ហេតុផល4ចំណុចដែលបច្ចេកវិទ្យានឹងផ្តល់ផលល្អដល់កុមារនៅថ្ងៃអនាគត

អត្ថបទដោយ៖
ស៊ុន លី

បច្ចេកវិទ្យា៖ អនាគតគ្រប់វិស័យទាំងអស់នៅក្នុងពិភពលោកមិនអាចកាត់ផ្តាច់ចេញពីបច្ចេវិទ្យាបានឡើយ ខណៈមនុស្សកំពុងត្រូវការបច្ចេកវិទ្យាកាន់តែយ៉ាងខ្លាំងដើម្បីបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ យ៉ាងណាក៏ដោយបច្ចេកវិទ្យាកំពុងដើរទៅមុខជានិច្ច ហើយមានមនុស្សមិនច្រើនទេដែលដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យា។ វានឹងផ្តល់ប្រយោជន៍កាន់តែខ្លាំងថែមទៀ​​ត​សម្រាប់កុមារជាមនុស្សជំនាន់ក្រោយ ស្របតាមចរន្តរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ខាងក្រោមនេះ ជាហេតុផលបួនចំណុចដែលបច្ចេកវិទ្យានឹងជួយឱ្យមនុស្សជំនាន់ក្រោយត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគតរបស់ពួកគេ។

1. បច្ចេកវិទ្យាព័ត៌មានឌីចីថលជួយដល់ការសិក្សា និងបង្កើនការចង់ចាំរបស់កុមារ ៖ បច្ចេកវិទ្យាព័ត៌មានឌីជីថលអាចជួយឱ្យកុមារតូចអាយុ 4 ឬ 5 ឆ្នាំបង្កើនសមត្ថភាពសិក្សាអក្សរ លេខ និងអក្ខរកម្មព័ត៌មានបានយ៉ាងល្អប្រសើរ។ វាជួយជំរុញសមត្ថភាពកត់ចំណាំតួអក្សរ សំឡេង និងខ្លឹមសារព័ត៌មានរបស់កុមារឱ្យកាន់តែលឿនរហ័ស។

2. បង្កើនការយកចិត្តទុកដាក់និងសមត្ថភាពធ្វើការងាររបស់កុមារច្រើន ៖ ការសិក្សាស្រាវជ្រាវដោយសាកលវិទ្យាល័យ Rochester បានរកឃើញថា កម្មវិធីទូរស័ព្ទ ឬហ្គេមមួយចំនួនអាចជួយដល់កុមារក្នុងរៀបចំកិច្ចការងាររបស់ពួកគេឱ្យបានកាន់ច្រើននិងល្អប្រសើរក្នុងពេលតែមួយ។ កុមារយល់ច្បាស់ពីបច្ចេកវិទ្យា ប្រើប្រាស់ក្នុងគោលបំណងត្រឹមត្រូវ នឹងជួយឱ្យពួកគេទទួ​ល​បានអត្ថប្រយោជន៍កាន់តែច្រើន។  

3. បង្កើនទំនុកចិត្តនិងវិន័យផ្ទាល់ខ្លួន ៖ កុមារជាច្រើនតែងតែភ័យខ្លាច អៀនប្រៀន និងបដិសេធកំហុសនៅពេលពួកគេធ្វើអ្វីមួយ ឬមានបំណងអ្វីមួយ។ ប៉ុន្តែតាមរយៈបច្ចេកវិទ្យាទំនើបអាចបង្រៀនឱ្យកុមារ បង្កើនទុកចិត្តដល់ខ្លួនឯង ដោយសារអ្វីៗដែលកុមារបានឃើញលើបច្ចេកវិទ្យានឹងក្លាយជាបទពិសោធន៍ដល់ពួកគេ។ លើសពីនេះពួកគេអាចកំណត់ពេលវេលាជាក់លាក់សម្រាប់ខ្លួនឯង។

4. ជំរុញឱ្យកុមារចេះធ្វើការងារជាក្រុម៖ កម្មវិធីទូរស័ព្ទដៃ កម្មវិធីកុំព្យូទ័រនានា និងហ្គេមវីដេអូមួយចំនួន អាចជំរុញទឹកចិត្តកុមារឱ្យធ្វើការរួមគ្នា សាមគ្គីគ្នាជាមួយអ្នកដទៃ​ ដើម្បីសម្រេច គោល​ដៅរួម។ 

ទោះយ៉ាងណាក្តីម្តាយឪពុកត្រូវដឹងថា បច្ចេកវិទ្យាអាចក្លាយទៅជាអាវុធមុខពីរសម្រាប់កុមារ ប្រសិនបើឪពុកម្តាយមិនបានគ្រប់គ្រងពេលវេលានិងការប្រើប្រាស់បច្ចេកវិទ្យារបស់កូនច្បា​ស់​លាស់​។ ឪពុកម្តាយត្រូវគាំទ្រ និងរៀបចំកាលវិភាគសិក្សាឱ្យកូន ដោយហេតុផលថាកុមារនឹងមិនអាចគ្រប់គ្រងបញ្ហានេះបានដោយខ្លួនឯងនោះឡើយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner