មេបញ្ជាការកងទ័ពជើងគោក បញ្ជាឲ្យបញ្ចេញរថយន្តកងទ័ព២០០គ្រឿង សម្រាប់ដឹកពលករខ្មែរពីព្រំដែនកម្ពុជា-ថៃទៅកាន់មណ្ឌលចត្តាឡីស័កនៅតាមស្រុកកំណើត

អត្ថបទដោយ៖
ធី ដា

យោងតាមទំព័រហ្វេសប៊ុករបស់កងទ័ពជើងគោកនៅថ្ងៃទី១០មីនាឆ្នាំ២០២១ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាឲ្យចេញរថយន្តរបស់កងទ័ពចំនួន២០០ គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។

ការចេញបញ្ជានោះ បានធ្វើឡើង បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការធ្វើ ចត្តាឡីស័ក នៅតាមបណ្តោយព្រំដែន សម្រាប់ពលករដែលមានសភាពធម្មតា លើកលែងតែពលករដែលមានអាការៈខុសប្រក្រតី។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារស្ថានភាពប្រជាពលរដ្ឋ ពេលនេះ បានសំរុកចាកចេញពីប្រទេសថៃកាន់តែច្រើន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន បានតម្រូវឲ្យកងទ័ពជួយដឹកពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទៅកាន់គោលដៅ នៅតាមរាជធានី ខេត្ត ដើម្បីធ្វើចត្តាឡីស័កនៅខាងក្រោយ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជាជំហានដំបូងកងទ័ពជើងគោក ត្រូវប្រើរថយន្តចំនួន២០០គ្រឿង ក្នុងនោះកងពលលេខ៩០ ចំនួន១១០ គ្រឿង និងកងពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន៩០គ្រឿង។ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានបញ្ជាក់ថា កងពលធំ និងយោធភូមិភាគនៅតាមព្រំដែន ដែលមានយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ត្រូវត្រៀមលក្ខណៈជាមុនក្នុងការបញ្ចេញរថយន្ត ក្នុងករណីដែលប្រើប្រាស់អស់លទ្ធភាព រថយន្តរបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដាក់បញ្ជាឲ្យមេបញ្ជាការកងពលធំលេខ២ លេខ៣ និងយោធភូមិ ភាគទី៣ ទី៤ រាយការណ៍ពីប្រភេទរថយន្ត ដែលអាចដឹកជញ្ជូនបាន ហើយត្រូវយករថយន្តដែលមានខ្យល់ចេញចូលបាន ចៀសវាងរថយន្តបិទជិត ដែលអាចបង្កហានិភ័យ ប្រសិនបើនៅលើរថយន្តនោះមានអ្នកណាម្នាក់វិជ្ជមាន៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner