងអ្នកជួលបន្ទប់នៅជិតបន្ទប់មិនស្គាល់ឈ្មោះ។អ្នករត់PassApp មិនស្គាល់ឈ្មោះអ្នកបើកបរ, អ្នករួមដំណើរតាមរថយន្តឈ្នួលពីភ្នំពេញមកកំពង់ចាម, មកដល់ផ្ទះជួបជាមួយក្រុមគ្រួសាររួមមានឪពុក, ម្តាយ, បងថ្លៃប្រុស, បងស្រី, ប្អូនប្រុស, ក្មួយស្រី២នាក់, ក្មួយប្រុស, អ្នកផ្ញើម៉ូតូនៅផ្សារព្រៃទទឹងនិងអ្នកលក់ត្រីនិងម្ហូបនៅផ្សារព្រៃទទឹង។ 

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍រដ្ឋបាលខេត្តកំពង់ចាមបានបន្តធ្វើការស្រាវជ្រាវនិងនាំយកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់និងអ្នកមានហានិភ័យខ្ពស់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្តដើម្បីបន្តតាមដានសុខភាពនិងយកសំណាកពិនិត្យ។រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធនឹងបុរសខាងលើតាមពេលវេលានិងទីកន្លែងដែលបានបញ្ជាក់ជូនខាងលើឲ្យទៅពិនិត្យសុខភាពនិងយកសំណាកមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះនិងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។ 

ជាមួយគ្នានោះអាជ្ញាធរខេត្តកំពង់ចាមបានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនិងអនុវត្តឲ្យបានខ្ជាប់ខ្លួនតាមការណែនាំរបស់មន្ត្រីសុខាភិបាលនិងអាជ្ញាធរមូលដ្ឋាន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner