គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង១៥តោនហើយត្រូវបានស្រង់ចេញពីក្នុងនាវាចម្បាំងលិចក្នុងទន្លេមេគង្គក្នុងខេត្តកំពង់ចាម

យោងតាមទំព័រហ្វេសប៊ុករបស់សម្ដេចក្រឡាហោមសខេងនៅថ្ងៃទី៨មីនាឆ្នាំ២០២១បានឲ្យដឹងថាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំនិងតាមដានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រតិបត្តិការរបស់ក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេស្ថិតនៅភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាម។ 

របាយការណ៍បានឲ្យដឹងថាចាប់តាំងពីខែតុលាឆ្នាំ២០២០រហូតមកដល់ខែមីនាឆ្នាំ២០២១នេះក្រុមការងារបានបើកប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចក្នុងទន្លេមេគង្គស្ថិតក្នុងភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមបានចំនួន១ម៉ឺន៥ពាន់២៨២គីឡូក្រាមរួមទាំងឆ្អឹងសពមនុស្សនិងសម្ភារសឹកមួយចំនួនទៀត។ 

ដោយឡែកនៅក្នុងសប្ដាហ៍ទី១នៃខែមីនាឆ្នាំ២០២១នេះក្រុមការងារប្រតិបត្តិការបានបន្តបេសកកម្មមុជទឹកចុះស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាបន្តបន្ទាប់ទៀតក្នុងនោះរួមមានគ្រាប់ប្រភេទ១២,៧មីលីម៉ែត្រចំនួន១ម៉ឺន៩ពាន់៨៧គ្រាប់, គ្រាប់៦០មីលីម៉ែត្រចំនួន៨៧គ្រាប់, គ្រាប់៨១មីលីម៉ែត្រចំនួន៦១គ្រាប់, ឆ្អឹងសពមនុស្ស១៦បំណែក, អាវុធAK៤៧ចំនួន៨ដើមនិងសម្ភារៈសឹកមួយចំនួន។ 

សូមជាម្រាបថាកាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២០សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីបានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេស្ថិតនៅភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមដោយមាននាយឧត្តមសេនីយ៍នាងផាតរដ្ឋលេខាប្រចាំការក្រសួងការពារជាតិជាប្រធានអមដោយអគ្គស្នងការនគរបាលជាតិនិងអគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាពនិងបោសសំអាតមីននិងគ្រប់មិនទាន់ផ្ទុះជាអនុប្រធាន។

ក្នុងកិច្ចប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងលិចនោះរាជរដ្ឋាភិបាលបានកំណត់ឱ្យក្រុមការងារអន្តរក្រសួងធ្វើសេចក្តីរាយការណ៍និងស្នើសុំយោបល់ដឹកនាំជាប្រចាំពីសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។សម្ដេចក្រឡាហោមបានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់និងអញ្ជើញទៅពិនិត្យទីតាំងប្រតិបត្តិការនិងជួបសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំនិងក្រុមការងារប្រតិបត្តិការកាលពីថ្ងៃទី១២កម្ភៈកន្លងទៅ។ 

ប្រតិបត្តិការស្វែងរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេស្ថិតនៅភូមិវាលឃុំមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាមត្រូវបានកំណត់លើទីតាំងទំហំ១ម៉ឺន៥ពាន់ម៉ែត្រកាក្រឡាឬស្មើនឹង១៥០ហិកតា។ប្រតិបត្តិការនោះបានចាប់ផ្ដើមពីខែតុលាឆ្នាំ២០២០ហើយគ្រោងបញ្ចប់នៅខែឧសភាពោលគឺមុនការមកដល់នូវរដូវវស្សា។យ៉ាងណាក៏ដោយសម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថាប្រតិបត្តិការមិនអាចធ្វើដោយប្រញាប់ប្រញាល់ពេកនោះឡើយពោលគឺត្រូវគិតលើសុវត្ថិភាពក្រុមការងារជាអាទិភាពបំផុត។ជាការកត់សម្គាល់កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២១សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានសម្រេចបន្ថែមសមាសភាពសមាជិកក្រុមការងារមួយចំនួនទៀត។ 

តាមរយៈសេចក្ដីសម្រេចចុងក្រោយនោះកិច្ចប្រតិបត្តិការក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនឹងត្រូវបន្តអនុវត្តនៅភូមិសាស្រ្តមួយចំនួនទៀតរួមមានស្រុកល្វាឯមនិងស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលនិងស្រុកពាមជរស្រុកពាមរក៍ខេត្តព្រៃវែង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner