សម្ដេចប្រធានរដ្ឋសភាអំពាវនាវឲ្យជនរួមជាតិចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា គ្រាដែលការឆ្លងក្នុងសហគមន៍នៅតែបន្តកើនឡើង

អត្ថបទដោយ៖
ធី ដា

តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី១០មីនាឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានសរសេរថា ក្នុងនាមជាតំណាងរាស្រ្ត និងជាប្រធានស្ថាប័ននីតិប្បញ្ញត្តិមួយ សម្ដេចមានការព្រួយបារម្ភជាខ្លាំងចំពោះសុខុមាលភាពប្រជាពលរដ្ឋ ខណៈដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតក្នុងសហគមន៍នាពេលនេះ។

សម្ដេចបានតាមដានពីការវិវឌ្ឍនៃស្ថានការណ៍ជំងឺនោះដោយយកចិត្តទុកដាក់បំផុត ហើយបានសង្កេតឃើញថា បើទោះបីចំនួនអ្នកវិជ្ជមានដែលរកឃើញស្ថិតនៅក្នុងអត្រាខ្ពស់ក៏ដោយ តែសម្ដេចវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងនិងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងសុខាភិបាល អាជ្ញាធរដែនដី ដែលបានដាក់ចេញវិធានការទាន់ពេលវេលា ក្នុងការគ្រប់គ្រងនិងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាដោយមិនគិតថ្ងៃយប់នោះឡើយ។

សម្ដេចប្រធានរដ្ឋសភាបានបន្តថា រដ្ឋសភាទើបតែបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីថ្ងៃទី៥មីនា កន្លងទៅនេះ ហើយសង្ឃឹមថា សេចក្តីព្រាងច្បាប់នេះត្រូវឆ្លងព្រឹទ្ធសភាក្នុងពេលឆាប់ៗនេះ ដើម្បីរាជរដ្ឋាភិបាលយកទៅអនុវត្តជាឯកសារគតិយុត្តនៅក្នុងការឆ្លើយតប ទប់ស្កាត់ការពារសុខុមាលភាពប្រជាពលរដ្ឋកាន់តែមានលក្ខណៈធំទូលំទូលាយ គ្រប់ជ្រុងជ្រោយថែមទៀត។

សម្ដេចអគ្គមហាពញាចក្រីហេង សំរិន បានចាត់ទុកសេចក្តីព្រាងច្បាប់នោះ នឹងផ្តល់លទ្ធភាព បង្កើតបានជាមូលដ្ឋានមួយដ៏សំខាន់ ដើម្បីបង្កើនភាពជាម្ចាស់ការ ត្រៀមលក្ខណៈទុកជាមុន ក្នុងការប្រយុទ្ធទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវការឆ្លងរាលដាលនៃជំងឺផ្សេងផ្សេងៗទៀត មិនថាតែកូវីដ-១៩ នោះទេ។ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យគោរព និងប្រកាន់ឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់នូវរាល់វិធាន ដែលក្រសួងសុខាភិបាលបានដាក់ចេញ។

ការការពារនិងទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ គឺត្រូវការជាចាំបាច់នូវការចូលរួមរបស់យើងគ្រប់ៗគ្នា។ ពេលនេះជាពេលដ៏សំខាន់ណាស់ ដែលយើងត្រូវការពារខ្លួនយើង គ្រួសារនិងសហគមន៍យើងកុំឱ្យឆ្លងកូវីដ-១៩៕គឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner